(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទីអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គីមថូ និងលោកបណ្ឌិត ងួន កុល្លិកា បានទទួលស្វាគមន៍លោកបណ្ឌិត Jonathan Choi, GBM, GBS, JP សមាជិក The Chinese People’s Political Consultative Conference (CPPCC), ប្រធានសហភាពសហគ្រិនតំបន់ Guangdong-HK-Macao Bay, ប្រធានកិត្តិយសអចិន្ត្រៃយ៍នៃសភាពាណិជ្ជកម្មចិន (HK), ប្រធានក្រុមហ៊ុន Sunwah Group។
គួរយល់ថា Sunwah Group បានបង្កើតឡើងនៅឆ្នាំ១៩៥៧ ដោយលោក Choi Kai Yau ក្នុងទីក្រុងហុងកុង។ Sunwah Group ជាអ្នកកែច្នៃ អ្នកលក់ដុំ និងចែកចាយអាហារសមុទ្រ។ វាបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៃទីក្រុងហុងកុង និងបានពង្រីកអាជីវកម្មលក់ដុំ និងចែកចាយអាហាររបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិកខាងជើង។ លោក Choi Kai Yau ក៏បានទទួលងារជា “ស្តេចគ្រឿងសមុទ្រ”។
លុះដល់ឆ្នាំ១៩៧៦ លោកបណ្ឌិត Jonathan កូនប្រុសរបស់ស្ថាបនិក បានកាន់តំណែងជាប្រធាន Sunwah ។ ក្រោមការដឹកនាំរបស់គាត់ អាជីវកម្មរបស់ Sunwah ពង្រីកទៅជាក្រុមហ៊ុនចម្រុះដ៏សម្បូរបែបជាមួយនឹងអាជីវកម្មនៅក្នុងផ្នែកសំខាន់ៗដូចជា៖ អាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ ការអប់រំ និងបណ្តុះបណ្តាល បច្ចេកវិទ្យាបៃតង និងការថែទាំសុខភាព។ សកម្មភាពគ្របដណ្តប់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិនដីគោក ជប៉ុន ម៉ាកាវ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា សិង្ហបុរី កាណាដា អឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី។
លោកប្រធានក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើសយកសាលាតិចណូព្រោះចង់ធ្វើកិច្ចសហការលើសពី ការស្រាវជ្រាវ និងនវានុវត្ត គឺការរកចំណូលសម្រាប់ស្ថាប័ន “commercialization”។
ឯកឧត្តមបណ្ឌិតបានអរគុណនិងទទួលយកភាពជាដៃគូនេះ ដើមី្បពិនិត្យលទ្ធភាពដែលយើងអាចធ្វើការជាមួយគ្នានាពេលខាងមុខ ជាពិសេសពាក់ព័ន្ធនឹងគំនិតឆ្នៃប្រឌិត “Innovation”។