(ITC-Phnom Penh)៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលជួបគណៈប្រតិភូមកពីវិទ្យាស្ថានបារាំងនៅកម្ពុជា ដឹកនាំដោយលោក Valentin Rodriguez អនុព័ន្ធវប្បធម៌នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងជានាយករងវិទ្យាស្ថានបារាំងកម្ពុជា(Institut Français au Cambodge-IFC) បានអញ្ជើញមកធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
លោក Valentin Rodriguez បានបញ្ជាក់ថាគោលបំណងនៃកិច្ចសហប្រតិបត្តិការរវាង IFC-ITCគឺចង់ពង្រឹងសកម្មភាពមួយចំនួនដើមី្បផ្សារភ្ជាប់សិល្បៈនិងវិទ្យាសាស្រ្ត (Art & Science)។ ក្នុងន័យនេះ IFC ចង់សិក្សាថាតើអ្វីខ្លះដែល IFC-ITC ដើមី្បធ្វើឱ្យនិសិ្សតតិចណូអាចច្របាច់សិល្បៈបញ្ចូលទៅក្នុងជំនាញរបស់ខ្លួន។ ជាឧទាហរណ៍ ការស្រាវជ្រាវមួយ រវាងលោក Yann Charles មកពី Université Paris 13 និងអ្នកស្រាវជ្រាវនៃដេប៉ាដឺម៉ង់ឧស្សាហកម្មនិងមេកានិច នៃសាលាតិចណូ (Dr. NGUON Kollika) ដែលចង់ផ្គុំឡើងវិញរូបចម្លាក់សំខាន់ៗ (វត្ថុបុរាណ) ដែលបានបែកបាក់។ នេះគឺជាភាពដែលមិនអាចខ្វះបានរវាងសិល្បៈនិងវិទ្យាសាស្រ្ត។
ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានផ្តល់ភារកិច្ចនេះឱ្យក្រុមការងាររៀបចំអនុសារណៈនៃការយោគយល់គ្នា ដើមី្បចាប់ផ្តើមកិច្ចសហប្រតិបត្តិការ។