(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាភិបាល២២១អា នៃវិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាង វិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា ជាមួយនឹងក្រុមហ៊ុន WOWNOW ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកស្រី Jasper LIU ប្រធានសាខា WOWNOW ។
បើយោងតាមការអះអាងរបស់លោក Shamyrat BAYRAMOV ប្រធានទីផ្សារ, ក្រុមហ៊ុន WOWNOW Super App បានចាប់កំណើតនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នំា២០២០។ គោលបំណងរបស់យើងគឺដើម្បីធ្វើឱ្យជីវិតមានភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់សេវាកម្មរបៀបរស់នៅ។
ចំណែកឯលោកស្រីប្រធានសាខាបានបញ្ជាក់បន្ថែមថាអ្វីដែលក្រុមហ៊ុនការចង់ធ្វើនិងចង់ឃើញ គឺសកម្មភាពលើសពីការធ្វើជំនួញ (ការរកស៊ី) គឺការចូលរួមជួយសង្គម៖ តាមរយៈការផ្តល់អាហារូបករណ៍ ការផ្តល់ការងារ ការចូលរួមសកម្មភាពផ្សេងៗដែលមានប្រយោជន៍ដល់សង្គម។ល។ លោកស្រីបានបន្ថែមថា ក្រុមហ៊ុននឹងស្វាគមន៍ប្អូនៗនិសិ្សត ឆ្នាំទី៣ ទី៤ ឬទី៥ ដែលចង់ចុះធ្វើកម្មសិក្សា ជាពិសេសប្អូនៗខាងអាយធី IT។
ដូច្នេះហើយបានជាថ្ងៃនេះ WOWNOW រៀបចំចុះហត្ថលេខាជាមួយវិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា ដើមី្បរួមគ្នាសម្រេចគោលដៅខាងលើ។
កញ្ញាបណ្ឌិត អ៊ិន សុខនាង ក៏បានជម្រាបជូនក្រុមហ៊ុនផងដែរ ពីឱកាសដែល WOWNOW អាចចូលរួមបានជាមួយសាលាតិចណូគឺព្រឹត្តិការណ៍ធំៗពីរ៖វេទិការការងារ (Career Forum)និង សន្និសីទវិទ្យាសាស្រ្ត ដែលមានលក្ខណៈអន្តរជាតិ (Scientific Day) ដែលយើងប្រារព្ធធ្វើមួយឆ្នាំម្តង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ូ គឹមថូ បានមានប្រសាសន៍ថា ថ្ងៃនេះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមានដៃគូថ្មីមួយទៀតគឺក្រុមហ៊ុន WOWNOW។ ខ្ញុំសង្ឃឹមថា៖ “តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ស្ថាប័នយើងទាំងពីរនឹងអាចបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក តាមយៈសកម្មភាពផ្សេងៗ ដែលបានជម្រាបជូនខាងលើ”។
ជាទីបញ្ចប់ ឯកឧត្តម ប៉ូ គឹមថូ និងលោកស្រី Jasper LIU បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ។