នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលជួបលោកស្រី Sarah Gasquard chef adjoint de mission à l’Ambassade de Belgique à Bangkok និងលោក Marc Fransen តំណាងរបស់ Académie de Recherche et d’Enseignement Supérieur (ARES) នៃប្រទេសបែលហ្សិក។ កិច្ចពិភាក្សាផ្តោតលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីគាំទ្រស្ថាប័ន (Appui Institutionnel Programme) ដែលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកំពុងអនុវត្តរយៈពេល 5ឆ្នាំ (2022-2027)ដោយសហការជាមួយសកលវិទ្យាល័យដៃគូរចំនួន៥នៃប្រទេសបែលហ្ស៊ិករួមមាន UCLouvain, Liege, ULB, University de Namur, និង UMONS។ ឯកឧត្តមបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់ ARES ដែលតែងតែបានជួយគាំទ្រដល់វិទ្យាស្ថាន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូរបស់ក្នុងការជំរុញការអភិវឌ្ឍន៍ស្ថាប័ន។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហការដែលកំពុងបន្ត និងបានបង្ហាញអំពីការប្តេជ្ញាចិត្តដើម្បីធានាឱ្យបាននូវការអនុវត្តសម្រេចបានទៅតាមគោលដៅគម្រោង និងជំរុញភាពជាដៃគូកាន់តែរឹងមាំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សកលវិទ្យាល័យដៃគូរទាំង៥នៃប្រទេសបែលហ្ស៊ិក ក្រោមក្របខ័ណ្ឌកម្មវិធី ARES។
សូមបញ្ជាក់ផងដែរថា គម្រោងនេះផ្តោតលើលទ្ធផលចំបងចំនួនពីរ៖
-ទី១: ការកសាង និងពង្រឹងសមត្ថភាពនិងជំនាញដល់ បុគ្គលិក សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានលើការបង្រៀន ការស្រាវជ្រាវ និង សេវាកម្ម (extension services) ស្របតាមស្តង់ដាអន្តរជាតិ។
-ទី២: ការពង្រឹងសមត្ថភាពវិទ្យាស្ថានក្នុងការផ្ទេរចំណេះដឹង បច្ចេកវិទ្យាសម្រាប់សហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាក្រុមការងារក៏បានធ្វើទស្សនៈកិច្ចតាមមន្ទីរពិសោធន៍មួយចំនួននៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។