INSTITUTE OF TECHNOLOGY OF CAMBODIA

Author: SIENG Chamroeun

  • សំណេះសំណាលជាមួយសាស្រ្តាចារ្យដឹកនាំការងាររៀបចំរ៉ូបូតនិងប្អូនៗនិសិ្សតទាំងពីរក្រុមរបស់សាលាតិចណូគឺក្រុម០១និង០២

    សំណេះសំណាលជាមួយសាស្រ្តាចារ្យដឹកនាំការងាររៀបចំរ៉ូបូតនិងប្អូនៗនិសិ្សតទាំងពីរក្រុមរបស់សាលាតិចណូគឺក្រុម០១និង០២

    (ITC-Phnom Penh): នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសាស្រ្តាចារ្យដឹកនាំការងាររៀបចំរ៉ូបូត និងប្អូនៗនិសិ្សតទាំងពីរក្រុមរបស់សាលាតិចណូគឺក្រុម០១និង០២ ដែលបានចូលរួមប្រកួតនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នាសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

    គួរំលឹកថាក្រុម Robot ITC 02 បានទទួលជាប់ចំណាត់ថ្នាក់លេខ១ តំណាងកម្ពុជាចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅវៀតណាមនាដើមខែសីហាខាងមុខ។ រីឯក្រុមRobot ITC 01 បានទទួលពានរង្វាន់កិត្តិយសផ្នែកវិស្វកម្ម។

    ជាការលើកទឹកចិត្ត ឯកឧត្តមនាយកបានមានប្រសាសន៍ថា៖ ជោគជ័យនេះមិនមែនកើតមកដោយចៃដន្យនោះទេ គឺវាបានមកពីការខិតខំប្រឹងប្រែងខ្លាំងណាស់របស់គ្រូដឹកនាំនិងប្អូនៗទាំងអស់គ្នា។ ដូច្នេះឯកឧត្តមសូមចូលរួមអបអរសាទរនិងកោសសើរដល់ជ័យជំនះនេះ។ ឯកឧត្តមបានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា ក៏មានមោទនភាពចំពោះទេពកោសល្យរបស់ប្អូនៗផងដែរ។

    ឯកឧត្តមនាយកក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការរួមរួមប្របាច់បញ្ចូលគ្នារវាងនិសិ្សតផ្នែកអគ្គិសនី(GEE) ផ្នែកមេកានិច (GIM) និងកុំព្យូទ័រ (GIC) គឺជាមូលដ្ឋានគ្រឹះនៃជោគជ័យនេះ។

    ឯកឧត្តមបានស្នើឱ្យប្អូនខិតខំបន្តទៀតដើមី្បទទួលបានជោគជ័យក្នុងកំរិតអន្តរជាតិ ដែលនឹងរៀបចំនៅប្រទេសវៀតណាម។

  • ITC Booklet University

    ITC Booklet University

    Booklet University_2024 download

    Short_ITC_booklet_ver-5 download

  • កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣២

    កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣២

    (វបក-ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំ១១០-អា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣២ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល។

    ក៏មានការចូលរួមដោយផ្ទាល់ពីសំណាក់ លោក Pierre VINCENT ទីប្រឹក្សាសហប្រតិបត្តិការនិងវប្បធម៌នៃស្ថានទូតបារាំង, ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកជំទាវ ប៉ែន ឆដា រដ្ឋលេខាធិការក្រសួង រ៉ែ និងថាមពល, ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, លោក Thoeurn VongDy តំណាងអង្គការ JICA ប្រចាំនៅកម្ពុជា និងលោក ឧកញ៉ា ឡាយ ម៉េងស៊ុន នាយកក្រុមហ៊ុន SKD និងជាតំណាងវិស័យឯកជន។

    រីឯដៃគូដ៏ទៃទៀត ដូចជា លោក MAINETTI Nicolas នាយក AUF Asie-Pacifique, លោកFrédéric DEBASTE តំណាង ARES នៃប្រទេសបែលហី្សក, សាស្រ្តាចារ្យ Junichi TAKADA តំណាងពីTokyo Tech, និង លោកសាស្រ្តចារ្យ KOICHIRO Watanaba ទីប្រឹក្សាអង្គការ JICA នៃទីក្រុងតូក្យូ ក៏មានវត្តមានផងដែរ។

    លោកនាយករង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធានដេប៉ាតឺម៉ង់ នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍ លោកនាយកសាលាក្រោយបរិញ្ញាបត្រ និងសាស្រា្តចារ្យពាក់ព័ន្ធ សរុបទាំងអស់ ៤៨នាក់ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។

    កិច្ចប្រជុំបានអនុម័តយល់ព្រមសំណើររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់អន្តរជាតិ ដែលបានប្រជុំកាលពីថ្ងៃមីនាកន្លងទៅ។

    គណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមានកាតព្វកិច្ចអនុវត្តសេចក្តីសម្រេចនេះសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

    កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១២៖១៥នាទី ប្រកបដោយផ្លែផ្កាជាទីមោទនៈ។

  • ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

    ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

    (វបក-ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា។ ពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

    ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា។

    គួរំលឹកថា ប.ស.ស.ក មានគ្រឹះស្ថានឧត្តមសិក្សាចំនួន ១២ ជាសមាជិក រួមមាន៖

    1. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    2. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

    3. សាកលវិទ្យាល័យ ស្វាយរៀង

    4. សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

    5. សាកលវិទ្យាល័យភូមិន្ទកសិកម្ម

    6. សាកលវិទ្យាល័យជាតិបាត់ដំបង

    7. វិទ្យាស្ថានគរុកោសល្យបាត់ដំបង

    8. សាកលវិទ្យាល័យអង្គរ

    9. សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ

    10. សាកលវិទ្យាល័យជាតិគ្រប់គ្រង

    11. សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ

    12. សាកលវិទ្យាល័យក្រចេះ

    ប.ស.ស.ក មានតួនាទីធ្វើការបណ្តុះបណ្តាលពីចម្ងាយតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបច្ចេកវិទ្យា ឌីជីថល លើវគ្គសិក្សា និងមុខវិទ្យានិង/ឬមុខជំនាញនៃកម្មវិធីសិក្សា ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងអប់រំ យុវជន និងកីឡា ឬ ពីរាជរដ្ខាភិបាលរួចហើយ។

    ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះអ្វីៗដែលកូនខ្មែរអាចធ្វើបាន៖ “កាលពីពេលមុនខ្ញុំធ្លាប់របស់មួយចំនួនធ្វើនៅបរទេស តែឥឡូវយើងអាចធ្វើបានដោយខ្លួនឯង”

    សម្តេចធិបតី ក៏បានថ្លែងយ៉ាងដូច្នេះថា ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យអប់រំ ខ្ញុំសុំផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់វិស័យដ៏មានសារៈសំខាន់នេះ ដូចខាងក្រោម៖

    ទី១. ខ្ញុំសូមលើកទឹកចិត្តឱ្យបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងជាវិស័យឯកជន បន្តធ្វើបច្ចុប្បន្នកម្មប្រព័ន្ធសិក្សាឱ្យកាន់តែប្រសើរ និងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថលស្របតាមបរិបថនៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែង នៃទីផ្សារ និងសាកលភាវូពាណិជ្ជកម្ម។

    ទី២. ខ្ញុំសុំស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ចូលរួមអនុវត្តឱ្យបានដោយប្រសិទ្ធភាពខ្ពស់នូវវិធានការដែលបានដាក់ចេញក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដើម្បីទាញយកផលជាអតិបរមាពីការធ្វើបដិវត្តកម្មឌីជីថលកម្ពុជា។

    ទី៣. ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បង្កើនកិច្ចសហប្របត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ និងអន្តរជាតិ ដើម្បីធ្វើការសិក្សារួមគ្នា ដកស្រង់បទពិសោធន៍ និងធ្វើទស្សនកិច្ចទៅវិញទៅមក ដើម្បីទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ជាក់ស្តែង និងឧត្តមានុវត្តន៍ សំដៅបង្កើនគុណភាពសិក្សា អប់រំ ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ។

    ទី៤. សូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាបន្តសហការ និងលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាអ្នកបន្តវេន និងជាសរសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ប្រកបដោយអរិយធម៌រុងរឿង។

  • ពិធីបើកគម្រោងស្រាវជ្រាវជាផ្លូវការ៖មន្ទីរពិសោធន៍ឧត្តមភាពសហប្រតិបត្តិការវិស្វកម្មដើម្បីកសិកម្មប្រកបដោយចីរភាព

    ពិធីបើកគម្រោងស្រាវជ្រាវជាផ្លូវការ៖មន្ទីរពិសោធន៍ឧត្តមភាពសហប្រតិបត្តិការវិស្វកម្មដើម្បីកសិកម្មប្រកបដោយចីរភាព

    ពិធីបើកគម្រោងស្រាវជ្រាវជាផ្លូវការ៖ មន្ទីរពិសោធន៍ឧត្តមភាពសហប្រតិបត្តិការវិស្វកម្មដើម្បីកសិកម្មប្រកបដោយចីរភាព

    “Laboratory of Excellence in co-Engineering for Sustainable Agriculture – LMI LEAD”

    នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបាននឹងកំពុងប្រារព្ធធ្វើនៅថ្ងៃទី ២០-២១ ខែមិថុនា ឆ្នាំ២០២៤

    ———————————

    (វបក-ភ្នំពេញ) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំ១០៩-អា ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អញ្ជើញចូលរួមពិធីបើកគម្រោងស្រាវជ្រាវស្តីពី មន្ទីរពិសោធន៍ឧត្តមភាពសហប្រតិបត្តិការវិស្វកម្មដើម្បីកសិកម្មប្រកបដោយចីរភាព ត្រូវបាននឹងកំពុងរៀបចំឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យា (ITC) និងវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសបារាំង (IRD) សហការណ៍ជាមួយស្ថាប័នដៃគូផ្សេងៗទៀតរួមមាន សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មសម្រាប់ការអភិវឌ្ឍអន្តរជាតិនៃប្រទេសបារាំង (CIRAD) ដោយមានការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីទ្បា (MoEYS) ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ (MAFF) ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ (MISTI) ស្ថានទូតបារំាងប្រចាំប្រទេសកម្ពុជា និងទទួលបានធាតុចូលពីស្ថាប័ននិងអង្គការ ជាតិនិងអន្តរជាតិចំនួន06ផ្សេងទៀតបន្ថែមលើស្ថាប័នខាងលើ រួមមាន Université de Montpellier, International Rice Research Institute (IRRI), Sansom Mlup Prey Organization, GRET & AliSEA, Agronomes et Vétérinaires sans Frontières(AVSF) ជាដើម។

    ពិធីបើកគម្រោងស្រាវជ្រាវនេះមានគោលបំណងដើម្បីប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ ស្ថាប័នសិក្សានិងស្រាវជ្រាវ និងវិស័យឯកជនមកពីបណ្តាញក្នុងស្រុក តំបន់ និងអន្តរជាតិដើម្បីចែករំលែកនិងពិភាក្សាអំពីការវាយតម្លៃបញ្ហាប្រឈមនានាក្នុងការអនុវត្តផលិតកម្មស្រូវប្រកបដោយនិរន្តរភាពនៅកម្ពុជាដើម្បីស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។

    ព្រឹតិ្តការណ៍នេះបាននិងកំពុងប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចាប់ពីថ្ងៃទី ២០-២១ ខែមិថុនា ឆ្នាំ២០២៤។ នៅថ្ងៃទី១ កម្មវិធីបានចាប់ផ្តើមជាមួយនឹងការប្រកាសបើកគម្រោងស្រាវជ្រាវក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា រួមនឹងគណៈប្រតិភូ០៦រូបទៀតរួមមាន ឯកឧត្តមបណ្ឌិត ចាន់ សារុទ្ធ អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត គួក ហ្វីដេរ៉ូ អនុរដ្ឋលេខាធិកាក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ និង លោកបណ្ឌិត ប៊ុន ឡុង នាយករកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកស្រីសាស្រ្តាចារ្យ TRAN Thi Anh-Dao អនុព័ន្ធកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងសាកលវិទ្យាល័យនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងលោកស្រីសាស្រ្តាចារ្យ MARTIAL Adèle តំណាងIRD ប្រចាំប្រទេសកម្ពុជា។ កម្មវិធីបន្តបន្ទាប់ក្នុងថ្ងៃទី១បានបន្តដោយវេទិកាពិភាក្សាតុមូលចំនួនពីរ បន្តបង្ហាញលម្អិតពីសកម្មភាពស្រាវជ្រាវដោយសមាជិកគម្រោង និងបញ្ចប់ដោយទស្សនៈកិច្ចមន្ទីរពិសោធន៍ពាក់ព័ន្ធនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីថ្ងៃទី២ នឹងបន្តដោយការបង្ហាញវិធីសាស្រ្តចូលរួម (participatory approaches) ដែលនឹងបន្តការចូលរួមពីស្ថាប័នជាច្រើនផងដែរ។

    គួរបញ្ជាក់ផងដែរថា គម្រោងស្រាវជ្រាវនេះបានទទួលការគាំទ្រហិរញ្ញវត្ថុពី IRD រយៈពេល ០៥ឆ្នាំចាប់ពីឆ្នាំ ២០២៤-២០២៨ (អាចនឹងបន្តបានប្រាំឆ្នាំទៀត) និងបាននឹងកំពុងដឹកនាំដោយសាស្ត្រាចារ្យជំនួយ បណ្ឌិត សួង ម៉ាលីណា អ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាអាហារនិងអាហារូបត្ថម្ភនៃវិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) និងដោយលោកបណ្ឌិត MOULIN Lionel (HDR) អ្នកស្រាវជ្រាវជាន់ខ្ពស់នៃ IRD។ លទ្ធផលរំពឹងទុកនៃគម្រោងទាំងមូលនឹងចូលរួមចំណែកជម្រុញដល់ការអនុវត្តផលិតកម្មស្រូវប្រកបដោយនិរន្តរភាពនៅកម្ពុជា និងក្នុងតំបន់។

  • AUF នៅតែជាដៃគូដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចេរភាពរបស់សាលាតិចណូ

    AUF នៅតែជាដៃគូដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចេរភាពរបស់សាលាតិចណូ

    (ITC-Phnom Penh): កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំ១១០-អា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង បានចុះហត្ថេលេខាលើកិច្ចព្រមព្រៀងគាំទ្រដល់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មរូបធាតុ និងគ្រឿងផ្គុំ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមសាសស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និង លោក អ៉ីម ក្រាវង្ស តំណាងភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំនៅកម្ពុជា។

    គម្រោង REFOPRO នេះមានរយៈពេលពីរឆ្នាំ។ គោលដៅចំបងគឺដើម្បីពង្រឹងមុខវិជ្ជាបង្រៀនដែលមានស្រាប់ ដើម្បីសម្របខ្លួនទៅនឹងការរៀនពីចម្ងាយ និង បន្ថែមមុខវិជ្ជាថ្មីស្តីពីការគ្រប់គ្រងហានិភ័យ ដែលផ្តល់ឱ្យនិស្សិតបញ្ចប់ការសិក្សារបស់យើងនូវជំនាញបច្ចេកទេសកម្រិតខ្ពស់ និងមានសមត្ថភាពបុរេសកម្មក្នុងវិជ្ជាជីវៈរបស់ពួកគេ។

    ——

    (ITC-Phnom Penh) : Le jeudi 13 juin 2024, dans la salle de réunion 210-A, l’Institut de Technologie du Cambodge (ITC) et l’Agence Universitaire de la Francophonie (AUF) ont signé un accord de coopération visant à soutenir la formation de master en ingénierie des matériaux et des structures à l’ITC.

    Cette cérémonie était sous la présidence de son excellence Prof. PO Kimtho, directeur de l’ITC et M. IM Kravong, représentant de l’AUF au Cambodge.

    Ce projet REFOPRO dont l’objectif est de renforcer les unités d’enseignement (UE) existantes pour les adapter à la formation à distance et d’introduire une nouvelle UE sur la gestion des risques, offrant ainsi à nos diplômés des compétences techniques avancées et une aptitude proactive dans le milieu professionnel, dure deux ans.

  • Institut de Technologie du Cambodge (ITC) និង Chitose Institute of Science and Technology (CIST) ជួបគ្នាដើមី្បពិនិត្យលទ្ធភាពនៃការកសាងសហប្រតិបត្តិការរួម

    Institut de Technologie du Cambodge (ITC) និង Chitose Institute of Science and Technology (CIST) ជួបគ្នាដើមី្បពិនិត្យលទ្ធភាពនៃការកសាងសហប្រតិបត្តិការរួម

    ( ITC-Phnom Penh)៖ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំ១១០-អា នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្នាក់ដឹកនាំកំពូលនៃ Institut de Technologie du Cambodge (ITC) និង Chitose Institute of Science and Technology (CIST) បានជួបប្រជុំគ្នាដើមី្បពិនិត្យលទ្ធភាពនៃការកសាងសហប្រតិបត្តិការជាមួយគ្នា។

    ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ ថ្លែងសុន្ទរកថាស្វាគមន៍ប្រតិភូ CIST និងផ្តល់ព៌ត៌មានយ៉ាងទូលំទូលាយ ដោយរៀបរាប់លម្អិតអំពីកម្មវិធីសិក្សា និងគំនិតផ្តួចផ្តើមស្រាវជ្រាវរបស់ខ្លួន។ ឯកឧត្តមបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ ITC ក្នុងការជំរុញបច្ចេកវិទ្យា និងការច្នៃប្រឌិតតាមរយៈការអប់រំ និងការស្រាវជ្រាវរួមគ្នា។

    រីឯលោកសាស្ត្រាចារ្យ Yoshikazu MIYANAGA ប្រធាន CIST ផ្តល់បទបង្ហាញយ៉ាងស៊ីជម្រៅអំពីប្រវត្តិនៃ CIST និងកម្មវិធីសិក្សាបច្ចុប្បន្នរបស់គ្រឹះស្ថាននេះ។ លោកលើកឡើងពីការវិវត្តន៍នៃ CIST ពីការបង្កើតរបស់ខ្លួនរហូតដល់ស្ថានភាពបច្ចុប្បន្នរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំក្នុងការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងប្រទេសជប៉ុន។ ការធ្វើបទបង្ហាញបានរៀបរាប់លម្អិតអំពីកម្មវិធីសិក្សាស្នូលរបស់វិទ្យាស្ថាន ដោយសង្កត់ធ្ងន់លើរបៀបដែលពួកគេត្រូវបានរៀបចំឡើង ដើម្បីជំរុញការច្នៃប្រឌិត និងជំនាញជាក់ស្តែង។

    ឯកឧត្តមសាស្ត្រាចារ្យ ប៉ូ គឹមថូ រំលេចកម្មវិធីសិក្សា និងស្នើគំនិតផ្តួចផ្តើមមួយចចំនួនសម្រាប់កម្មវិធីរួមគ្នា និងគម្រោងស្រាវជ្រាវ។

    បន្ទាប់ពីពិធីនេះ ប្រតិភូ CIST អញ្ជើញទៅទស្សនាទីពិសោធន៍របស់ ITC រួមមាន Nano Lab, e-Learning Center, DCLab និង EMC Lab ។

    ជារួមកិច្ចប្រជុំបានបញ្ចប់ ដោយភាគីទាំងពីរសម្តែងការប្តេជ្ញាចិត្តចំពោះលក្ខខណ្ឌនៃ MOU និងរំពឹងថានឹងមានកិច្ចសហការប្រកបដោយផ្លែផ្កា។

  • វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ានិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបង្កើត ERIA Digital Innovation and Sustainable Economy Centre (E-DISC)

    វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ានិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបង្កើត ERIA Digital Innovation and Sustainable Economy Centre (E-DISC)

    (ITC-Phnom Penh)៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨

    នៅសាលប្រជុំ១១០-អា នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានទទួលស្វាគមន៍ប្រតិភូ ៥រូបមកពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)នៃប្រទេសជប៉ុន ដឹកនាំដោយលោក Koji Hachiyama។

    គ្រឹះស្ថានទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើត ERIA Digital Innovation and Sustainable Economy Centre (E-DISC)។

    ការឈានដល់ការចុះហត្ថលេខាលើឯកសារផ្លូវការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការសហការគ្នាលើការលើកកម្ពស់ការច្នៃប្រឌិតឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ាន និងអាស៊ីបូព៌ា។ E-DISC ជាវេទិកាសម្រាប់ការស្រាវជ្រាវរួមគ្នា ការចែករំលែកចំណេះដឹង និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ធនធានមនុស្ស។

    ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការនេះ ការពិភាក្សាតុមូលមួយមានចំណងជើងថា “ការច្នៃប្រឌិតឌីជីថល និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ាន និងអាស៊ីបូព៌ា (រួមទាំងការអភិវឌ្ឍន៍ធនធានមនុស្សឌីជីថល)” នឹងមានការចូលរួមពីលោកបណ្ឌិត Rashesh Shresta សេដ្ឋវិទូនៅ ERIA និងលោក ឡាយ ហេង ព្រឹទ្ធបុរសនៃ មហាវិទ្យាល័យវិស្វកម្មពត័មានវិទ្យានៅ ITC ដោយមានការសម្របសម្រួលការសន្ទនាជាមួយលោក Fusanori Iwasaki អ្នកស្រាវជ្រាវនៅ ERIA។ MoU គូសបញ្ជាក់ពីផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការលើសពីតុមូល រួមទាំងការស្រាវជ្រាវរួមគ្នាលើបច្ចេកវិទ្យា និងការច្នៃប្រឌិតឌីជីថល ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវទៅកាន់អ្នកបង្កើតគោលនយោបាយ ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សសម្រាប់យុគសម័យឌីជីថល ការសហការរៀបចំព្រឹត្តិការណ៍ដូចជាសិក្ខាសាលា និងសន្និសីទ និងការស្វែងរកគម្រោងបន្ថែម។

    បន្ទាប់ពីកិច្ចពិភាក្សាតុមូល លោក Daisuke Nakayama ប្រធានគ្រប់គ្រងការច្នៃប្រឌិតឌីជីថល និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅ ERIA និងលោកបណ្ឌិត ប៊ុន ឡុង នាយករងនៃ ITC បានថ្លែងសុន្ទរកថាបិទប្រកបដោយការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ក្រុមការងារនៃភាគីទាំងពីរ។