(វបក-ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីសភាជប៉ុន ដឹកនាំដោយលោក DOKO Shigeru។ ក៏មានតំណាងស្ថានទូតជប៉ុន ប្រធានអង្គការJICA ប្រចាំនៅកម្ពុជា លោកនាយករង លោកសាស្រ្តាចារ្យ នៃសាលាតិចណូ បានអញ្ជើញចូលរួមផងដែរ។
ជាកិច្ចចាប់ផ្តើមប្រធានគណៈប្រតិភូបានជម្រាបថាគោលបំណងសំខាន់នៃវត្តមានរបស់ប្រតិភូជប៉ុនថ្ងៃនេះគឺចង់ដឹងពីវឌ្ឍនភាពនៃសាលាតិចណូនិងចង់ដឹងថាជំនួយរបស់ជប៉ុនអាចជាកំលាំងចលករជួយរុញការអភិវឌ្ឍនៃគ្រឺះស្ថានឧត្តមសិក្សាមួយនេះដែរឬទេ។
ជាការឆ្លើយតប ឯកឧត្តមបណ្ដិត បានជម្រាបដោយសង្ខេបនូវគម្រោងធំៗមួយចំនួនរបស់ជប៉ុនដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់សាលាតិចណូ ដូចជា៖ AUN-Seed-Net, ការបើកឡើងវិញ មហាវិទ្យាល័យរ៉ែនិងភូគព្ភសាស្រ្ត (Kyushu University-Prof. Watanabe), ការកសាងមជ្ឍមណ្ឌលស្រាវជ្រាវនិងនាវនុវត្ត (ក្រោមជំនួយ Japan’s Grant-Aid), គម្រោង Satreps 1 & 2, និងគម្រោង LBE។
តំណាងគណៈប្រតិភូបានអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចនិងបានកោតសរសើរចំពោះធនធានមនុស្សខ្មែរដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេសជប៉ុន និងក្នុងតំបន់តាមរយៈ AUN-Seed-Net បានត្រលប់មកបម្រើការងារនៅក្នុងសាលាតិចណូដើមី្បពង្រឹងគុណភាពនៃការបង្រៀននិងអភិវឌ្ឍន៍ការស្រាវជ្រាវ។