(ITC-Alès, France)៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សមភាគីបារាំង IMT Mines Alès ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចជាផ្លូវការនៅ សាលាIMT Mines Alès នៅភាគខាងត្បូងនៃប្រទេសបារាំង។ គួរំលឹកថា IMT Mines Alès គឺជាសាលាធំទី៣ផ្នែកធនធានរ៉ែបន្ទាប់ពី Mines de Paris និង Mines de Saint-Étienne។ IMT Mines Alès នឹងប្រារព្ធខួបលើកទី១៨០ឆ្នាំ នៅចុងឆ្នាំនេះ ព្រោះវាត្រូវបានសាងសង់កាលពីឆ្នាំ១៨៤៣។ បើយោតាមលោក Éric នាយកទំនាក់ទំនងអន្តរជាតិ សាលានេះមាននិសិ្សតសរុបប្រមាណ២០០០នាក់ ក្នុងនោះមាននិសិ្សតបរទេស២៥៦នាក់។ គោលបំណងនៃបេសកកម្មរវាងគ្រឹះស្ថានឧត្តមសិក្សាទំាងពីរនេះគឺ៖
- ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី;
- កំណត់បទដ្ឋានថ្មីនៃការបញ្ជូន/ទទួលនិសិ្សតទៅវិញទៅមក;
- ចុះហត្ថលេខាបន្តសុពលភាពអនុសារណៈនៃការយោគយល់គ្នា;
- សាកសួរសុខទុក្ខនិសិ្សតសាលាតិចណូ (៥នាក់) ដែលកំពុងបន្តការសិក្សា;
- ការផ្លាស់ប្តូរសាស្រ្តាចារ្យគ្នានិងអ្នកស្រាវជ្រាវ។
គួររំលឹកថា IMT Mines Alès បានទទួលយកនិសិ្សតចំនួន៩នាក់ហើយ ក្នុងនោះមាន៥នាក់កំពុងសិក្សា។ លោកស្រី នាយិការ Dr. Assia TRIA បានសម្តែងការរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅគណៈប្រតិភូនិងសន្យាថាយើងនឹងពង្រីកសកម្មភាពរួមគ្នាអោយបានកាន់តែច្រើនបន្ថែមទៀត ដើមី្បផលប្រយោជន៍រួមគ្នា។