(ITC-Phnom Penh): នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសាស្រ្តាចារ្យដឹកនាំការងាររៀបចំរ៉ូបូត និងប្អូនៗនិសិ្សតទាំងពីរក្រុមរបស់សាលាតិចណូគឺក្រុម០១និង០២ ដែលបានចូលរួមប្រកួតនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នាសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
គួរំលឹកថាក្រុម Robot ITC 02 បានទទួលជាប់ចំណាត់ថ្នាក់លេខ១ តំណាងកម្ពុជាចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅវៀតណាមនាដើមខែសីហាខាងមុខ។ រីឯក្រុមRobot ITC 01 បានទទួលពានរង្វាន់កិត្តិយសផ្នែកវិស្វកម្ម។
ជាការលើកទឹកចិត្ត ឯកឧត្តមនាយកបានមានប្រសាសន៍ថា៖ ជោគជ័យនេះមិនមែនកើតមកដោយចៃដន្យនោះទេ គឺវាបានមកពីការខិតខំប្រឹងប្រែងខ្លាំងណាស់របស់គ្រូដឹកនាំនិងប្អូនៗទាំងអស់គ្នា។ ដូច្នេះឯកឧត្តមសូមចូលរួមអបអរសាទរនិងកោសសើរដល់ជ័យជំនះនេះ។ ឯកឧត្តមបានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា ក៏មានមោទនភាពចំពោះទេពកោសល្យរបស់ប្អូនៗផងដែរ។
ឯកឧត្តមនាយកក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការរួមរួមប្របាច់បញ្ចូលគ្នារវាងនិសិ្សតផ្នែកអគ្គិសនី(GEE) ផ្នែកមេកានិច (GIM) និងកុំព្យូទ័រ (GIC) គឺជាមូលដ្ឋានគ្រឹះនៃជោគជ័យនេះ។
ឯកឧត្តមបានស្នើឱ្យប្អូនខិតខំបន្តទៀតដើមី្បទទួលបានជោគជ័យក្នុងកំរិតអន្តរជាតិ ដែលនឹងរៀបចំនៅប្រទេសវៀតណាម។