MOU រវាង ITC និង MIREA

 

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រារព្វធ្វើពិធីចុះ   អនុស្សារណៈយោគយល់គ្នា រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និងសាកលវិទ្យាល័យ Moscow State University of Information Technologies, Radiologies, Radioengineering and Electronics ឫហៅកាត់ថា MIREA។ ការចុះកិច្ចព្រមព្រៀងនេះគឺក្រោមការផ្តួចផ្តើមដោយ ឯកឧត្តម ហ៊ុន ម៉ានី សមាជិក    រដ្ឋសភាកម្ពុជា និងជាប្រធានសហព័ន្ធយុវជនកម្ពុជា ដែលបានដឹកនាំប្រតិភូអញ្ជើញទៅធ្វើទស្សនកិច្ចនៅសហព័ន្ធរុស្សីកាលពីឆ្នាំ២០១៥ កន្លងទៅ។ ក្រោយពេលធ្វើការទស្សនកិច្ចសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានាក្នុងប្រទេសរុស្សី និងឆ្លងតាមការពិភ្សាដើម្បីរិតចំណងសាមគ្គីភាពរវាងប្រទេសកម្ពុជា និងសហព័ន្ធរុស្សី ភាគីទំាងពីរបានផ្តល់ជាគំនិតក្នុងការផ្សារភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈនៃការអភិវឌ្ឍន៍ ធនធាន   មនុស្ស។ ដោយសារសាលាតិចណូធ្លាប់ជាគ្រឹះស្ថានឧត្តមសិក្សាជាតិដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ ជាមួយអតីតសហភាពសូវៀត តាំងពីឆ្នាំ១៩៦៤ រួមទំាងសំណង់អគារសិក្សាដ៏ធំស្គឹមស្គៃ ហេតុនេះការតភ្ជាប់ទំនាក់ទំនងវាជាឪកាសដែលញំាងឲ្យគ្រឹះស្ថានឧត្តមសិក្សាទំាងពីរមានលទ្ធភាពធ្វើការពង្រីកសមត្ថភាព និងឧត្តមភាពក្នុងការបណ្តុះបណ្តាលការផ្លាស់ប្តូរធនធានមនុស្ស ការពង្រីការងារស្រាវជ្រាវវិទ្យាសាស្រ្ត និងការងារបង្រៀនជាដើម។ នៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងនេះក៏បានលើកឡើងពី៖

-ការផ្លាស់ប្តូរទស្សនកិច្ចរវាងគ្រូបង្រៀន និងនិស្សិតនៃគ្រឹះស្ថានទំាងពីរ 

-ធ្វើសហការក្នុងកិច្ចស្រាវជ្រាវវិទ្យាសាស្រ្តការបោះពុម្ពអត្ថបទវិទ្យាសាស្រ្ត

-សហការក្នុងការរៀបចំសិក្ខាសាលា សន្និសិទវិទ្យាសាស្រ្ត និងការងារដែលទាក់ទងនិងឧស្សាហកម្ម

-អភិវឌ្ឍន៍ការបណ្តុះបណ្តាល និងផ្តល់សញ្ញាបត្រសិក្សារួមគ្នា (Development of Double Degree Programs)

កិច្ចព្រមព្រៀងនឹងនាំមកនូវការអភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់គាំទ្រទៅនឹងគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបក្នុងការពង្រីងសេដ្ឋកិច្ចកម្ពុជា និងជាពិសេសគឺចូលរួមកំណែទម្រង់គុណភាពនៅ ឧត្តមសិក្សា។

ពិធីនេះបានចប់សព្វគ្រប់ក្រោយពីការផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ ការធ្វើទស្សនកិច្ចស្វែងយល់នៅតាមមន្ទីរពិសោធន៍នានាក្នុងវិទ្យាស្ថាន ជាមួយនិងការពិសាបាយសាមគ្គីរួមគ្នា។ 

រាជធានីភ្នំពេញ, ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦

ទីចាត់ការវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

 

Link to Facebook