(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានជួបសម្តែងការគួរសមនិងពិភក្សាការងារជាមួយលោកបណ្ឌិត Kitaoka ទីប្រឹក្សាពិសេស របស់ប្រធានទីភ្នាក់ងារចៃកា (Jica) នៃប្រទេសជប៉ុន។
បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបស្តីពីផ្លែផ្កាដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាង ITC-JICA លោកបណ្ឌិតទីប្រឹក្សាបានផ្តល់កិត្តិយសដោយធ្វើការប្រគល់ជូនដោយផ្ទាល់នូវ Jica President Award ជូនឯកឧត្តមបណ្ឌិត អ៊ុម រម្យណី។
ដើមី្បយល់កាន់តែច្បាស់ពីសកម្មភាពពិតនៅសាលាតិចណូ លោកទីប្រឹក្សាពិសេសបានធ្វើទស្សនកិច្ចនៅទីតាំងសំខាន់មួយចំនួនដូចជា៖
១) មន្ទីរពិសោធន៍វិភាគសម្ព័ន្ធរូបធាតុនិងគីមី (Laboratory for Nanostructure and Chemical Analysis),
២) មជ្ឍមណ្ឌលសិក្សាពីចម្ងាយ (E-Learning Center),
៣) មន្ទីរពិសោធន៍វិភាគដោយ HPLC និង GC-MS,
៤) មន្ទីរពិសោធន៍វិភាគលោហៈធ្ងន់ និងសារធាតុគីមី (AAS & Phytochemical)។
គួររំលឹកថាបន្ទប់ពិសោធន៍សាលាតិចណូភាគច្រើនទទួលបានសម្ភារពីប្រទេសជប៉ុនតាមរយៈគម្រោងចៃកា។ កន្លងមកនេះ សាលាតិចណូ និងចៃកា បានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ រួមមាន ការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាពអប់រំ ដោយផ្អែកលើការអនុវត្ត និងពិសោធន៍ តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង ដែលមានជាអាទិ គម្រោងកែលម្អគ្រឿងបរិក្ខារ និងឧបករណ៍ពិសោធន៍ គម្រោងអភិវឌ្ឍន៍សមត្ថភាពអប់រំ គម្រោងពង្រឹងការអប់រំ និងស្រាវជ្រាវវិស្វកម្មសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា (Laboratory-Based Education (LBE) ។ល។
ដោយមានការគាំទ្រពីចៃកា និងដៃគូពាក់ព័ន្ធនានា និងក្រោមការដឹកនាំយ៉ាងល្អរបស់ក្រសួងអប់រំយុវជន និងកីឡា សាលាតិចណូត្រូវបានរំពឹងថា នឹងក្លាយជាវិទ្យាស្ថានឈានមុខ និងគំរូដ៏ល្អមួយក្នុងប្រទេសកម្ពុជា សម្រាប់ការបណ្តុះបណ្តាល និងស្រាវជ្រាវ ក្នុងវិស័យវិស្វកម្ម។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបណ្ឌិត Kitaoka ក៏បានជួបអតីនិស្សិតក្រោមគម្រោងបង្កើតបណ្ដាញសាកលវិទ្យាល័យក្នុងតំបន់អាស៊ាន / អភិវឌ្ឍន៍បណ្តាញ អប់រំផ្នែកវិស្វកម្មនៅតំបន់អាស៊ីអាគ្នេយ៍នៃសាលាតិចណូ (AUN/SEED-Net of ITC) ។