(ITC-Phnom Penh)៖ ថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងក្រុមហ៊ុន គីរីរម្យ ហ្វូត ប្រូដាក់សិន (Kirirom Food Production Co., Ltd.) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងលោកជំទាវ ឈន ដាលីស អគ្គនាយកក្រុមហ៊ុនគីរីរម្យ ហ្វូត ប្រូដាក់សិន។ គួររំលឹកថាក្រុមហ៊ុននេះគឺជាក្រុមហ៊ុនខែ្មរយើង ត្រូវបានសាងសង់នៅឆ្នាំ២០១៣ នៅក្នុងខេត្តកំពង់ស្ពឺ។ សព្វថ្ងៃនេះក្រុមហ៊ុនបានបង្កើតការងារប្រមាណ១០០០កន្លែង និងផលិតដំណាប់ស្វាយប្រមាណ១០០តោនក្នុង១ថ្ងៃ ទៅកាន់ប្រទេស អង់គ្លេស សហភាពអឺរ៉ុប ជប៉ុន ចិន និង ហ្វីលីពីន។ អតីតនិសិ្សតិចណូមួយចំនួនធំក៏ត្រូវបានស្រូបដោយក្រុមហ៊ុននេះដែរ។ បញ្ហារបស់ក្រុមហ៊ុន គឺជាឱកាសសម្រាប់សាលានិងអ្នកស្រាវជ្រាវ។ ឯកឧត្តមនាយកបានកោតសរសើរនិងអរគុណចំពោះក្រុមហ៊ុនដែលបានទទួលយកធនធានមនុស្សផលិតដោយសាលាតិចណូ។ ឯកឧត្តមក៏បានស្នើរឱ្យអ្នកស្រាវជ្រាវរបស់សាលាតិចណូចូលរួមដោះស្រាយបញ្ហារបស់ក្រុមហ៊ុនដូចជា៖ បំលែងគ្រាប់ស្វាយទៅជាធ្យូង, បំលែងទឹកកខ្វក់ទៅជាទឹកស្អាត, បំលែងសំបកស្វាយចិតចោលឱ្យទៅជាជីកសិកម្មនិងចំណីសត្វ ។ល។ លោកជំទាវក្រុមហ៊ុនសម្តែងនូវការសប្បាយរីករាយនិងសូមអរគុណដល់ឯកឧត្តមនាយកចំពោះការបើកឱកាសឱ្យក្រុមហ៊ុនមកទទួលយកនូវការចែករំលែកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីពីសាលា ដើមី្បសម្រេចឱ្យបាននូវគោលគំនិត “Zero Waste” សម្រាប់រោងចក្ររបស់ខ្មែរយើង ហើយថ្នាក់ដឹកនាំទាំងពីរមានសុទិត្ថិនិយមថា “ខ្មែរអាចធ្វើបាន”។