(ITC-Phnom Penh)៖ កាលពីថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយ លោក Cristian Aedo នាយកប្រតិបត្តិផ្នែកអប់រំសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភព។
ក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា លោក បេង ស៊ីមេត អ្នកជំនាញអប់រំជាន់ខ្ពស់នៃធនាគារពិភពលោក, លោកបណ្ឌិត សូយ ទី នាយករងនៃវ.ប.ក., លោកបណ្ឌិត អឿង ចន្ថា នាយករងនៃវ.ប.ក., លោក ងួន កុល្លិកានាយករងនៃវ.ប.ក., លោកបណ្ឌិត ណូ ហ្វាតា អ្នកជំនាញផ្នែកអប់រំនៃធនាគារពិភព, លោក លោក សៀង ផេន ប្រធានការិយាល័យសហប្រតិបត្តិការ, និងលោក អោម សុជា មន្រ្តី M&E នៃគម្រោង HEIP។
ឯកឧត្តមបណ្ឌិតបានបង្ហាញជូននូវសមិទ្ធិផលនានាដែលបានទទួលផ្លែផ្កាក្នុងក្របខ័ណ្ឌនៃគម្រោងកែលម្អឧត្តមសិក្សារបស់ធនាគារពិភពលោកនៅវ.ប.ក. (២០១៨-២០២៤)។
បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់ លោក Cristian Aedo បានកោតសរសើរសមិទ្ធិផលសម្រេចបានរបស់វ.ប.ក. ក្នុងបេសកកម្មដ៏លំបាកមួយដែលបានផ្តោតលើវិស័យអាទិភាពសំខាន់ៗ៖ ការស្រាវជ្រាវ ការបោះពុម្ព (លទ្ធផលស្រាវជ្រាវ) និងទំនាក់ទំនងបានល្អជាមួយវិស័យឯកជន។
នាយកប្រតិបត្តិបានស្នើឱ្យវ.ប.ក.យកចិត្តទុកដាក់បន្ថែមទៀតទៅលើបីចំនុចសំខាន់ៗរួមមាន៖ ១) ការចូលរួមទប់ស្កាត់បម្រែបំរួលអាកាសធាតុ, ២) ការបង្កើតកម្មសិទ្ធិបញ្ញា ដើមី្បការពាររបកគំហើញថ្មីៗរបស់វ.ប.ក., និង ៣) ការបង្កើតជំនាញថ្មីៗឱ្យចំទីផ្សារត្រូវការ។
ជាការឆ្លើយតប ថ្នាក់ដឹកនាំវ.ប.ក.បានពន្យល់ក៏ដូចជាបកស្រាយលំអិតទៅលើអ្វីៗដែលយើងបាននិងកំពុងបន្តសកម្មភាពក្នុងផ្នែកទាំងបីខាលើនេះ។