(ITC-Tay Ninh/Vietnam)៖ តបតាមការអញ្ជើញរបស់លោកនាយកប្រតិបត្តិនៃក្រុមហ៊ុន Cart Tire Co., Ltd ដែលជាបុត្តសម្ព័ន្ធនៃក្រុមហ៊ុន Sailun Group ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានអញ្ជើញដឹកនាំគណៈប្រតិភូមួយនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនផលិតសំបកកង់ឡានខ្នាតពិភពលោករបស់ប្រទេសចិន (Sailun) ដែលមានទីតាំងនៅខេត្តតាយនីញ (Tay Ninh) ក្នុងប្រទេសវៀតណាម។
លោក TIAN KEXU ប្រធានគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន Sailun នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងស្វាគមន៍គណៈប្រតិភូសាលាតិចណូ ដោយបានបញ្ជាក់ថាក្រុមហ៊ុន Sailun ពិតជាអរគុណណាស់ដល់សាលាតិចណូដែលតែងតែសហការយ៉ាងល្អចាប់តាំងពីយើងបានស្គាល់គ្នាមក។ ជាក់ស្តែងថ្ងៃនេះវត្តមានរបស់ឯកឧត្តមសាស្រ្តាចារ្យនាយក និងសហការី ពិតជាបញ្ជាក់ពីទំណាក់ទំនងល្អរវាងស្ថាប័នយើងទាំងពីរ។
ជាការឆ្លើយតបឯកឧត្តមសាស្រ្តាចារ្យនាយក បានថ្លែងអំណរចំពោះការទទួលយ៉ាងកក់ក្តៅពីសំណាក់ក្រុមហ៊ុន និងបានសន្យាថាសាលាតិចណូនិងពង្រីកសហប្រតិបត្តិការឱ្យលើសពីការគ្រាន់តែទទួលនិសិ្សតឱ្យធ្វើកម្មសិក្សានិងធ្វើការ។ ភាគីទាំងពីរបានយល់ព្រមថានឹងពង្រឹងការស្រាវជ្រាវរួមគ្នា ដើមិ្បឆ្លើយតបទៅនឹងតម្រូវការប្រគួតប្រជែង ក្នុងយុគ្គសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម៤.០។ កិច្ចការនេះគឺជាអាទិភាពមួយនៃបេសកកម្មរបស់សាលាតិចណូគឺការផ្ទេរច្ចេកវិទ្យាទៅវិស័យឯកជន “Technology transfer to the private sector”។
សូមរំលឹកថ្មីថា Sailun នៅកម្ពុជា នាពេលបច្ចប្បន្ន អាចផលិតបានតែសំបកកង់ឡានធុនតូច (PCR-Passenger Car Radial tire) និង មធ្យម (TBR-Truck Bus Radial tire) រីឯ Sailun នៅវៀតណាមអាចផលិតបានទាំងបីប្រភេទ៖ តូច មធ្យម និង ធំ (OTR-Off-The-Road tire)។ ផលិតភាពនៃរោងចក្រនៅកម្ពុជាគឺ ៣០០០០សំបកកង់ ក្នុងមួយថ្ងៃ រីឯនៅវៀតណាម ៤៥០០០សំបកកង់ក្នុង១ថ្ងៃ (PCR+TBR=38000 និង OTR=7000)។
ពាក់ព័ន្ធនឹងចំនួនបុគ្គលិក Sailun Vietnam ប្រើប្រាស់បុគ្គលិកសរុបទាំងអស់ជា៦០០០នាក់ និង Sailun Cambodia ប្រមាណជិន២០០០នាក់។
យោងតាមការព្រមព្រៀងគ្នានៃថ្នាក់ដឹកនាំទាំងពីរភាគី រោងចក្រក្នុងសាលារៀន (une usine-école) មួយដែលអាចមានឈ្មោះថា៖ Salatechno-Sailun នឹងចាប់កំណើតនាពេលដ៏ខ្លីខាងមុខនៅក្នុងសាលាតិចណូ ក្នុងគោលបំណងពង្រឹងនិងពង្រីកសហប្រតិបត្តិការទ្វេរភាគី ជាពិសេសផ្តោតលើការស្រាវជ្រាវរួមគ្នា។
បើយោងតាមលោក JIANG RENSHUANG ប្រធានក្រុមហ៊ុន គោលនយោបាយនិងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Sailun រាល់ប្រាំឆ្នាំម្តងក្រុមហ៊ុននឹងសាងសង់រោងចក្រថ្មីនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ Sailun Cambodia នៅស្វាយរៀងមិនមែនជារោងចក្រចុងក្រោយនោះទេ។
អ្វីដែលគួរឱ្យចាប់អាម្មណ៍មួយទៀតនោះ គឺឯកឧត្តមសាស្រ្តាចារ្យនាយក ប៉ូ គឹមថូ បានឆ្លៀតឱកាសជួបជាមួយបុគ្គលិក១៤នាក់របស់ក្រុមហ៊ុន Sailun Cambodia ដែលជាអតីតនិសិ្សតសាលាតិចណូ។ ថ្នាក់ដឹកនាំពិតជាមានក្តីរំភើបយ៉ាងខ្លាំង ពេលឃើញ ប្អូនៗមិនត្រឹមតែអាចធ្វើការបាននោះទេ តែថែមទាំងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំរោងចក្រ។ គណៈគ្រប់គ្រងក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា ៖ «គឺប្អូនៗទាំងនេះហើយ រួមនឹងធនធានមនុស្សកម្ពុជាដទៃទៀត គឺជាអ្នកគ្រប់គ្រងរោងចក្រនេះ។ ចំណែកអ្នកជំនាញការនិងអ្នកបច្ចេកទេសរបស់ចិន នឹងត្រលប់ទៅប្រទេសវិញ នៅពេលដែលកម្ពុជាអាចគ្រប់គ្រងនិងធ្វើឱ្យដំណើរការរោងចក្រនេះបាន ដោយខ្លួនឯង»។
គណៈប្រតិភូក៏ត្រូវបានអញ្ជើញឱ្យចូលរួមពីធីទទួលទានអាហារជាលក្ខណៈមិត្តភាពទាំងនៅក្នុងរោងចក្រ Sailun Vietnam និង Sailun Cambodia ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។