អបអរសាទរដល់ក្រុមនិស្សិតនិងគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានទទួលជ័យលាភីលេខ១ក្នុងការប្រកួត MRC River Monitoring Technology Competition លើប្រភេទវិញ្ញាសារការបង្កើតឧបករណ៍វាស់ទឹកភ្លៀង។ នេះជាវគ្គផ្តាច់ព្រាត់ដែលធ្វើឡើងនៅប្រទេសឡាវ ក្នុងកម្មវិធីសន្និសិទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ សម្រាប់ការប្រកួតនេះក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបង្កើតឧបករណ៍វាស់ទឹកភ្លៀងហៅថា”Spinning Bucket Rain Gauge” ដែលគំនិតនិងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។ ទិន្នន័យដែលទទួលបានពីការវាស់ទឹកភ្លៀងដោយស្វ័យប្រវត្តិនេះត្រូវបញ្ជូនទៅកាន់ឧបករណ៍ទទួលពីចំងាយ។ បន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យពីគណកម្មការជំនាញនិងក្រុមហ៊ុនបច្ចេកវិទ្យាបរទេសពីរួចមក ឧបករណ៍វាស់ទឹកភ្លៀងរបស់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតនេះ និងទទួលបានពានរង្វាន់ មេដាយ និងទឹកប្រាក់ចំនួន៥០០០ដុល្លារ។ គួរបញ្ជាក់ផងដែរថា ការប្រកួត MRC River Monitoring Technology Competition មានការចូលរួមពីសាកលវិទ្យាល៍យផ្សេងៗនៃ៤ ប្រទេសក្នុងអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ថៃ ឡាវ និងវៀតណាម និងមាន១៤ ក្រុមចូលរួមក្នុងការប្រកួតនេះ។