ក្រុមស្រាវជ្រាវថ្មីមួយត្រូវបានបង្កើត

(វបក-ភ្នំពេញ)៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លោក សែក បែលលីនី អនុព័ន្ធតំណាងស្ថានទូតបារាំងនៅកម្ពុជា ទទួលបន្ទុកសហប្រតិបត្តិការផ្នែកភាសា បានអញ្ជើញជាអធិបតី ក្នុងការដាក់អោយដំណើរការ ក្រុមអ្នកសិក្សាស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យា ក្នុងវិស័យថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ ត្រូវបានបង្កើតជាផ្លូវការ។ ក្រុមការងារនេះ ជាធាតុចាប់ផ្តើមមួយនៃទស្សនវិស័យរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការបង្កើតជាមជ្ឈមណ្ឌលជាតិស្រាវជ្រាវថាមពលនៅ    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ឯកឧត្តម អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ប៉ាស្កាល់ មូស៊ីយ៉ុង សាស្រ្តាចារ្យមកពីសាលកវិទ្យាល័យ INP Toulouse លោកនាយករង លោកទីប្រឹក្សាទីចាត់ការនាយក លោកប្រធានដេប៉ាតឺម៉ង់ លោកសាស្រ្តាចារ្យ និងកម្មសិក្សាការីបារាំងជាច្រើនរូប ក៏មានវត្តមាននាឪកាសនោះដែរ។

 

ក្រុមសិក្សាស្រាវជ្រាវនេះ ជាលទ្ធផលនៃការកិច្ចសហប្រតិបត្តិការស្រាវជ្រាវយូរអង្វែង និងប្រកបដោយសមិទ្ធិផល រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាទូលូ (Toulouse) នៃសាធារណរដ្ឋបារាំង ក្រោមជំនួយឧបត្ថមពីដៃគូរអភិវឌ្ឍន៍ផ្សេងៗ ដូចជា ស្ថានទូតបារាំង បណ្តាញប្រទេសនិយាយភាសាបារាំង សហគមអឺរ៉ុប JICA ធនាគារពិភពលោក ។ល។ កិច្ចសហការស្រាវជ្រាវរវាងស្ថាប័នទាំងពីរនេះ ផ្តោតសំខាន់ទៅលើការផលិតថាមពលអគ្គិសនី ពីប្រភពថាមពលកកើតឡើងវិញ សម្រាប់តំបន់ដាច់ស្រយាល។ ក្នុងពេលបច្ចុប្បន្ន និស្សិតបេក្ខភាពបណ្ឌិតពីររូប និងនិស្សិតកម្មសិក្សាការីជាច្រើនរូប កំពុងធ្វើការសិក្សាស្រាវជ្រាវ នៅក្នុងក្រុមនេះ ដោយស្ថិតនៅក្រោមការណែនាំរបស់សាស្ត្រាចារ្យទាំងពីរសកលវិទ្យាល័យ។ ជាលទ្ធផល ស្នាដៃចំនួន ១០ ត្រូវបានបោះពម្ភផ្សាយ នៅក្នុងសិក្ខាសាលា និងទស្សនាវត្តីវិទ្យាសាស្ត្រអន្តរជាតិ។ ធនធានសម្ភារៈ និងបុគ្គលិកស្រាវជ្រាវ ដែលមានក្នុងពេលបច្ចុប្បន្ន នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការទទួលបានគម្រោងផ្សេងៗទៀត នាពេលអនាគត ដោយសហការជាមួយម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល សហគមមូលដ្ឋាន និងក្រុមហ៊ុនឯកជននានា។

 

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

Link to Facebook