កម្មវិធីសម្ពោធនៃដំណើរការគម្រោង “ការគ្រប់គ្រងអាងស្ទឹងទន្លេចម្រុះ នៃដៃអាងទន្លេមេគង្គ សម្រាប់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (Integrated River Basin Management of the Mekong Basin Tributary for Adapation to Climate Change)”
—-
(វបក-ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីសម្ពោធនៃដំណើរការគម្រោង “Integrated River Basin Management of the Mekong Basin Tributary for Adapation to Climate Change” ដែលទទួលបានការឧត្ថម្ភថវិកា ក្នុងក្របខណ្ឌមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ (Mekong – Republic of Korea Cooperation Fund: MKCF)។ គម្រោងនេះ នឹងត្រូវដឹកនាំដោយអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានរយៈពេលបីឆ្នាំចាប់ពី ខែមីនា ឆ្នាំ ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ ២០២៧។ គម្រោង នឹងចូលរួមចំណែកដោះស្រាយបញ្ហាអាងទន្លេដូចជាគ្រោះទឹកជំនន់ សំណឹកដី និងធនធានទឹកនៅក្នុងតំបន់អាងទន្លេមេគង្គ និងចូលរួមអភិវឌ្ឍសមត្ថភាពនៃការគ្រប់គ្រងអាងទន្លេផងដែរ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីអ្នកតំណាងពី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងធនធានទឹកនិងឧតុនិយម វិទ្យាស្ថានមេគង្គ (Mekong Institute) និងដៃគូភាគីសហប្រតិបត្តិការក្នុងគម្រោង ដូចជា Kyungpook National University, Vietnam Academy of Science and Technology និង National University of Laos។