INSTITUTE OF TECHNOLOGY OF CAMBODIA

Category: News

  • ជំនួបរវាងថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងតំណាងគម្រោង ARES នៃប្រទេសបែលហ្សិក

    ជំនួបរវាងថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងតំណាងគម្រោង ARES នៃប្រទេសបែលហ្សិក

    នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលជួបលោកស្រី Sarah Gasquard chef adjoint de mission à l’Ambassade de Belgique à Bangkok និងលោក Marc Fransen តំណាងរបស់ Académie de Recherche et d’Enseignement Supérieur (ARES) នៃប្រទេសបែលហ្សិក។ កិច្ចពិភាក្សាផ្តោតលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីគាំទ្រស្ថាប័ន (Appui Institutionnel Programme) ដែលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកំពុងអនុវត្តរយៈពេល 5ឆ្នាំ (2022-2027)ដោយសហការជាមួយសកលវិទ្យាល័យដៃគូរចំនួន៥នៃប្រទេសបែលហ្ស៊ិករួមមាន UCLouvain, Liege, ULB, University de Namur, និង UMONS។ ឯកឧត្តមបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់ ARES ដែលតែងតែបានជួយគាំទ្រដល់វិទ្យាស្ថាន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូរបស់ក្នុងការជំរុញការអភិវឌ្ឍន៍ស្ថាប័ន។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហការដែលកំពុងបន្ត និងបានបង្ហាញអំពីការប្តេជ្ញាចិត្តដើម្បីធានាឱ្យបាននូវការអនុវត្តសម្រេចបានទៅតាមគោលដៅគម្រោង និងជំរុញភាពជាដៃគូកាន់តែរឹងមាំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សកលវិទ្យាល័យដៃគូរទាំង៥នៃប្រទេសបែលហ្ស៊ិក ក្រោមក្របខ័ណ្ឌកម្មវិធី ARES។

    សូមបញ្ជាក់ផងដែរថា គម្រោងនេះផ្តោតលើលទ្ធផលចំបងចំនួនពីរ៖

    -ទី១: ការកសាង និងពង្រឹងសមត្ថភាពនិងជំនាញដល់ បុគ្គលិក សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានលើការបង្រៀន ការស្រាវជ្រាវ និង សេវាកម្ម (extension services) ស្របតាមស្តង់ដាអន្តរជាតិ។

    -ទី២: ការពង្រឹងសមត្ថភាពវិទ្យាស្ថានក្នុងការផ្ទេរចំណេះដឹង បច្ចេកវិទ្យាសម្រាប់សហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាក្រុមការងារក៏បានធ្វើទស្សនៈកិច្ចតាមមន្ទីរពិសោធន៍មួយចំនួននៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។

  • Northern Illinois University, USA គឺជាគោលដៅថ្មីមួយទៀតនៃសហប្រតិបត្តិការរបស់សាលាតិចណូឆ្ពោះទៅកាន់ទ្វីបអាមេរិកខាងជើង

    Northern Illinois University, USA គឺជាគោលដៅថ្មីមួយទៀតនៃសហប្រតិបត្តិការរបស់សាលាតិចណូឆ្ពោះទៅកាន់ទ្វីបអាមេរិកខាងជើង

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) បានអញ្ជើញចុះហត្ថលេខាបែបនិមិត្តជាមួយសាកលវិទ្យាល័យ Northern Illinois University។

    គួរស្វែងយល់ថា Northern Illinois University (NIU) គឺជាសាកលវិទ្យាល័យមួយដ៏មានវ័យចំណាស់គឺវាត្រូវបានគេសាងសង់នៅឆ្នាំ១៨៩៥។ ដូច្នេះ NIU មានអាយុ១២៩ឆ្នាំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

    បន្ទាប់ពីបានពិភាក្សាគ្នាស្តីពីអ្វីដែលគ្រឹះស្ថានឧត្តមសិក្សាទាំងពីរបាននិងកំពុងធ្វើ (Join Research, Double Degree ជាមួយមហាវិទ្យាល័យវរីសាស្រ្តនិងធនធានទឹក) ឯកឧត្តមសាស្រ្តាចារ្យនាយក បានបញ្ជាក់ថា ថ្ងៃនេះពិតជាឱកាសថ្មីមួយទៀតសម្រាប់សាកលវិទ្យាល័យយើងទាំងពីរ ITC-NIU។ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះគឺជាការបើកទំព័រថ្មីមួយទៀត ដើមី្បពង្រឹងអ្វីដែលយើងបាននិងកំពុងធ្វើជាមួយគ្នា និងថែមទាំងអាចឈានទៅពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងពាក់ព័ន្ធនឹងជំនាញមួយចំនួនដែលកំពុងពេញនិយមដូចជា៖ Artificial Intelligence (AI), Mechatronic, Software Engineering, Cyber Security …)

    លោកបណ្ឌិត ឈុន គង់ ទ្រឹព្ធបុរសមហាវិទ្យាល័យវរីសាស្រ្តនិងធនធានទឹក ក៏បានអរគុណដល់សាកលវិទ្យាល័យដៃគូ ដោយបានបញ្ជូនតំណាងមកធ្វើការដោយផ្ទាល់ជាមួយសាលាតិចណូគឺលោកស្រី Melissa Lenczwski។ លោកបណ្ឌិតបានបន្ថែមថាវត្តមានរបស់លោកស្រីតំណាងNIUនៅក្នុង International Consortium របស់សាលាតិចណូ ពិតជាសំខាន់។ ក្នុងនាមជាសមាជិកសង្កេតការណ៍គាត់អាចផ្តល់ធាតុចូលមួយចំនួនដល់កិច្ចពិភាក្សារបស់យើងនាសម័យប្រជុំដែលនឹងប្រព្រឹត្តទៅនាចុងខែមិនា ឆ្នាំ២០២៤ខាងមុខ។

  • Institute of Urban Agriculture, Chinese Academy of Agricultural Sciences (IUA-CAAS) គឺជាដៃគូចិនទី១០ របស់សាលាតិចណូ

    Institute of Urban Agriculture, Chinese Academy of Agricultural Sciences (IUA-CAAS) គឺជាដៃគូចិនទី១០ របស់សាលាតិចណូ

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងវិទ្យាស្ថានកសិកម្មនៅទីក្រុង ដែលជាបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មចិន Institute of Urban Agriculture, Chinese Academy of Agricultural Sciences (IUA-CAAS) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា។

    គួរយល់ថាវិទ្យាស្ថានកសិកម្មនៅទីក្រុង (IUA) ដែលបានសាងសង់នៅឆ្នាំ២០១៨ គឺជាវិទ្យាស្ថានជាតិមួយក្នុងចំណោមវិទ្យាស្ថានជាតិចំនួន ៣៤ នៅក្នុងបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន (CAAS)។ IUA មានកន្លែងពិសោធន៍ និងការិយាល័យលើផ្ទៃដីជាង ១០០,០០០ម២ ហើយបានវិនិយោគ១២៧លានអឺរ៉ូ ដើម្បីផ្តល់នូវបរិយាកាសស្រាវជ្រាវដ៏ល្អបំផុតសម្រាប់អ្នកស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រកសិកម្មនៅទីក្រុង។

    បន្ទាប់ពីបានពិភាក្សាគ្នាជាង១ម៉ោង ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានអរគុណដល់សមភាគីចិន ដែលមានបំណងចាប់យកសាលាតិចណូជាដៃគូសហការដើមី្បចែករំលែកឱ្យគ្នាទៅវិញទៅមកនូវបច្ចេកវិទ្យាថ្មីក្នុងវិស័យដាំដុះ ជាពិសេសនៅទីក្រុង។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖ «ជាការពិត ប្រទេសកម្ពុជាជាប្រទេសកសិកម្ម តែយើងត្រូវការបច្ចេកវិទ្យាថ្មីនិងទំនើបដើមី្បបង្កើនផលិតភាពកសិកម្ម នាយុគ្គសម័យឌីជីថល ក្នុងសតវត្សទី២១យើងនេះ»។ ឯកឧត្តមនាយកបានចង្អុលបង្ហាញវិស័យអាទិភាពដែលយើងអាចធ្វើការរួមគ្នាបានគឺ៖ ផ្នែកមេកានីច (GIM) ផ្នែករ៉ូបូតិច (DC Lab) និងផ្នែកវរីសាស្រ្ត (GRU)។

    ភាគីចិនបានទទួលយកសំណើរខាងលើនិងត្រៀមខ្លួនធ្វើការសហការជាមួយអ្នកស្រាវជ្រាវនិងសាស្រ្តាចារ្យពាក់ព័ន្ធរបស់សាលាតិចណូ។

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំវេទិការជួបជាមួយវិស័យឯកជន៖ ក្រុមហ៊ុន សហគ្រាស និងរោងចក្រឧស្សាហកម្ម ប្រចាំឆ្នាំ២០២៣

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំវេទិការជួបជាមួយវិស័យឯកជន៖ ក្រុមហ៊ុន សហគ្រាស និងរោងចក្រឧស្សាហកម្ម ប្រចាំឆ្នាំ២០២៣

    (ITC-Phnom Penh): នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានអញ្ជើញទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងតំណាងមកពីបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រឧស្សាហកម្ម សរុបចំនួន៤០នាក់ ដើមី្បពិភាក្សាលើប្រធានបទ៣សំខាន់ៗ៖

    1. ការកែសម្រួលកម្មវិធីសិក្សាឲ្យត្រូវជាមួយនឹងតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស និងរោងចក្រឧស្សាហកម្ម លើជំនាញបច្ចេកទេស និងជំនាញទន់ និងស្វែងយល់បន្ថែមពីបច្ចេកវិទ្យាបច្ចុប្បន្ន និងនិន្នាការនាពេលអនាគតដែលជាតម្រូវការរបស់ក្រុមហ៊ុន។
    2. ការផ្លាស់ប្តូរបុគ្គលិករវាងសាលាតិចណូនិងក្រុមហ៊ុន៖ ស្វែងយល់ពីឱកាសទទួលបានមូលនិធិដើម្បីរៀបចំការបណ្តុះបណ្តាលវគ្គសិក្សាខ្លីដល់បុគ្គលិករបស់ក្រុមហ៊ុន (ឧ. ដោយប្រើមូលនិធិ SDF ឬប្រភពផ្សេងៗទៀត) និងការផ្តល់ឱកាសបណ្ដុះបណ្ដាលរយៈពេលខ្លីដល់បុគ្គលិកសាលាតិចណូនៅក្នុងក្រុមហ៊ុន។
    3. ការស្រាវជ្រាវសម្រាប់សក្តានុពលនៃការវិនិយោគរួមគ្នា៖ ស្វែងយល់ពីគម្រោងស្រាវជ្រាវជាមួយលទ្ធភាពនៃការបង្កើតក្រុមហ៊ុនរួមគ្នាជាមួយដៃគូឧស្សាហកម្ម។
      ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានជម្រាបជូនភ្ញៀវពីវឌ្ឍនភាពនៃសាលាតិចណូ និងភាពមិនអាចខ្វះបានរវាងសាលាតិចណូនិងវិស័យឯកជន។ បន្ទាប់មកយើងមានការធ្វើបទបង្ហាញខ្លីៗស្តីអំពីសកម្មភាពដែល សាលាតិចណូបានធ្វើការសហការជាមួយនឹងក្រុមហ៊ុន ព័ត៌មានអំពីសេវាកម្ម ការបណ្តុះបណ្តាល និងការស្រាវជ្រាវនៅសាលាតិចណូ។

    ដើមី្បប្រមូលធាតុចូលឱ្យកាន់តែលំអិត យើងក៏បានរៀបចំក្រុមពិភាក្សា លើប្រធានបទទាំង៣ខាងលើតាមជំនាញ៖
    • ក្រុម A៖ សំណង់ ការធ្វើតេស្ត និងសម្ភារៈ
    • ក្រុម B៖ ការផលិត
    • ក្រុម C៖ អេឡិចត្រូនិច និងអគ្គិសនី

    ធាតុចូលដែលទទួលបានពីក្រុមហ៊ុនទាំងនេះ នឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍សម្រាប់សម្រួចការបណ្តុះបណ្តាលនិងការស្រាវជ្រាវនៅសាលាតិចណូឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

  • ឯកឧត្តមសាស្ត្រាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូមកពីសាកលវិទ្យាល័យហូហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន

    ឯកឧត្តមសាស្ត្រាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូមកពីសាកលវិទ្យាល័យហូហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន

    (ITC-Phnom Penh): នារសៀលថ្ងៃច័ន្ទទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូដឹកនាំដោយសាស្រ្តាចារ្យបណ្ឌិត Jinhai ZHENG នាយរងផ្នែកស្រាវជ្រាវនិងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យហូហៃនៃសាធារណរដ្ឋប្រជាមានិតចិន ដើមី្បពិភាក្សាការងារបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានប័នទាំងពីរ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

    គួររំលឹកផងដែរថាសាលាតិចណូ និងសាកលវិទ្យាល័យហូហៃ បានចុះMoUជាមួយគ្នាក្នុងខែកក្កដា ឆ្នាំ២០២៣ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរនិស្សិត សាស្រ្តាចារ្យ ការបង្កើតកម្មវិធីសិក្សារួមគ្នា ការចូលរួមគម្រោងស្រាវជ្រាវរួមគ្នា។ តាមរយៈMoUនេះមហាវិទ្យាល័យវារីសាស្ត្រ បានធ្វើការជាមួយដេប៉ាតឺម៉ង់វារីសាស្ត្រនៃសាកលវិទ្យាល័យហូហៃដោយបានបង្កើតកម្មវិធីសិក្សារួមគ្នាមួយ (Integrated Master Degree Program) ៤+២ ដែលនិស្សិតចប់ឆ្នាំទី៤ពីមហាវិទ្យាល័យវារីសាស្រ្តនៃសាលាតិចណូ អាចបន្តទៅសិក្សានៅសាកលវិទ្យាល័យហូហៃរយៈពេល២ឆ្នាំយ៉ាងតិច ហើយនៅពេលបញ្ចប់ដោយជោគជ័យនិស្សិតនឹងទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឬអនុបណ្ឌិតពីសាកាលវិទ្យាល័យហូហៃ និងទទួលបានសញ្ញាបត្រវិស្វករពីសាលាតិចណូ។ សម្រាប់ឆ្នាំ២០២៣ជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនេះមាននិស្សិតចំនួន ០៧នាក់បាននិងកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យហូហៃ ថែមទាំងទទួលបានអាហារូបករណ៍ពេញលេញទៀតផង។

    នៅក្នុងកិច្ចប្រជុំនេះក៏មានការចាក់បង្ហាញនូវវីដេអូខ្លីស្តីអំពីដំណើការដាក់ពាក្យស្នើសុំអាហារូបករណ៍ និងការរស់នៅរបស់និស្សិតតិចណូទាំង៧នាក់ដែលកំពុងបន្តនៅសាកលវិទ្យាល័យហូហៃ។ ឯកឧត្តមសាស្រ្តាចារ្ននាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានថ្លៃងអំណគុណសម្រាប់ការផ្តល់អាហារូបករណ៍ដល់និស្សិតតិចណូ ហើយបានស្នើពង្រីកគំរូកម្មវិធីរួមបញ្ជូលគ្នានេះដល់ជំនាញដទៃទៀតផងដែរដូចជាខាង វិស្វកម្មរ៉ែ និងភូគព្វសាស្រ្ត វិស្វកម្មអគ្គិសនី វិស្វកម្មមេការនិច និងវិស្វកម្មសំណង់ជាដើម។ សាស្រ្តាចារ្យបណ្ឌិត Jinhai ZHENG ក៏បានទទួលយកសំណើរនេះនិងបាននែនាំអោយសហការីធ្វើការរួមគ្នាបន្តលើជំនាញផ្សេងៗដែលមានស្រដៀងគ្នា ហើយបានលើកឡើងពីការទទួលយកបុគ្គលិកតិចណូដែលចង់បន្តថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យហូហៃ និងការជម្រុញអោយមានការស្នើគម្រោងស្រាវជ្រាវរួមគ្នាផងដែរ។

    បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាក្រុមការងារក៏បានធ្វើទស្សនៈកិច្ចតាមមន្ទីរពិសោធន៍មួយចំនួននៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

  • ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន Meng Yee Garment Manufactory Co., Ltd.

    ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន Meng Yee Garment Manufactory Co., Ltd.

    (ITC-Phnom Penh): នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលស្វាគមន៍ថ្នាក់ដឹងនាំរបស់ក្រុមហ៊ុន Meng Yee Garment Manufactory Co., Ltd. ដើមី្បចុះអនុស្សរណៈយោគយល់គ្នា និងពិភាក្សាស្តីពីការបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានប័នទាំងពីរ។

    ក្រុមហ៊ុន Meng Yee Garment Manufacturing Co., Ltd បានទទួលនិស្សិត ៩រូបដែលបានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មពីសាលាតិចណូទៅធ្វើការនៅក្រុមហ៊ុន ហើយពួកគេបានទទួលឱកាសក្នុងការបណ្តុះបណ្តាលបន្ថែមដើម្បីក្លាយជាថ្នាក់ដឹកនាំកណ្តាលនៅក្នុងក្រុមហ៊ុន និងទទួលបានប្រាក់បៀវត្សខ្ពស់ផងដែរ។ ក្រុមហ៊ុននឹងផ្តល់អាហាររូបករណ៍ ៥កន្លែងដល់និស្សិតដែលកំពុងបន្ដការសិក្សានៅសាលាតិចណូ (ការជ្រើសរើសនឹងចាប់ផ្ដើមក្នុងខែធ្នូ ឆ្នាំ២០២៣)។ ក្រុមហ៊ុននឹងបន្តជំរុញឲ្យមានការសហការជាបន្តបន្ទាប់ដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យវិស្វកម្ម ដូចជាការផ្តល់ជូននូវបណ្ណាល័យ “Open Mind Library” និងការរៀបចំ Certified Lab Testing នៅសាលាតិចណូ។

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីននៃសាធារណរដ្ឋប្រជាមានិតចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការ

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីននៃសាធារណរដ្ឋប្រជាមានិតចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការ

    (ITC-Phnom Penh): នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូដឹកនាំដោយសាស្រ្តាចារ្យបណ្ឌិត Dunqiu Wang នាយកសាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីននៃសាធារណរដ្ឋប្រជាមានិតចិន (GUT) ដើមី្បពិភាក្សាស្តីពីការបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានប័នទាំងពីរ។

    ឯកឧត្តមនាយក បានស្នើអោយស្ថាប័នទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ក្នុងវិស័យធនធានទឹក។ សាស្រ្តាចារ្យបណ្ឌិត នាយកសាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីន បានគាំទ្ររការពង្រីកកិច្ចសហប្រតិបត្តិការលើជំនាញផ្សេងទៀតដូចជាវិស្វកម្មមេកានិច វិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តទិន្នន័យ វិស្វកម្មភូគព្ភសាស្រ្ត ជាដើម។ ភាគីទាំងពីរនឹងបង្កើតកាលានុវត្តភាពក្នុងការពង្រឹងគុណភាពអប់រំក្នុងវិស័យវិស្វកម្ម និងសហប្រតិបត្តិការលើកគម្រោងនានាក្នុងពេលអនាគត។ ជាមួយគ្នានេះដែរ សាលាតិចណូ និង GUT បានចុះអនុស្សារណយោគយល់សម្រាប់បន្តកិច្ចសហប្រតិបត្តិការរួមគ្នារយៈពេល៥ឆ្នាំតទៅមុខ។

    គណៈប្រតិភូបានអញ្ជើញទស្សនាតាម មន្ទីរពិសោធន៍មួយចំនួនរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបន្ទាប់ពីបញ្ចប់កិច្ចពិភាគ្សា និងការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារួចមក។

  • ទំនាក់ទំនង សាលាតិចណូនិងស្ថានទូតបារំាង ត្រូវបានពង្រឹងនិងពង្រីក

    ទំនាក់ទំនង សាលាតិចណូនិងស្ថានទូតបារំាង ត្រូវបានពង្រឹងនិងពង្រីក

    (ITC-Phnom Penh): នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូដឹកនាំលោក Pierre VINCENT ទីប្រឹក្សាអនុព័ន្ធសហប្រតិបត្តិការនិងវប្បធម៌ប្រចាំស្ថានទូតបារាំង ដើមី្បពិភាក្សាការងារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

    ឯកឧត្តមបានជម្រាបជូននូវសារសំខាន់នៃទំនាក់ទំនងជាមួយប្រទេសបារាំងតាមរយៈស្ថានទូតបារាំង តាំងតែពីឆ្នាំ១៩៩៣កន្លងមក។ ក្នុងក្របខណ្ឌនៃកិច្ចសហការនេះ បារាំងបានជួយរៀបចំដាក់ឱ្យដំណើរការឡើងវិញសាលាតិចនិង រហូតដល់ឆ្នាំ២០០៤ ដោយមានការគ្រប់គ្រងដោយនាយកជនជាតិបារាំងចំនួន៤នាក់។ ចាប់ពីឆ្នាំ២០០៤មក សាលាតិចណូត្រូវបានដឹកនាំដោយនាយកជនជាតិខ្មែរ ដែលមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជានាយិការទី១ និងលោកបណ្ឌិត អ៊ុម រម្យណី ជានាយកខ្មែរទី២។

    ជាប្រយោជន៍សម្រាប់សាលាតិចណូ យើងបានចាប់ផ្តើមពីគ្មានសាស្រ្តាចារ្យដែលមានសញ្ញាបត្របណ្ឌិតសោះ រហូតដល់ថ្ងៃនេះយើងមានមូលធនមនុស្សកំរិតនេះប្រមាណ១០០នាក់។ សក្តានុពលនេះអនុញ្ញាតឱ្យយើងអាចពង្រឹង៖

    ១) ការបណ្តុះបណ្តាល

    ២) ចែករំលែកបច្ចេកវិទ្យាដល់សហគមន៍

    ៣) ពង្រឹងការស្រាវជ្រាវ រហូតមានការទទួលស្គាល់ជាលក្ខណៈតំបន់ និងអន្តរជាតិ

    ៤) ឆ្នាំនេះនិសិ្សតតិចណូបានប្រឡងជាប់ទៅរៀននៅសាលាវិស្វកម្មលី្បៗនៅប្រទេសបារាំងចំនួន៥នាក់។

    ជាការឆ្លើយតប លោក Pierre VINCENT បានកោតសរសើរដល់អភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់នៃថ្នាក់ដឹកនាំខ្មែរចាប់តាំងពីឆ្នាំ២០០៤ ដែលធ្វើឱ្យគ្រឹះស្ថានមួយនេះមានឈ្មោះបោះសម្លេងជាលក្ខណៈសាកល។  ក្នុងគោលបំណងលើកកំពស់ភាសាបារាំង និងផ្តល់ឱកាសដល់ប្អូនៗនិសិ្សត លោកក៏បានសន្យាថានឹងរិះរកមធ្យោបាយបន្ថែមដើមី្បជួយដល់និសិ្សតអាចមានឱកាសធ្វើកម្មសិក្សានិងធ្វើការ ឱ្យកាន់តែបានច្រើន ដោយពិភាក្សាជាមួយធុរជនបារាំងនៅកម្ពុជា។ ជាចុងក្រោយលោកបានបញ្ជាក់ថាបារាំងនៅជាមួយសាលាតិចណូជានិច្ចដើមី្បបន្តការគាំទ្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យគ្រឹះស្ថានមួយនេះអាចអភិវឌ្ឍខ្លួនប្រកបដោយចេរភាព។