(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងវិទ្យាស្ថានកសិកម្មនៅទីក្រុង ដែលជាបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មចិន Institute of Urban Agriculture, Chinese Academy of Agricultural Sciences (IUA-CAAS) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា។
គួរយល់ថាវិទ្យាស្ថានកសិកម្មនៅទីក្រុង (IUA) ដែលបានសាងសង់នៅឆ្នាំ២០១៨ គឺជាវិទ្យាស្ថានជាតិមួយក្នុងចំណោមវិទ្យាស្ថានជាតិចំនួន ៣៤ នៅក្នុងបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន (CAAS)។ IUA មានកន្លែងពិសោធន៍ និងការិយាល័យលើផ្ទៃដីជាង ១០០,០០០ម២ ហើយបានវិនិយោគ១២៧លានអឺរ៉ូ ដើម្បីផ្តល់នូវបរិយាកាសស្រាវជ្រាវដ៏ល្អបំផុតសម្រាប់អ្នកស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រកសិកម្មនៅទីក្រុង។
បន្ទាប់ពីបានពិភាក្សាគ្នាជាង១ម៉ោង ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានអរគុណដល់សមភាគីចិន ដែលមានបំណងចាប់យកសាលាតិចណូជាដៃគូសហការដើមី្បចែករំលែកឱ្យគ្នាទៅវិញទៅមកនូវបច្ចេកវិទ្យាថ្មីក្នុងវិស័យដាំដុះ ជាពិសេសនៅទីក្រុង។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖ «ជាការពិត ប្រទេសកម្ពុជាជាប្រទេសកសិកម្ម តែយើងត្រូវការបច្ចេកវិទ្យាថ្មីនិងទំនើបដើមី្បបង្កើនផលិតភាពកសិកម្ម នាយុគ្គសម័យឌីជីថល ក្នុងសតវត្សទី២១យើងនេះ»។ ឯកឧត្តមនាយកបានចង្អុលបង្ហាញវិស័យអាទិភាពដែលយើងអាចធ្វើការរួមគ្នាបានគឺ៖ ផ្នែកមេកានីច (GIM) ផ្នែករ៉ូបូតិច (DC Lab) និងផ្នែកវរីសាស្រ្ត (GRU)។
ភាគីចិនបានទទួលយកសំណើរខាងលើនិងត្រៀមខ្លួនធ្វើការសហការជាមួយអ្នកស្រាវជ្រាវនិងសាស្រ្តាចារ្យពាក់ព័ន្ធរបស់សាលាតិចណូ។