(ភ្នំពេញ) ៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានទទួលជួបសម្តែងការគួរសមជាមួយអ្នកស្រាវជ្រាវរុសី្សពីររូប៖ លោកស្រីសាស្រ្តាចារ្យ NUGMANOVA T. A. ប្រធានក្រុមហ៊ុន Bioin-Novo Ltd ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ូស្គូ និងសាខានៅប្រទេសអាល្លឺម៉ង់ និងលោក IANUSKEVICH IVAN ប្រធានក្រុមហ៊ុន Research & Production WTP Co., Ltd។
អ្នកស្រាវជ្រាវទាំពីររូបបានអញ្ជើញមក ជាមួយនឹងវត្តមានរបស់ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងគោលបំណងសុំកិច្ចសហការនិងគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា ទៅលើសកម្មភាពស្រាវជ្រាវក្រោមប្រធានបទ៖ “Zero Waste Agrotechnology” កែច្នៃប្រើប្រាស់ឡើងវិញនូវកាកសំណល់ពីផលិតកម្មកសិកម្មផ្សេងៗ។
គួរកត់សម្គាល់ថា ពួកគាត់បាននាំមកនូវសារធាតុ Chlorella ១០០០លីត្រ មកប្រទេសកម្ពុជា និងបានសម្អាតទឹកកាកសំណល់ (កខ្វក់) បានចំនួន២៥ពាន់ម៉ែត្រគូប កាលពីឆ្នាំមុន។
ម៉្យាងវិញទៀតចាប់ពីប៉ុន្មានឆ្នាំកន្លងទៅនេះ ផលជះនៃសិប្បកម្មផលិតដំណាប់ស្វាយ នៅក្នុងប្រទេសកម្ពុជា គឺកាកសំណល់ដូចជាសំបកស្វាយ ទឹកកខ្វក់ហូរចាក់ទៅក្នុងបឹងនិងទន្លេ បានប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវិតសត្វ-រុក្ខជាតិ គួរអោយកត់សម្គាល់។
នេះជាមូលហេតុមួយក្នុងចំណោមបញ្ហប្រឈមមួយចំនួនទៀត ដែលក្រសួងបរិស្ថាន ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងផ្តោតការយកចិត្តទុកដាក់។
គម្រោងនេះបានចាប់ផ្តើមនៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មរួចហើយ តែនៅក្នុងមុំនៃ R & D វិសាលភាពនៃគម្រោងទាមទារចំនួននិសិ្សតច្រើនចូលរួម ដូច្នេះហើយបានជាអ្នកស្រាវជ្រាវទាំងពីររូបចង់សុំកិច្ចគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី នៃក្រសួងអប់រំ និងកីឡា និងកិច្ចចូលរូមសហការពីឯកឧត្តមនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ជារួម ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានទទួលយកការស្នើសុំនេះ និងបានអរគុណ ចំពោះការចូលរួមស្រាវជ្រាវ ដែលអាចផ្តល់ផលវិជ្ជមានដល់ការការពារបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ។ ឯកឧត្តមបានសន្យាថានឹងគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី ដើមី្បសុំការគាំទ្រ ក៏ដូចជាសុំការសហការពីឯកឧត្តមនាយកនៃសាលាតិចណូ។