(ITC-Phnom Penh)៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រឹងនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងទី១នៃវ.ប.ក.ភ្នំពេញ មានជំនួបរវាងថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS), និង ប្រតិភូអញ្ចើញមកពីស្ថានទូតនៃសាធារណរដ្ឋឆេក ដឹកនាំដោយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា។
ថ្នាក់ដឹកនាំនៃគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)និងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS)។
កិច្ចពិភាក្សារវាងគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ជាមួយនឹងប្រតិភូអញ្ជើញមកពីស្ថានទូតនៃសាធារណៈរដ្ឋឆេកនេះ ផ្តោតជាសំខាន់លើគម្រោងរួមគ្នាក្នុងកិច្ចសហការបន្តបម្រើឱ្យការអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលជំនាញសិក្សាទាក់ទងនឹងវិស្វកម្មជីវៈវេជ្ជសាស្រ្ត (Biomedical engineering) ក្នុងការបណ្តុះបណ្តាលដល់និស្សិតកម្ពុជាជំនាន់ទី២។
ថ្នាក់ដឹកនាំនៃគ្រឹះស្ថានឧត្តមសិក្សាទាំងពីរបានបញ្ជាក់រួមគ្នាថាធនធានមនុស្សក្នុងជំនាញនេះពិតជាសំខាន់សម្រាប់តម្រូវការក្នុងមន្ទីរពេទ្យកម្ពុជា។ ជាក់ស្តែងយើងមានតែ៥នាក់ប៉ុណ្ណោះ តែសម្រាប់ជំនាន់ទី២ យើងមាននិសិ្សតរហូតដល់២៨នាក់។
និសិ្សតទាំង៥នាក់ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ កម្រិតបញ្ញាបត្ររងផ្នែកវិស្វកម្មជីវៈវេជ្ជសាស្រ្ត (Associate degree of Biomedical Engineering) បានទទួលការងារធ្វើទាំងអស់គ្នា។
គោលបំណងនាពេលអនាគត ភាគីឆែកនិងកម្ពុជាមានគោលដៅបណ្តុះបណ្តាលរហូតដល់កម្រិត បញ្ញាបត្រ (Bachelor of Bio-Medical Engineering) និងបញ្ញាបត្រជាន់ខ្ពស់ (Master of Bio-Medical Engineering ។