(ITC-Phnom Penh)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) បានអញ្ជើញចុះហត្ថលេខាបែបនិមិត្តជាមួយសាកលវិទ្យាល័យ Northern Illinois University។
គួរស្វែងយល់ថា Northern Illinois University (NIU) គឺជាសាកលវិទ្យាល័យមួយដ៏មានវ័យចំណាស់គឺវាត្រូវបានគេសាងសង់នៅឆ្នាំ១៨៩៥។ ដូច្នេះ NIU មានអាយុ១២៩ឆ្នាំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
បន្ទាប់ពីបានពិភាក្សាគ្នាស្តីពីអ្វីដែលគ្រឹះស្ថានឧត្តមសិក្សាទាំងពីរបាននិងកំពុងធ្វើ (Join Research, Double Degree ជាមួយមហាវិទ្យាល័យវរីសាស្រ្តនិងធនធានទឹក) ឯកឧត្តមសាស្រ្តាចារ្យនាយក បានបញ្ជាក់ថា ថ្ងៃនេះពិតជាឱកាសថ្មីមួយទៀតសម្រាប់សាកលវិទ្យាល័យយើងទាំងពីរ ITC-NIU។ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះគឺជាការបើកទំព័រថ្មីមួយទៀត ដើមី្បពង្រឹងអ្វីដែលយើងបាននិងកំពុងធ្វើជាមួយគ្នា និងថែមទាំងអាចឈានទៅពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងពាក់ព័ន្ធនឹងជំនាញមួយចំនួនដែលកំពុងពេញនិយមដូចជា៖ Artificial Intelligence (AI), Mechatronic, Software Engineering, Cyber Security …)
លោកបណ្ឌិត ឈុន គង់ ទ្រឹព្ធបុរសមហាវិទ្យាល័យវរីសាស្រ្តនិងធនធានទឹក ក៏បានអរគុណដល់សាកលវិទ្យាល័យដៃគូ ដោយបានបញ្ជូនតំណាងមកធ្វើការដោយផ្ទាល់ជាមួយសាលាតិចណូគឺលោកស្រី Melissa Lenczwski។ លោកបណ្ឌិតបានបន្ថែមថាវត្តមានរបស់លោកស្រីតំណាងNIUនៅក្នុង International Consortium របស់សាលាតិចណូ ពិតជាសំខាន់។ ក្នុងនាមជាសមាជិកសង្កេតការណ៍គាត់អាចផ្តល់ធាតុចូលមួយចំនួនដល់កិច្ចពិភាក្សារបស់យើងនាសម័យប្រជុំដែលនឹងប្រព្រឹត្តទៅនាចុងខែមិនា ឆ្នាំ២០២៤ខាងមុខ។