(ITC-Phnom Penh)៖ នារសៀលថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត ងួន កុល្លិកា នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាតំណាងឯកឧត្តមបណ្ឌិតសាស្រ្តចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលស្វាគមន៍លោកសាស្រ្តាចារ្យពីររូប មកពីសាកលវិទ្យាល័យ៖ Tongji University នៃប្រទេសចិន។
បើយោងតាមសមភាគី គោលបំណងសំខាន់នៃវត្តមានរបស់ប្រតិភូគឺចង់សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងជំនាញវិស្វកម្មស្ថាបត្យកម្ម។ កិច្ចសហប្រតិបត្តិការចង់ផ្តោតលើវិស័យនេះក្រោមហេតុផលថាប្រទេសកម្ពុជាបច្ចុប្បន្នមានគម្រោងជាច្រើនពាក់ព័ន្ធនឹងនគររូបនីយកម្ម ដែលមានការចូលរួមពីប្រទេសចិន។
ជាការឆ្លើយតបលោកបណ្ឌិតនាយករងបានថ្លែងអំណរគុណចំពោះការសម្លឹងឃើញសាលាតិចណូដើមី្បពិនិត្យមើលឱកាសធ្វើការរួមគ្នា ដូចជាការផ្លាស់ប្តូរនិសិ្សត-សាស្រ្តាចារ្យ និងការធ្វើការស្រាវរួមគ្នា។ លោកនាយករងក៏បានបញ្ជាក់ថាមហាវិទ្យាល័យសំណង់សាលាតិចណូមានដេប៉ាតឺម៉ង់ចំនួន៣គឺ៖ Department of Civil Engineering, Department of Architectural Engineering និង Department of Infrastructure and Transportation។ លោកនាយករងក៏បានជម្រាបជូនភាគីភ្ញៀវពីអ្វីដែលសាលាតិចណូបានកំពុងធ្វើសព្វថ្ងៃផងដែរ ដើមី្បឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
ជាលទ្ធផល ក្រៅពីការបណ្តុះបណ្តាល ភាគីទាំងពីរនឹងរាយការណ៍ជម្រាបជូនថ្នាក់ដឹកនាំរៀងៗខ្លួនដើមី្បសុំការអនុញ្ញាតធ្វើគម្រោងរួមគ្នាពេលដែលរដ្ឋាភិបាលចិនទម្លាក់គម្រោងមកកម្ពុជាតាមរយៈ Tongji University។






