(ITC-Phnom Penh): នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំង (Institut de Recherche pour le Développement-IRD) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (Khmer Earth Observation (KHEOBS) Laboratory)។
ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា Jacques PELLET, លោកស្រី Valérie VERDIER ប្រធានវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំង, លោកស្រី នៅ សុខម៉ាឌី តំណាងលោក ហេង គ្រេង ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តនៃអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំយុវជននិងកីឡា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក៏មានការចូលរួមងដែរពី អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ និងលោកសាស្រ្តាចារ្យ សំខាន់ៗមួយចំនួន។
មន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (ហៅកាត់ថា KHOEBS) គឺជាមជ្ឈមណ្ឌលចាប់សញ្ញាពីចម្ងាយដំបូងគេនៅ ITC ។ KHEOBS ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំង (IRD) ក្នុងគោលបំណងបង្កើតការសហការគ្នារវាងភាគីពាក់ព័ន្ធផ្សេងៗគ្នាក្នុងការចាប់សញ្ញាពីចម្ងាយ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ានទាំងមូល។
គួរដឹងថាយើងពឹងផ្អែកលើទឹក ដីមានជីជាតិ និងព្រៃឈើ ក្នុងចំណោមធនធានផ្សេងទៀត ដើម្បីផ្គត់ផ្គង់តម្រូវការរបស់យើង ហើយយើងកាន់តែដឹងអំពីថាតើធនធានធម្មជាតិទាំងនេះងាយរងគ្រោះប៉ុណ្ណា។ ដូច្នេះតាមរយៈទិន្នន័យពីចម្ងាយនេះ យើងអាចប្រើប្រាស់ដើម្បីគ្រប់គ្រងធនធានធម្មជាតិទាំងនេះប្រកបដោយប្រសិទ្ធភាព។ សព្វថ្ងៃនេះ យើងប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប កុំព្យូទ័រ និងបច្ចេកវិទ្យាទំនាក់ទំនងកម្រិតខ្ពស់ ដើមី្បទាញយក។ លទ្ធផលដែលបានមកពីការបច្ចេកវិទ្យានេះចូលរួមយ៉ាងខ្លាំងក្នុងការការពារបរិស្ថាន នឹងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
រីឯលោកស្រីប្រធានវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំងក៏បានអរគុណដល់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានស្វាគមន៍នឹងគាំទ្រដល់សកម្មភាពរបស់ IRD។ លោកស្រីសង្ឈឹមថាស្ថាប័នទាំងពីរនឹងធ្វើការជាមួយគ្នាដើមី្បពង្រឹងវិស័យស្រាវជ្រាវ។ សម្រាប់ពេលនេះគំរោងថ្មីអាចនឹងស្រូបយកនិសិ្សតកំរិតបណ្ឌិតម្នាក់ជាមួយនឹងកម្មវិធីCotutelleជាមួយសាកលវិទ្យាល័យ Montpellier និងនិសិ្សតMasterពីរនាក់។
ឯកឧត្តមនាយកក៏បានជម្រាបជូនប្រតិភូពីការរីកចំរើននៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលបានចេញដំណើរពីចំនុចមួយគ្មានអ្វីទាំងអស់ ទាំងសម្ភារនិងធនធានមនុស្ស រហូតមកដល់ពេលនេះមានភាពស្មើមុខស្មើមាត់ជាមួយគ្រឹះស្ថានឧត្តមសិក្សាក្នុងតំបន់និងអន្តរជាតិ។ ការបង្រៀននិងរៀន ពិតជាមានសារៈសំខាន់ តែអ្វីដែលចាំបាច់សម្រាប់សាកលវិទ្យាល័យនោះគឺការស្រាវជ្រាវ។ ដូច្នេះ មន្ទីរពិសោធន៍អង្កេតផែនដីខ្មែរ ពិតជាដើរតួនាទីសំខាន់ ជាមួយគម្រោងផ្សេងៗទៀត ក្រោមឆ័ត្រ ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី ប្រទេសបរាំង ប្រទេសជប៉ុន និងដៃគូផ្សេងៗ ដើមី្បលើកកំពស់ការស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់។
ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងបានសម្តែងនូវការសប្បាយរីករាយចំពោះវឌ្ឍភាពរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងអរគុណដល់ IRD ដែលបាននាំយកមកនូវមន្ទីរពិសោធន៍អង្កេតផែនដីខ្មែរ មកដាក់នៅក្នុងសាលាតិចណូ ដែលត្រូវទៅនឹងបរិបទ ដែលពិភពលោកកំពុងចាប់អារម្មណ៍បង្កើតភាពជាដៃគូជាមួយ អាស៊ាន។ ឯកឧត្តមបានស្នើឱ្យសាលាតិចណូតាមរយៈទីពិសោធន៍ថ្មីនេះធ្វើការជាមួយវិទ្យស្ថានបារាំងនៅកម្ពុជា Institut Français du Cambodge (IFC) ធ្វើការជាមួយគ្នាដើមី្បរៀបចំការតាំងពិព័ណ៌រូបថតសំខាន់ៗនាពេលខាងមុខ។
បន្ទាប់ពីពិធីសម្ពោធរួចមកប្រតិភូជាន់ខ្ពស់ក៏បានធ្វើទស្សនកិច្ចនៅទីពិសោធន៍សំខាន់ៗមួយចំនួនដូចជា៖ មន្ទីរពិសោធន៍សុខភាពស្រូវ (HealthyRice), មន្ទីរពិសោធន៍គីមីវិទ្យាទឹក គីមីសរីរាង្គ និងជីវគីមី (Water Chemistry, Organic Chemistry and Biochemistry Lab), មន្ទីរពិសោធន៍ ស្រាវជ្រាវបរិស្ថានតំបន់ឆ្នេរនិងដីសើម (Coastal and Wetland Environmental Research Laboratory), មន្ទីរពិសោធន៍ដី (Soil Laboratory)។
នៅទីបញ្ចប់ ឯកឧត្តមនាយកសាលាតិចណូ និង លោកស្រីប្រធានIRD ក៏បានអញ្ជើញចុះហត្ថលេខាដើមី្បផ្តល់សុពលភាព៥ឆ្នាំបន្តទៀត ដល់អនុសារណៈនៃការយោគយល់គ្នា រវាង ITC និង IRD ។