(ITC-Phnom Penh): នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ តាមតាមស្នើសុំនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងឱកាសខួបលើកទី ៣០ នៃទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជានិយាយជារួម និងជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និយាយដោយឡែក ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានផ្តល់កិច្ចសម្ភាសន៍ជាមួយដ៏សំខាន់។
នាឱកាសនោះបន្ទាប់ពីការបរិយាយពីការសិក្សាផ្ទាល់ខ្លួន ឯកឧត្តមសាស្រ្តាចារ្យបានជម្រាបជូនតំណាងJICA ថាសហប្រតិបត្តិការជាមួយប្រទេសជប៉ុនពិតជាមានសារៈសំខាន់ណាស់សម្រាប់សាលាតិចណូ។ ចាប់តាំងពីឆ្នាំ២០០២មកដល់បច្ចុប្បន្ន តាមរយៈទំនាក់ទំនងនេះ ធនធានមនុស្សនៃសាលាតិចណូសរុបជាង៣០០នាក់ ក្រោមគម្រោងអាហារូបករណ៍ AUN/SEED-Net ត្រូវបានបណ្តុះបណ្តាលនៅប្រទេសជប៉ុននិងនៅសាកលវិទ្យាល័យដៃគូមួយចំនួនទៀតរបស់ជប៉ុន។ សាស្រ្តាចារ្យនិងអ្នកស្រាវជា្រវនៃសាលាតិចណូជាង៧០នាក់ គឺជាធនធានមនុស្សដែលបានទទួលអាហារូបករណ៍ (AUN/SEED-Net scholarships) ។ ឯកឧត្តមសាស្រ្តាចារ្យបានមានប្រសាសន៍ថា៖ “ខ្ញុំគឺជានិសិ្សតទី១ដែលបានទទួលអាហារូបករណ៍ AUN/SEED-Net ទៅរៀននៅសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ កាលពីឆ្នាំ២០០២ និងបានបន្តថ្នាក់បណ្ឌិតនៅឆ្នាំ២០០៦ នៅ Tokyo Institute of Technology ប្រទេសជប៉ុន”។
ប្រទេសជប៉ុនក៏បានផ្តល់អគារមួយខ្នងដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត របស់សាលាតិចណូបច្ចុប្បន្ន។ លើសពីនេះ តាមរយៈJICA សម្ភារជាច្រើនសម្រាប់ទីពិសោធន៍សំខាន់ៗ បានផ្តល់ឱ្យសាលាតិចណូ និងថែមទាំងបានចូលរួមស្រាវជ្រាវរួមគ្នាក្នុងគម្រោង៖ Satreps។ គម្រោងទី១៖ (២០១៦-២០២១) ផ្តោតលើការអភិរក្សបរិស្ថានបឹងទន្លេសាប និង គម្រោងទី២ (២០២២-២០២៧) ការគ្រប់គ្រងហានិភ័យនៃការបំពុលខ្យល់នៅកម្ពុជា។
គម្រោងមួយទៀតដែលសំខាន់ដែរនោះគឺ គម្រោងពង្រឹងការអប់រំផ្នែកវិស្វកម្ម និងការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា (LBE) បាននឹងកំពុងលើកកម្ពស់ នៅសាលាតិចណូចាប់តាំងពីឆ្នាំ២០១៩។ LBE នេះនឹងពង្រឹងសមត្ថភាពស្រាវជ្រាវនៅកម្រិតសាកលវិទ្យាល័យ ដើម្បីពង្រឹងទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្មនៅកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យបានអរគុណដល់ប្រទេសជប៉ុន និងបានសុំឱ្យបន្តការគាំទ្រ ពិព្រោះគ្រឹះស្ថានមួយនេះពិតជាដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្សផ្នែកវិស្វកម្មនៅកម្ពុជា។