(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច វ៉េងស្រ៊ុន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, អនុប្រធានសព័ន្ធសហភាពយុវជនកម្ពុជា ស.ស.យ.ក. និងជាប្រធានសព័ន្ធសហភាពយុវជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ ដើមី្បពិភាក្សាការងារពាក់ព័ន្ធនឹងសម្ភារ នៅក្នុងមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ឯកឧត្តម គួច វ៉េងស្រ៊ុន បានបញ្ជាក់ថាឯកឧត្តមនឹងសម្របសម្រួលរវាងរោងចក្រផលិតសម្ភារពិព័ណ៌វិទ្យាសាស្រ្តនៅប្រទេសចិន និងសាលាតិចណូ ដើមី្បឱ្យសាលាអាចមានទំនាក់ទំនងផ្ទាល់ជាមួយភាគីចិន និងទទួលយកសម្ភារថ្មីៗដែលមានកម្រិតខ្ពស់ជាងសម្ផារដែលយើងកំពុងមានបច្ចុប្បន្ន។
ជាការឆ្លើយតប ឯកឧត្តមនាយក បានថ្លែងអំណរគុណចំពោះឯកឧត្តម សាយ សំអាល់ ដែលតែងតែយកចិត្តទុកដាក់ដល់តួនាទីសំខាន់របស់សាលាតិចណូក្នុងការជួយផលិតធនធានមនុស្សរបស់កម្ពុជាក្នុងវិស័យវិស្វកម្ម។ ឯកឧត្តមនាយក បានឯកភាពនិងបន្តសហការជាមួយស.ស.យ.ក. ដើមី្បតម្រង់ទិសយុវជនខ្មែរឱ្យយល់កាត់តែច្បាស់ពីភាពមិនអាចខ្វះបានផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងសករាជឌីជីថល របស់យើងនាពេលបច្ចុប្បន្ន។
ការពិភាក្សាបានឈានដល់ការសម្រេចចំនុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១) បន្តនិងពង្រឹងសហប្រតិបត្តិការជាមួយ (សាលាតិចណូ-ស.ស.ស.យ.ក.)
២) រកមូលនិធិជួយនិស្សិតដែលមានគំនិតនវានុវត្ត ដើមី្បឱ្យពួកគេអាចមានឱកាសនិងលទ្ធភាព បង្កើតជា ប្រូតូតាយ “prototype” ។ល។
៣) ផ្តល់និសិ្សតពីរនាក់ (ឆ្នាំទី៥ម្នាក់ និងនិសិ្សតPhDម្នាក់) ចូលរួមជាវាគ្មិន ក្នុងកម្មវិធី សិក្ខាសាលាស្តីពី ការជម្រុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ៖ “ការយលដឹងពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (STEM) ក្នុងការជម្រុញសហគ្រិនភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នា២០២២ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហពព័ន្ធយុជនកម្ពុជា។
៤) ញ៉ាំងមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅក្នុងសាលាតិចណូ ជាកន្លែងពិព័ណ៌សម្រាប់អ្នកទស្សនាមកពីគ្រប់មជ្ឈដ្ឋាន។
៥) ពិនិត្យលទ្ធភាពរកសម្ភារសម្រាប់ Cambodia Science and Technology Center ដែលនឹងសាងសង់នៅសាខាតិចណូ ក្បែរវិមានឈ្នះ-ឈ្នះ (ក្រោមគម្រោងADB)។
កិច្ចពិភាក្សាបានបញ្ចប់ជោគជ័យ ដោយភាគីទាំងពីរមានស្មារតីយោគយល់គ្នាខ្ពស់។