(ITC-Phnom Penh): នាព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ ជាមួយដៃគូមកពីវិស័យឯកជន (the 5th ITC-Industry Consortium)។
ឯកឧត្តមនាយកបន្ទាប់ពីបានជម្រាបជូនភ្ញៀវពីវឌ្ឍភាពរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានសង្កត់ធ្ងន់ថាវិស័យឯកជនគឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ជាពិសេសដូចជាសាលាតិចណូជាដើម។ សហគ្រាសនិងរោងចក្រឯកជនគឺជាប្រភពដែលចង្អុលប្រាប់វិទ្យាស្ថាននូវចំនុចចន្លោះប្រហោង ដែលត្រូវបំពេញ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ “ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០នេះ ស្ថាប័នដែលផលិតធនធានមនុស្សត្រូវតែនៅជាមួយ ស្ថាប័នដែលស្រូបនិងត្រូវការធនធានមនុស្សយកទៅប្រើ (រោងចក្រសហគ្រាស)។ ធ្វើបែបនេះយើងអាចរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យចំតម្រូវការជាក់ស្តែង”។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះសហគ្រាស-រោងចក្រទាំងអស់ដែលបានតែងតែទទួលយកនិសិ្សតយើងចុះធ្វើកម្មសិក្សា ក៏ដូចជាការផ្តល់ការងារជូនពួកគាត់។
បន្ទាប់មកកញ្ញាបណ្ឌិត អ៊ិន សុខនាង បានបង្ហាញជូននូវគម្រោងទាំងឡាយដែលសាលាតិចណូបាននិងកំពុងធ្វើជាមួយរោងចក្រសហគ្រាសដែលជាដៃគូ។
នៅទីបញ្ចប់គឺជាការពិភាក្សានិងប្រមូលធាតុចូលថ្មីៗមួយចំនួន ដោយផ្ទាល់ត្រង់ទៅត្រង់មក ដើមី្បផលប្រយោជន៍របស់គ្នាទៅវិញទៅមក។