ឯកឧត្តមអគ្គរាជទូតជប៉ុនធ្វើទស្សនកិច្ចនៅសាលាតិចណូ / Japanese Ambassador visits ITC — (ITC-Phnom Penh): នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ឯកឧត្តមអគ្គរាជទូតជប៉ុន Mr. UENO Atsushi។ ជាកិច្ចចាប់ផ្តើមឯកឧត្តមបណ្ឌិតបានជម្រាបជូនភ្ញៀវពីសារសំខាន់នៃទំនាក់ទំនងរវាងប្រទេសជប៉ុននិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដោយផ្តើមចេញពីសហប្រតិបត្តិការដ៏ល្អជាមួយ Tokyo Institute of Technology (Tokyo Tech) និង Kyushu University។ សព្វថ្ងៃយើងមានធនធានមនុស្សជាង១០០នាក់ដែលមានសញ្ញាបត្របណ្ឌិត ដែលភាគច្រើនត្រូវបានបណ្តុះបណ្តាលមកពីប្រទេសជប៉ុន តាមរយៈអាហារូបករណ៍នៃបណ្តាញ AUN/SEED-Net។ យើងក៏មានគម្រោងធំៗជាមួយភាគីជប៉ុនចំនួន៣ផងដែរគឺ៖ Satreps ១ & ២ និង LBE។ គម្រោងSATREPS ១៖ ពាក់ព័ន្ធនឹងការបង្កើតវេទិកាអភិរក្សបរិស្ថានបឹងទន្លេសាប រីឯគម្រោង SATREPS ២៖ការបង្កើតវេទិកាគ្រប់គ្រងហានិភ័យការបំពុលខ្យល់នៅកម្ពុជា” ហើយចំណែក LBE Project៖គម្រោងពង្រឹងការអប់រំផ្នែកវិស្វកម្ម និងស្រាវជ្រាវសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា។ ឯកឧត្តមនាយកបានបន្ថែមថា៖ ជាមួយគម្រោងLBE, JICA មិនត្រឹមតែជួយសាលាតិចណូប៉ុណ្ណោះទេ តែវិសាលភាពរបស់វាបានគ្រប់ដណ្តប់រហូតដល់សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងគឺដើមី្បអោយគ្រឹះស្ថានទាំងពីរមានធនធានសាស្រ្តាចារ្យអាចផលិតធនធានមនុស្សផ្គត់ផ្គង់អោយតំបន់សេដ្ឋកិច្ចពិសេសតាមតំបន់ព្រំដែន។ ដោយយល់ឃើញថាសាលាតិចណូដើរតួនាទីកាន់តែសំខាន់ ទើបរាជរដ្ឋាភិបាលផ្តល់ដីដើមី្បសាងសង់សាខាតិចណូថ្មីមួយទៀត ដើមី្បបង្កើតជំនាញថ្មីបន្ថែមទៀត ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ លោកនាយករង ប៊ុន គឹមងន់ ក៏បានពន្យល់លម្អិតពីផ្លែផ្កាបានមកពីការជួយគ្រប់ទម្រង់របស់ប្រទេសជប៉ុនមកសាលាតិចណូផងដែរ។ ឯកឧត្តមអគ្គរាជទូតជប៉ុនបានកោតសរសើរសាលាតិចណូនិងបានបញ្ជាក់ថា សាលតិចណូបាននិងកំពុងតែដើរតួនាទីសំខាន់សម្រាប់រដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ លើសពីនេះទៅទៀត ឯកឧត្តមក៏ចង់ដឹងថានិសិ្សតដែលបានបញ្ចប់ការសិក្សានៅសាលាតិចណូទៅបម្រើការងារនៅកន្លែងណាខ្លះ។ ជាការឆ្លើយតប ឯកឧត្តមនាយកបានបញ្ជាក់ថាធនធានមនុស្សដែលបានបញ្ចប់ការសិក្សា ភាគច្រើនទៅបម្រើការងារក្នុងវិស័យឯកជន និងមួយចំនួនតូចទៀតនៅតាមក្រសួងមន្ទីរផ្សេងៗរបស់រដ្ឋ។ បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្តម UENO Atsushi បានអញ្ជើញទស្សនាទីពិសោធន៍សំខាន់ៗមួយចំនួន ដើមី្បស្វែងយល់បន្ថែមអោយកាន់តែច្បាស់។