(ITC-Phnom Penh)៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ១១៣អា នៅទីស្នាក់ការកណ្តាល នៃវិទ្យាស្ថានបច្ចេកវិទ្យា នៅទីក្រុងភ្នំពេញ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានផ្តល់នូវការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូសហគ្រិនជាន់ខ្ពស់នៃប្រទេសចិនដឹកនាំដោយDr. Liu Huaizeng លេខាធិការបក្ស និងជាអគ្គនាយកក្រុមហ៊ុន CIIC Technology Group Co., Ltd.
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាវ.ប.ក.នឹងមានអាយុ៦០ឆ្នាំ នាឆ្នាំក្រោយ។ វ.ប.ក.មានដៃគូបរទេសជាច្រើនជាពិសេសនៅអឺរ៉ុប និងក៏មាននៅអាស៊ីផងដែរ ដូចជាជប៉ុន ថៃ ចិន ។ល។ វ.ប.ក.មានបេសកកម្មបីធំៗ៖
១) រក្សានិងបង្កើនគុណភាពបណ្តុះបណ្តាលជំនាញវិស្វកម្មនៅកម្ពុជា (ធ្វើយ៉ាងណាអោយឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទបដិវត្តន៍ឧស្សាកម្ម៤.០),
២) ពង្រឹងការស្រាវជ្រាវ (មាន៥ជំនាញធំជាអាទិភាព៖
២.១.) បច្ចេកវិទ្យា និងការគ្រប់គ្រងថាមពល (ETM)
២.២.) បច្ចេកវិទ្យាអាហារ និងអាហារូបត្ថម្ភ (FTN)
២.៣.) វិទ្យាសាស្ត្រ និងរចនាសម្ព័ន្ធរូបធាតុ (MSS)
២.៤.) មេកាត្រូនិច និងបច្ចេកវិទ្យាព័ត៌មាន (MIT)
២.៥.) ទឹក និងបរិស្ថាន (WAE)
៣) តភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាសឯកជន (ដោយចែករំលែកបច្ចេកវិទ្យាថ្មីដល់វិស័យឯកជននិងសង្គម)។
បន្ទាប់មកសមាភាគីចិនថ្លែងអំណរគុណចំពោះការទទួលយ៉ាងកក់ក្តៅនឹងបានសន្យាថាភាគីចិននឹងសហការជាមួយវ.ប.ក. ដើមី្បអភិវឌ្ឍន៍សហគ្រិនវ័យក្មេង តាមរយៈផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជាចិន និងបានអញ្ជើញថ្នាក់ដឹកនាំវ.ប.ក. ទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ដើមី្បរឹតចំណងមិត្តភាពជាមួយគ្នា។
ជាការឆ្លើយតបឯកឧត្តមបណ្ឌិតរីករាយនិងបានទទួលយកការអញ្ជើញ។ ឯកឧត្តមនាយកបានជម្រាបជូនប្រធានគណៈប្រតិភូថា(វ.ប.ក.) នឹងជ្រើសរើសពេលវេលាសមស្របណាមួយដើមី្បទៅបំពេញទស្សនកិច្ចនេះនាពេលអនាគតខាងមុខ ដើមិ្បកសាងកិច្ចសហប្រតិបត្តិការនិងពង្រឹងមិត្តភាពរវាងគ្នា។