(ITC-ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Dr. Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការពិភាក្សាផ្តោតសំខាន់លើអនុស្សរណៈនៃការយោគយល់គ្នារវាង ITC និង Spio Analytic (លើផ្នែកជួសជុលបេតិកភណ្ឌ)។ បច្ចុប្បន្ននេះ នាយកដ្ឋានស្ដារបេតិកភណ្ឌមានគម្រោង «សាកល្បងសម្រាប់ការថែរក្សាប្រាសាទអង្គរវត្តតាមឌីជីថល»។ ពួកគេស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាតិក្នុងប្រទេសកម្ពុជា។ ដោយសា ITC គឺជាវិទ្យាស្ថានដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងប្រទេសកម្ពុជា ដែលផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាកលវិទ្យាល័យធំៗក្នុងតំបន់ និងអន្តរជាតិ បានជា Spio Analytic មានបំណងចង់ក្លាយជាដៃគូ។ គឺតាមរយៈ MoU នេះហើយដែល Spio Analytic និង ITC អាចធ្វើការរួមគ្នាសម្រាប់ការសហការស្រាវជ្រាវ អាហារូបករណ៍ និងការបណ្តុះបណ្តាល។ ក្នុងឱកាសនេះ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការភ្ជាប់ទំនាក់ទំនងរវាង ITC ជាមួយក្រុមហ៊ុនឥណ្ឌា សម្រាប់កិច្ចសហការស្រាវជ្រាវនាពេលអនាគត។ លើសពីនេះ លោកជំទាវឯកអគ្គរដ្ឋទូតលើកទឹកចិត្តនិស្សិត ITC ឱ្យដាក់ពាក្យសុំអាហារូបករណ៍ឥណ្ឌា ជាពិសេសក្នុងវិស័យព័ត៌មានវិទ្យា។