(ITC-Phnom Penh): នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានអញ្ជើញទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងតំណាងមកពីបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រឧស្សាហកម្ម សរុបចំនួន៤០នាក់ ដើមី្បពិភាក្សាលើប្រធានបទ៣សំខាន់ៗ៖
- ការកែសម្រួលកម្មវិធីសិក្សាឲ្យត្រូវជាមួយនឹងតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស និងរោងចក្រឧស្សាហកម្ម លើជំនាញបច្ចេកទេស និងជំនាញទន់ និងស្វែងយល់បន្ថែមពីបច្ចេកវិទ្យាបច្ចុប្បន្ន និងនិន្នាការនាពេលអនាគតដែលជាតម្រូវការរបស់ក្រុមហ៊ុន។
- ការផ្លាស់ប្តូរបុគ្គលិករវាងសាលាតិចណូនិងក្រុមហ៊ុន៖ ស្វែងយល់ពីឱកាសទទួលបានមូលនិធិដើម្បីរៀបចំការបណ្តុះបណ្តាលវគ្គសិក្សាខ្លីដល់បុគ្គលិករបស់ក្រុមហ៊ុន (ឧ. ដោយប្រើមូលនិធិ SDF ឬប្រភពផ្សេងៗទៀត) និងការផ្តល់ឱកាសបណ្ដុះបណ្ដាលរយៈពេលខ្លីដល់បុគ្គលិកសាលាតិចណូនៅក្នុងក្រុមហ៊ុន។
- ការស្រាវជ្រាវសម្រាប់សក្តានុពលនៃការវិនិយោគរួមគ្នា៖ ស្វែងយល់ពីគម្រោងស្រាវជ្រាវជាមួយលទ្ធភាពនៃការបង្កើតក្រុមហ៊ុនរួមគ្នាជាមួយដៃគូឧស្សាហកម្ម។
ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានជម្រាបជូនភ្ញៀវពីវឌ្ឍនភាពនៃសាលាតិចណូ និងភាពមិនអាចខ្វះបានរវាងសាលាតិចណូនិងវិស័យឯកជន។ បន្ទាប់មកយើងមានការធ្វើបទបង្ហាញខ្លីៗស្តីអំពីសកម្មភាពដែល សាលាតិចណូបានធ្វើការសហការជាមួយនឹងក្រុមហ៊ុន ព័ត៌មានអំពីសេវាកម្ម ការបណ្តុះបណ្តាល និងការស្រាវជ្រាវនៅសាលាតិចណូ។
ដើមី្បប្រមូលធាតុចូលឱ្យកាន់តែលំអិត យើងក៏បានរៀបចំក្រុមពិភាក្សា លើប្រធានបទទាំង៣ខាងលើតាមជំនាញ៖
• ក្រុម A៖ សំណង់ ការធ្វើតេស្ត និងសម្ភារៈ
• ក្រុម B៖ ការផលិត
• ក្រុម C៖ អេឡិចត្រូនិច និងអគ្គិសនី
ធាតុចូលដែលទទួលបានពីក្រុមហ៊ុនទាំងនេះ នឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍សម្រាប់សម្រួចការបណ្តុះបណ្តាលនិងការស្រាវជ្រាវនៅសាលាតិចណូឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។