(វបក-ភ្នំពេញ)៖ សន្និសីទវិទ្យាសាស្រ្តលើកទី១២ ស្តីពី «បច្ចេកវិទ្យាវិស្វកម្ម និងនវានុវត្តន៍ឆ្ពោះទៅកាន់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត សហការណ៍ជាមួយផ្នែកផ្សេងៗនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីទ្បា ស្ថានទូតបារំាងប្រចាំប្រទេសកម្ពុជា អង្គការ JICA, AUF និងទទួលបានការសហការពីសាកលវិទ្យាល័យអន្តរជាតិចំនួន៥ផ្សេងទៀត។ សន្និសីទវិទ្យាសាស្រ្តនេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងជាការរៀបចំលើកទី១២ របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងគោលបំណងដើម្បីប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ ស្ថាប័នសិក្សានិងស្រាវជ្រាវ និងវិស័យឯកជនមកពីបណ្តាញក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីចែករំលែក/ពិភាក្សាអំពីការអភិវឌ្ឍថ្មីៗ គំនិតថ្មីៗ និងរបកគំហើញនៅក្នុងបច្ចេកវិទ្យាវិស្វកម្ម ឆ្ពោះទៅកាន់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
សន្និសីទវិទ្យាសាស្រ្តនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ នេះគឺជាព្រឹត្តិការណ៍មួយមានរយៈពេល០២ថ្ងៃ គឺថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៣។ សម្រាប់ថ្ងៃទី១ មានបទបង្ហាញពីវាគ្មិនកិត្តិយស (keynote speaker) ចំនួន០៦ រូប និងមានបទបង្ហាញពីបណ្តាអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចំនួន ៩៥រូប ដែលចែកជា ៨ parallel sessions រួមមាន៖ Energy Technology and Management; Food Technology and Nutrition; AI, Data Security, and Data Science; Electronics, IoT, and Robotics; Materials Science and Structure; Urban Environmental Pollution & Control; Water Quality and Treatment Technology; and Climate Change, Flood Risk, & Modeling។ នៅថ្ងៃទី១ និងទី២ ក៏មានការតាំងពិព័រណ៍សរុបចំនួន៣៥ស្តង់ ពីក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក អ្នកឧបត្ថម្ភកម្មវិធី មហាវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត សាលាក្រោយបរិញ្ញាបត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមទាំងការតាំងពិព័រណ៍ posters របស់អ្នកស្រាវជ្រាវ និងនិស្សិតចំនួន៤៧រូប។ ម្យ៉ាងទៀតនៅថ្ងៃទី០១ និងទី០២ក៏មានការធ្វើទស្សនកិច្ចនៅតាមមន្ទីរពិសោធន៍របស់សិស្សវិទ្យាល័យមកពីបណ្តាសាលាផ្សេងៗតាមខេត្ត ចំនួន៥០០នាក់ នៅភ្នំពេញចំនួន១០០០នាក់ និងភ្ងៀវកិត្តិយសផងដែរ។
មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ភ្ញៀវកិត្តិយស និងអ្នកចូលរួមពីគ្រប់ទិសទី ជាពិសេសដល់ស្ថាប័នស្រាវជ្រាវ គម្រោង និងក្រុមហ៊ុនឯកជនរួមមាន៖ CAPFish-UNIDO-EU; TEM Trading (M&E Product) Co., Ltd.; Voltra Co., Ltd; SNP-PT International Co., Ltd; Chip Mong Insee Cement Corporation; DENSO (Cambodia) Co., Ltd; The French Agricultural Research Centre for International Development (CIRAD); B Scientific Instrument Co., Ltd (BSI); PRASAC Microfinance Institution Plc; Cast Laboratories (Cambodia) Co., Ltd; Advanced Technical Supplies Co., Ltd; The French National Research Institute for Sustainable Development(IRD); Smile Shop Super App; Kampot Cement Co., Ltd; និង SNAPKYU ដែលបានចូលរួមឧបត្ថម្ភកម្មវិធីសន្និសីទវិទ្យាសាស្រ្តលើកទី១២ ដែលជាការរួមចំណែកជម្រុញដល់វប្បធម៌ស្រាវជ្រាវ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន (សាលាតិចណូ) បន្ថែមទៀត។ សាលាតិចណូរង់ចាំទទួលស្វាគមន៍ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ សិស្សនិស្សិត និងក្រុមហ៊ុនឯកជននៅក្នុងកម្មវិធីនេះ និងកម្មវិធីក្រោយៗទៀត។