(វបក–ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំ១១០-អា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ព្រីន ហ័ន យូ រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប ឯ.ក បានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថាន និង លោក Chen Yinghui អនុប្រធានក្រុមហ៊ុន។
ជាកិច្ចចាប់ផ្តើមឯកឧត្តមនាយកបានបញ្ជាក់យ៉ាងច្បាស់ភាពជាដៃគូជាមួយក្រុមហ៊ុន ព្រីន ហ័ន យូ គឺពិតជាសំខាន់ ព្រោះថាសាលាតិចណូតែខ្លួនឯងគឺមិនអាចសម្រេចការងារមួយចំនួនបានទេ បើសិនជាមិនមានការចូលរួមពីវិស័យឯកជន។ មានតែរោងចក្រ សហគ្រាស ដែលទទួលនិសិ្សតបញ្ចប់ការសិក្សាទៅធ្វើការនោះទេ ដែលអាចបញ្ជាក់មកសាលាវិញថាតើពួកគាត់នៅមានចំនុចខ្វះខាតអ្វីខ្លះ។
ឯកឧត្តមបានមានប្រសាសន៍ថាបេសកកម្មរបស់សាលាតិចណូគឺបណ្តុះបណ្តាល៖ បរិញ្ញាបត្ររងវិស្វកម្ម វិស្វករ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងការស្រាវជ្រាវ។ លើសពីនេះយើងក៏មានតួនាទីចែករំលែកដល់ក្រុមហ៊ុននូវបច្ចេកវិទ្យាថ្មីមួយចំនួនដើមី្បពង្រឹងគុណភាពនិងបង្កើតផលិតភាព។
ជាការឆ្លើយតបលោក Chen Yinghui បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយក ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបានក្លាយជាដៃគូសហការ ដើមី្បស្រូបយកនិសិ្សតឱ្យធ្វើកម្មសិក្សានិងធ្វើការ។ លោកក៏ចង់ឃើញស្ថាប័នទាំងពីរអាចធ្វើអ្វីលើសពីបានរៀបរាប់ខាងលើ គឺដូចជាការស្រាវជ្រាវរួមគ្នា ការចែករំលែកនូវជំនាញខ្លះពីក្រុមហ៊ុន ដល់សាស្រ្តាចារ្យ ជាដើម។
ជារួមក្រុមហ៊ុន ព្រីន ហ័ន យូ ដែលបានចាប់កំណើតនៅឆ្នាំ២០១៥ ក្នុងប្រទេសកម្ពុជា មានការវិនិយោគលើផ្ទៃជិត៣០០ហត (បុរីភូមិសំរោង) ត្រូវការធនធានមនុស្សលើវិស័យ៖ សំណង់ អគ្គិសនី ប្រព័ន្ធទឹក ដេក័រ លេនស្កែបដែលគ្របដណ្តប់លើ សេវាកម្មគ្រប់គ្រងអចលនទ្រព្យ មជ្ឈមណ្ឌលកម្សាន្ត អចលនទ្រព្យពាណិជ្ជកម្ម និងផ្សារទំនើប ។ល។
ឯកឧត្តមសាស្រ្តាចារ្យនាយកក៏បានអរគុណសាជាថ្មីដល់ក្រុមហ៊ុន និងបានស្នើសុំឱ្យក្រុមហ៊ុនសហការជាមួយដេប៉ាតឺម៉ង់ពាក់ព័ន្ធដើមី្បផ្សព្វផ្សាយព័ត៌មានពីក្រុមហ៊ុនឱ្យបានទូលំទូលាយដល់និសិ្សរបស់យើងជាពិសេសឆ្នាំទី៥ និងឆ្នាំទី២សម្រាប់បរិញ្ញាបត្ររងវិស្វកម្ម។