(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ១១៣-A នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលបដិសណ្ឋារកិច្ចលោក Sanui Kazumasa ប្រធានJICAថ្មីនៅកម្ពុជាដែលអញ្ជើញមកធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.)។
ជាកិច្ចស្វាគមន៍ឯកឧត្តមបណ្ឌិត បានអរគុណដល់JICA ដែលតែងគាំទ្រនិងបន្តគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរិញ្ញប្បទាន ដល់វ.ប.ក.។ ជាក់ស្តែងតាមរយៈការផ្តល់អាហារូបករណ៍ AUN/SEED-Net ធនធានមនុស្សនៅវ.ប.ក.ត្រូវបានអភិវឌ្ឍន៍យ៉ាងច្រើនប្រកបដោយគុណភាព ដែលក្នុងនោះឯកឧត្តមគឺជានិសិ្សតទី១របស់AUN/SEED-Net។ តាមរយៈបណ្តាញនេះ វ.ប.ក. មានសាស្រ្តាចារ្យជាង១០០នាក់ហើយ ដែលពីមុនមកគ្មានម្នាក់សោះ។
ឯកឧត្តមក៏បានរំលេចផងដែរពីគម្រោងធំៗពីរ ដែលវ.ប.ក.បាននិងកំពុងធ្វើការជាមួយភាគីជប៉ុនគឺ៖ Laboratory-Based Education (LBE) និង Establishment of Risk Management Platform for Air Pollution (ERMPAP)។
វ.ប.ក.ក៏បានជួយសាកលវិទ្យាល័យស្វាយរៀងនិងសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងក្របខណ្ឌគម្រោងLBEនេះ ធ្វើយ៉ាងណាអោយគ្រឹះស្ថានទាំងពីរមានសមត្ថភាពផលិតធនធានមនុស្សផ្គត់ផ្គង់ទីផ្សារអោយបានគ្រប់គ្រាន់នៅតាមតពន់សេដ្ឋកិច្ចពិសេសតាមព្រំដែន។
ឯកឧត្តមនាយកនិងលោកនាយករង ប៊ុន គឹមងន់ ក៏បានរំលេចពីសារសំខាន់នៃការរិយាល័យទំនាក់ទាំនងជាមួយសហគ្រាសUILរបស់វ.ប.ក.ដែលធ្វើការសហការយ៉ាងល្អក្រោមឆ័ត្រនៃគម្រោងLBE។ វាពិតជាជួយអោយវ.ប.ក.អាចសម្រួចជំនាញរបស់ខ្លួនបានល្អ។
លោកតំណាងJICAថ្មីបានអរគុណដល់ឯកឧត្តមនាយកនិងបានកោតសរសើរវ.ប.ក. ដែលមានឈ្មោះបោះសម្លេងរហូតដល់ប្រទេសជប៉ុន។ លោកពិតជាមានមោទនភាពដោយមានវ.ប.ក.ជាដៃគូសហការ។
ប្រតិភូបានអញ្ជើញទស្សនាទីពិសោធន៍សំខាន់ៗដើមី្បបញ្ចប់ទស្សនកិច្ចដ៏មានសារសំខាន់មួយនេះ។