សេចក្តីប្រកាសពត៌មាន

 

(វបក-ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ភាគីរុសី្ស ដឹកនាំដោយ   លោក DROZDOV Nikolay Sergeevich ប្រធានសាជីវកម្មថាមពលបរមាណូរដ្ឋ “រ៉ូហ្សាតូម” នៃសហព័ន្ធរុស្ស៊ី អមដំណើរដោយ ឯកឧត្តម ទិន ពន្លក        ឯកឧត្តម សុខ គាង លោក ជា ច័ន្ឌន៍ធូ និងក្រុមការងារ ក្រសួងបរិស្ថានមួយចំនួនទៀត ដើមី្បបង្កើត “មជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ” ។
គួររំលឹកថាជាអាទិភាពដំបូង ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា មានបំណងធ្វើសហប្រតិបត្តិការជាមួយ រ៉ូហ្សាតូម ដើម្បីបង្កើតមជ្ឈមណ្ឌលនេះ ដែលយើងសង្ឃឹមថា នឹងជួយពង្រីកចំណាប់អារម្មណ៍របស់យុវជនយើងលើផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ជាពិសេសលើមុខវិជ្ជារូបវិទ្យានុយក្លេអ៊ែរ និងបច្ចេកវិទ្យានុយក្លេអ៊ែរ។ ទន្ទឹមនឹងនេះ យើងគ្រោងពិភាក្សាបន្ថែមផងដែរអំពីការស្រាវជ្រាវ និងការបណ្តុះបណ្តាល រួមគ្នាក្នុងវិស័យថាមពល នុយក្លេអ៊ែរ និងកសាងសមត្ថភាពរបស់យើងលើមុខវិជ្ជា រូបវិទ្យានុយក្លេអ៊ែរ សុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្ម ការឆ្លើយតបបន្ទាន់ ការគ្រប់គ្រងសំណល់វិទ្យុសកម្ម និងការវាយតម្លៃផលប៉ះពាល់វិទ្យុសកម្ម។
នេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឱ្យបាន នៅត្រឹមឆ្នាំ ២០៣០ និងក្នុងការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់យើងសម្រាប់ឆ្នាំ ២០១៥-២០២៥ រាជរដ្ឋា ភិបាលកម្ពុជាកំពុងចាប់ផ្តើមពិនិត្យលើជម្រើសនានា ដើម្បីធ្វើទំនើបកម្ម សេដ្ឋកិច្ចជាតិ សំដៅឈានឆ្ពោះទៅរកសេដ្ឋកិច្ច មួយដែលពឹងផ្អែកលើចំណេះដឹង ដោយកាត់បន្ថយ ការពឹង ផ្អែកលើវិស័យធនធានធម្មជាតិ និងលើកកម្ពស់ការ សិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងការបង្កើតថ្មី ជាពិសេស កម្ពុជាចាំបាច់ត្រូវបំពេញតម្រូវការថាមពលនាពេលអនាគត និងសម្រេចឱ្យបានសន្តិសុខថាមពល ដោយបន្ត គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឱ្យមានការ ប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលខិតខំស្វែងរកប្រភព ថាមពលជំនួស ជាពិសេស ថាមពលវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។ យើងក៏បានចាប់ផ្តើម ពិភាក្សាលើលទ្ធភាពក្នុងការទទួលផលប្រយោជន៍ពីថាមពលនុយក្លេអ៊ែរ នៅក្នុងរយៈពេលវែងផងដែរ។ យើងក៏មាន ចំណាប់អារម្មណ៍លើបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់ការប្រើប្រាស់ក្នុងវិស័យសុខាភិបាល ឧស្សាហកម្ម កសិកម្ម និងវិស័យ ដទៃទៀតនៃសេដ្ឋកិច្ចជាតិ។
   
ក្នុងស្មារតីនេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) និងសាជីវកម្មថាមពលបរមាណូរដ្ឋ “រ៉ូហ្សាតូម” នៃសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួនបី រួមមាន អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព អនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-រុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើ ប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព និងអនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈ មណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈអំពីថាមពលនុយក្លេអ៊ែរ ជាពិសេសក្នុងចំណោមយុវជនយើង។
       
ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់ទាំងនេះ និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក.ជ.អ.ច. និងរ៉ូហ្សាតូម បានរៀបចំ “កិច្ចប្រជុំលើកទី១ នៃក្រុមការងាររួមកម្ពុជា-រុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពល បរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព”

យើងគួររំលឹកថាកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច និងឯកឧត្តម ឌ្មីទ្រី ស្វៀតកូវ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំ ព្រះរាជាណាចក្រកម្ពុជាបានចូលរួមជាគណអធិបតីនៅក្នុងពិធីបើកកិច្ចប្រជុំនេះ ហើយនៅក្នុងការពិភាក្សាពេញអង្គមាន តំណាងចូលរួមមកពីរ៉ូហ្សាតូម និងក្រុមការងារ ជាតិកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណង ៖ (១) ពិនិត្យ សេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការ ប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ជាចុងក្រោយក្នុងកម្រិតបច្ចេកទេស (២) ពិភាក្សាលើ បែបបទការងាររបស់ក្រុមការងាររួមកម្ពុជា-រុស្ស៊ី (៣) ពិភាក្សាលើការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើត មជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ និង (៤) ពិភាក្សាអំពីសកម្មភាពអាទិភាព នៅក្រោមអនុស្សរណៈនៃការ យោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។

                                                                                         រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦

Link to Facebook