នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានប្រារព្វពិធីអបអរសាទរខួបលើកទី១១៣ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៤ ស្តីពីប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្ម ឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកជំទាវ ដែលអញ្ជើញចូលរួមពី សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិកសិក្សា និងដៃគូអភិវឌ្ឍន៍ជានារី នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសរុបចំនួន ២៥០នាក់ ។
ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតនាយក បានមានប្រសាសន៍ ជំរុញបង្កើនការជ្រើសរើសនិស្សិតនារីឱ្យមកសិក្សាផ្នែកបច្ចេកទេសដែជាគ្រឹះសម្រាប់កសាងធនធានមនុស្សដើម្បីចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតក៏បានមានប្រសាសន៍គាំទ្រការបង្កើតទារកដ្ឋាននៅក្នុងវិទ្យាស្ថានដើម្បីសម្រួលដល់មន្រ្តីរាជការសាស្រ្តាចារ្យជានារីក្នុងបំពេញការងារ។ក្រោយពីអនុសាសន៍សំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យក៏បានជូននូវវត្ថុអនុស្សាវរីយ៍ ដល់នារីគ្រប់រូបដែលបម្រើការនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទាំង១៧៥នាក់។