សិក្ខាសាលាស្ដីពី «ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការពិគ្រោះយោបល់លើការកែលម្អកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹកនិងអនាម័យទីក្រុង» «Sharing Researching Findings and Consultation on the Improvement of the Master Program of Urban Water and Sanitation Engineering»
វបក-ភ្នំពេញ៖ នៅថ្ងៃទី៣១ ឧសភា ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំសិក្ខាសាលា ស្តីអំពី «ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការពិគ្រោះយោបល់លើការកែលម្អកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹក និងអនាម័យទីក្រុង» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ទីក្រុងភ្នំពេញ ក្រោមគណធិបតីភាព របស់ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា និងលោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៃគណៈប្រតិភូអឺរ៉ុបប្រចាំកម្ពុជា (Head of Cooperation of the European Delegation to Cambodia)។ គួរបញ្ជាក់ផងដែរថា សកម្មភាពស្រាវជ្រាវនិងកម្មវិធីសិក្សានេះគឺនៅក្រោមគម្រោង Provincial Water Supply and Sanitation Project (PWSSP) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)។ សិក្ខាសាលានេះមានគោលបំណងចែករំលែកលទ្ធផលស្រាវជ្រាវសំខាន់ៗនិងដំណើរឆ្ពោះទៅមុខនៃគម្រោងស្រាវជ្រាវទាក់ទងលើវិស័យទឹកនិងបរិស្ថាន និងលទ្ធផលសម្រេចបានពីកម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់វិស្វកម្មទឹកនិងអនាម័យទីក្រុងដល់ភាគីពាក់ព័ន្ធ។ បន្ថែមពីនេះទៀត យើងក៏បានពិភាក្សាជាមួយភាគីពាក់ព័ន្ធដែលបានចូលរួម អំពីទិសដៅគោលនយោបាយស្តីពីទឹកក្នុងទីក្រុង និងគំនិតដើម្បីនិរន្តរភាពសម្រាប់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់។
បន្ទាប់ពីថ្លែងស្វាគមន៍ និងបើកកម្មវិធីរបស់គណធិបតី លោកបណ្ឌិត អឿង ចន្ថា នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើបទបង្ហាញពីលទ្ធផលដែលទទួលបានពីការអនុវត្តគម្រោង PWSSP នៅសាលាតិចណូដែលចាប់ផ្តើមគម្រោងតាំងពីឆ្នាំ២០១៨ និងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០២៣នេះ។
នៅក្នុងកម្មវិធីនេះ យើងក៏ទទួលបានធាតុចូលពីការពិភាក្សាផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដោយមានការសហប្រតិបត្តការជិតស្និតជាមួយស្ថាប័នរដ្ឋ និងស្ថាប័នឯកជន។ សិក្ខាសាលានេះ មានការចូលរួមពីសិក្ខាកាមប្រមាណ ៧៤នាក់ ជាតំណាងមកពីស្ថាប័នពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍និងស្ថាប័នឯកជន។
ជាសេចក្តីសន្និដ្ឋាន ការស្រាវជ្រាវនិងកម្មវិធីសិក្សារបស់គំរោងនេះបានចូលរួមជំរុញការកសាងគោលនយោបាយនិងការបណ្តុះបណ្តាលធនធានមនុស្សដល់រដ្ឋាភិបាលលើវិស័យទឹកស្អាតនិងអនាម័យនៅប្រទេសកម្ពុជា។