(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា បានអញ្ជើញបំពាក់មេដាយជូនលោកសាស្រ្តាចារ្យជនជាតិជប៉ុន៣នាក់និងបារាំងម្នាក់៖ Prof. Takada JUN-ICHI, Prof. Watanabe KOICHIRO, Ms. Chikako SASAKI, និង Prof. Bruno DAGUES។
ដៃគូសហការដ៏មានសក្តានុពលទាំង៤រូប ពិតជាបានស្វែងរកការសហការផ្នែកហិរញ្ញវត្ថុនិងសម្ភារ ដើមី្បជួយចូលរួមអភិវឌ្ឍន៍គ្រឹះស្ថានឧត្តមសិក្សាមួយនេះ ដូចជា៖ ផ្តល់អាហារូបករណ៍ ផ្តល់ជាសម្ភារសម្រាប់ទីពិសោធន៍ នាំគម្រោងធំៗនិងសំខាន់ៗមួយចំនួន៖ SATREPS Project, LBE Project, Air Pollution Research Project, Laboratory for Nanostructure and Chemical Analysis, FoodStem ។ល។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការនិងឯកឧត្តមបណ្ឌិតនាយកសាលាតិចណូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបំពេញបេសកកម្មប្រកបដោយផ្លែផ្កាជាទីមោទនៈ ក្នុងការលើកកម្ពស់វិស័យអប់រំវិស្វកម្ម និងការសិក្សាស្រាវជ្រាវសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា តាមបែបការអប់រំផ្អែកលើមន្ទីរពិសោធន៍។
គួរកត់សម្គាល់លើគម្រោងមួយក្នុងចំនោមគម្រោងជាច្រីនគឺ LBE Project។ គោលដៅចំបងគឺ ការអប់រំផ្អែកលើមន្ទីរពិសោធន៍នេះគឺជា ការអប់រំដែលអនុវត្តនៅក្នុងក្រុមស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំនៅក្នុងលក្ខខណ្ឌដោះស្រាយបញ្ហា និងជំនាញជាក់ស្តែង និងអនុវត្តជាទូទៅនៅក្នុងសាកលវិទ្យាល័យជប៉ុនសម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រ និង ថ្នាក់បណ្ឌិត។
គម្រោងនេះធ្វើឡើងក្នុងគោលបំណងឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បង្កើនសមត្ថភាពអប់រំ និងស្រាវជ្រាវរបស់ខ្លួនដើម្បីចូលជាស្ថាប័នធនធានជាតិក្នុងវិស័យវិស្វកម្ម ដោយដាក់បញ្ចូលនូវការអប់រំផ្អែកលើមន្ទីរពិសោធន៍ទៅក្នុងកម្មវិធីសិក្សា។ លើសពីនេះ គោលបំណងរួមរបស់គម្រោងនេះ (LBE) គឺកំណត់សាកលវិទ្យាល័យគោលដៅ ដើម្បីលើកកម្ពស់សមត្ថភាពអប់រំ និងការស្រាវជ្រាវឱ្យឆ្លើយតបទៅនឹងតម្រូវការវិស័យឧស្សាហកម្មនៅកម្ពុជា (The Project for Strengthening Engineering Education and Research for Industrial Development in Cambodia has been promoting LBE)។