(ITC-Phnom Penh): នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត ងួន កុល្លិកា នាយរងកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញទទួលស្វាគមន៍លោកស្រី Philippine GUILLAUME ប្រធានទំនាក់ទំនងកិច្ចការអឺរ៉ុប និងអន្តរជាតិ និងលោកស្រី Violaine GROLLIER ទទួលបន្ទុកកិច្ចការបណ្តុះបណ្តាល និងកម្មវិធីសញ្ញាបត្រពីរ នៃ Nantes Université ។
ការជួបពិភាក្សានេះគឺដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានប័នទាំងពីរ បន្ទាប់ពីកិច្ចសហការលើការអនុវត្តគម្រោង Eurasmus Plus GREEN Cap ដែលទើបនឹងបញ្ចប់។ លោកបណ្ឌិត ងួន កុល្លិកា ក៏បានអនុញ្ញាតអោយក្រុមការងារសាលាតិចណូធ្វើបទបង្ហាញលើទិដ្ឋភាពទូទៅនៃសាលាតិចណូ។
ចំណែកឯលោកស្រី Philippine GUILLAUME បានលើកឡើងអំពីភាពស្រដៀងគ្នានៃរចនាសម្ព័ន្ធគ្រប់គ្រង និងកម្មវិធីសិក្សាក៏ដូចជាការស្រាវជ្រាវ ដែលធ្វើអោយសាលាទាំងពីរមានភាពងាយស្រួលក្នុងការធ្វើការរួមគ្នា ដូចជាការផ្លាស់ប្តូនិស្សិត គ្រូបង្រៀននិងអ្នកស្រាវជ្រាវ និងការបង្កើតកម្មវិធីរួមគ្នាជាដើម។ Nantes Université ក៏ស្នើអោយមានការពិភាក្សាបន្ថែមលើកម្មវិធី សញ្ញាបត្រពីរ រួមគ្នាជាមួយសាលាក្រោយបរិញ្ញាបត្រនៃសាលាទាំងពីរ។ លោកស្រី Philippine បានស្នើអោយតិចណូចូលរួមលើកសំណើគម្រោងរួមគ្នាបន្តក្នុងកម្មវិធី Erasmus Key Action 1: Learning Mobility of Individuals ដែលនឹងចាប់ផ្តើមនៅខែមករាឆ្នាំ២០២៤ខាងមុខនេះ។
ជាការឆ្លើយតប លោកបណ្ឌិត ងួន កុល្លិកា បានគាំទ្រលើសំណើនេះ និងបានជម្រុញអោយសាលាក្រោយបរិញ្ញាបត្រនិងដេប៉ាតឺម៉ង់ផ្សេងៗធ្វើការទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធនៃ Nantes Université តាមរយៈអ្នកទទួលបន្ទុកទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិនៃសាលាទាំងពីរ។