(ITC-កំពង់ចាម)៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ LBN ASIAN HOTEL នៅក្រុងកំពង់ចាម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារៀបចំសិក្ខាសាលាមួយ ក្រោមប្រធានបបទ៖ “យន្តការ និងការគ្រប់គ្រងបុគ្គលិកអប់រំ តាមប្រព័ន្ធ ឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”។
សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
គួររំលឹកថាការរៀបចំកម្មវិធីនេះអាចប្រព្រឹត្តិទៅបានគឺដោយមានការគាំទ្រពី គម្រោងកែលម្អការអប់រំឧត្តមសិក្សា Higher Education Improvement Project (HEIP)។
ក៏មានការចូលរួផងដែរពីលោកនាយករង លោកទីប្រឹក្សា លោកព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង លោកសាស្រ្តាចារ្យ និងបុគ្គបុគ្គលិកសរុបទាំងអស់ ៦៥នាក់។
នាឱកាសបើកសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា៖ “យោងទៅលើស្ថានភាពបច្ចុប្បន្ននៃគ្រឹះស្ថានរបស់យើង ដែលមានការកើនឡើងនៃធនធានមនុស្សមិនឈប់ឈរ ក៏ដូចជាកំណើននៃការហូរចូលឯកសាររដ្ឋបាលផ្សេងៗទាក់ទងនឹងដំណើរការនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដូច្នេះយើងត្រូវការមានប្រព័ន្ធគ្រប់គ្រងមួយដោយផ្អែកលើប្រព័ន្ធឌីជីថល ជាឆ្អឹងខ្នង”។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “ការរៀបចំប្រព័ន្ធនេះពិជាសំខាន់សម្រាប់ស្ថាប័នយើង ដែលនាពេលអនាគតនឹងក្លាយទៅជា គ្រឹះស្ថានសាធារណៈរដ្ឋបាល” (PAI)។
ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណដល់លោកនាយករង និងក្រុមការងារដែលបានខិតខំធ្វើការរហូតដល់អាចរៀបចំកម្មវិធីនេះ ដែលជាឱកាសដ៏សំខាន់ ក្នុងការប្រមូលធាតុចូល ក្នុងគោលដៅខាងលើ។