(ITC-PHNOM PENH)៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) បានបើកបវេសនកាលសម្រាប់កម្មវិធីអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤។ គួររំលឹកថានេះគឺជាកម្មវិធីមួយដែលបានកើតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ CURTIN UNIVERSITY នៃប្រទេសអូស្រ្តាលី។ សម្រាប់ជំនាន់ទី១នេះ មាននិសិ្សតសរុបចំនួន៣៨នាក់ ដែលនឹងចាប់យកជំនាញថ្មីចំនួនបី៖ AI, Software engineering និង Cyber security។
ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានស្វាគមន៍ប្អូនៗ ដោយមានប្រសាសន៍ថា៖ «ខ្ញុំសូមកោតសរសើរចំពោះប្អូនៗ ព្រោះថាជាប់បាក់ឌុប ជោគជ័យមួយហើយ ឥឡូវមិនត្រឹមតែប្រលងជាប់ជានិសិ្សតតិចណូប៉ុណ្ណោះទេ ថែមទាំងបានចូលសិក្សាក្នុងកម្មវិធីអន្តរជាតិជំនាន់ទី១ ថែមទៀត»។
ឯកឧត្តមបានបញ្ជាក់ថា សាលាតិចណូ បានកសាងឡើងនៅឆ្នាំ១៩៦៤។ គឺជាគ្រឹះស្ថានវិស្វកម្មតែមួយគត់ដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា។ អ្នកបច្ចេកទេស និងវិស្វករប្រមាណ១៥០០០នាក់បានទទួលការបណ្តុះបណ្តាលពីគ្រឹះស្ថានមួយនេះ និងកំពុងបម្រើការនៅក្នុងប្រទេសនិងក្រៅប្រទេស។ សាលាតិចណូបច្ចុប្បន្នមានបេសកកម្មធំៗបី៖ ១) ការបណ្តុះបណ្តាលប្រកបដោយគុណភាព, ២) ការស្រាវជ្រាវ និង ទី៣) ការផ្តល់សេវាកម្មទៅរោងចក្រសហគ្រាស (វិស័យឯកជន) និងសង្គមទូទៅ។
ឯកឧត្តមបានបន្ថែមទៀតថា៖ «ជំនាញថ្មីៗដែលប្អូននឹងទទួលនេះ ពិតជាដើរស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលផ្តោតលើសេដ្ឋកិច្ចសង្គមឌីជីថល ដើមី្បសម្រេចគោលដៅធំៗពីរ ឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅ ឆ្នាំ២០៥០»។
ឯកឧត្តមបានស្នើសុំអោយប្អូនៗខិតខំរៀនសូត្រនិងរៀបចំខ្លួនដើមី្បក្លាយទៅជាមូលធនមនុស្សដែលសង្គមជាតិត្រូវការ។ រីឯសាលាតិចណូវិញ យើងពិតជាបន្តធ្វើដំណើរទៅមុខទៀតជាមួយ ក្រសួងអប់រំ យុវជន និងកីឡា, ធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារអភិវឌ្ឍន៏បារាំង (AFD), ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងសាកលវិទ្យាល័យដៃគូជាតិនិងអន្តរជាតិជាច្រើនទៀត។
ចំណែកឯលោកបណ្ឌិត ប៊ុន គឹមងន់ នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានសម្តែងនូវក្តីសប្បាយរីករាយនឹងជោគជ័យរបស់ប្អូនៗ។ លោកបានណែនាំថាប្អូនៗត្រូវមានផែនការច្បាស់លាស់ដើមី្បទទួលបានជោគជ័យក្នុងការសិក្សា ក្នុងពេលដែលកំពុងមានវត្តមាននៅសាកលវិទ្យាល័យដើមី្បចាប់យកនិងសម្រួចជំនាញឯកទេសដែលខ្លួនពេញចិត្ត និងប្រទេសជាតិកំពុងត្រូវការ។
ថ្នាក់ដឹកនាំបានជូនពរដល់ប្អូនៗនិសិ្សតទាំងអស់ សូមមានសុខភាពល្អ និងជោគជ័យក្នុងការសិក្សា។