INSTITUTE OF TECHNOLOGY OF CAMBODIA

Category: News

  • កិច្ចជំនួបជាមួយ តំណាងមកពីCentennial College

    កិច្ចជំនួបជាមួយ តំណាងមកពីCentennial College

    (វបក-ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំ២២១-អា លោក សូយ ទី នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានស្វាគមន៍ លោក Do Duy Anh និង លោកស្រី Nguyen Ngoc Dung ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិង Centennial College ក្នុងនោះដែរក៏មានការចូលរួមពីប្រធាន អនុប្រធានដេប៉ាតឺម៉ង់មួយចំនួនផងដែរ។

    ជាកិច្ចចាប់ផ្តើមលោកនាយករងបានណែនាំនិងធ្វើបទបង្ហាញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហើយបន្ទាប់មកលោកស្រី Nguyen Ngoc Dung ក៏បានធ្វើបទបង្ហាញពី Centennial College។

    កម្មវិធីចុងបញ្ចប់គឺ ការពិភាក្សាគ្នាអំពី ឱកាសដែលនឹងអាចធ្វើសហប្រតិបត្តការណ៍ជាមួយគ្នាបានដូចជា ការអាហារូបករណ៍ដើម្បីអោយនិស្សិតកម្ពុជា អាចទៅរៀននៅប្រទេសកាណាដា ក៏ដូចជាការសិក្សាលើកម្មវិធីអនឡាញ ដែលនិស្សិតអាចនឹងទទួលបានសញ្ញាប័ត្របន្ថែមជាដើម។ ក្រោយពីកិច្ចពិភាក្សានេះចប់ ភាគីខាង Centennial College នឹងធ្វើរបាយការណ៍បញ្ជូនទៅទីស្នាក់ការកណ្តាល ហើយនឹងបន្តទំនាក់ទំនងគ្នាជាបន្តទៀត ដើម្បីឈានទៅដល់ការចុះអនុសារណៈយោគយល់គ្នា ដើម្បីជាស្ពានក្នុងការបដិបត្តកម្មវិធីបន្តបន្ទាប់ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សាថ្ងៃនេះ។

    ក្រោយពីបញ្ចប់កិច្ចពិភាក្សា យើងក៏បាននាំ លោក Do Duy Anh និង លោកស្រី Nguyen Ngoc Dung ដើរទស្សនកិច្ច E-learning Studio មន្ទីរពិសោធន៍ បណ្ណាល័យមុននឹងបញ្ចប់កិច្ចជំនួបនាថ្ងៃនេះ។

  • ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា

    ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា

    (វបក-ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំព្រះខ័ន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស

    ក្នុងវិស័យទឹកស្អាត។

    ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថាន និង ឯកឧត្តម សយ ភីរម្យ រដ្ឋលេខាធិការ និង ឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។

    ថ្នាក់ដឹកនាំទាំងពីរស្ថាប័នបានបញ្ជាក់យ៉ាងច្បាស់អំពីភាពចាំបាច់នៃការរៀបចំឱ្យមានទឹកស្អាតសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះយើងនឹងបំពេញឱ្យគ្នាទៅវិញទៅមកដើមី្បរៀបចំធនធានមនុស្សដែលឆ្លើយតបនឹងតម្រូវការមួយនេះ។

  • ព្រីនហ័នយូរៀលអ៊ីស្ទេត(ខេមបូឌា)គ្រុបឯ.កនិងសាលាតិចណូបានក្លាយជាដៃគូសហការ

    ព្រីនហ័នយូរៀលអ៊ីស្ទេត(ខេមបូឌា)គ្រុបឯ.កនិងសាលាតិចណូបានក្លាយជាដៃគូសហការ

    (វបកភ្នំពេញ) នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំ១១០-អា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ព្រីន ហ័ន យូ រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប ឯ.ក បានរៀបចំពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា។

    ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថាន និង លោក Chen Yinghui អនុប្រធានក្រុមហ៊ុន។

    ជាកិច្ចចាប់ផ្តើមឯកឧត្តមនាយកបានបញ្ជាក់យ៉ាងច្បាស់ភាពជាដៃគូជាមួយក្រុមហ៊ុន ព្រីន ហ័ន យូ គឺពិតជាសំខាន់ ព្រោះថាសាលាតិចណូតែខ្លួនឯងគឺមិនអាចសម្រេចការងារមួយចំនួនបានទេ បើសិនជាមិនមានការចូលរួមពីវិស័យឯកជន។ មានតែរោងចក្រ សហគ្រាស ដែលទទួលនិសិ្សតបញ្ចប់ការសិក្សាទៅធ្វើការនោះទេ ដែលអាចបញ្ជាក់មកសាលាវិញថាតើពួកគាត់នៅមានចំនុចខ្វះខាតអ្វីខ្លះ។

    ឯកឧត្តមបានមានប្រសាសន៍ថាបេសកកម្មរបស់សាលាតិចណូគឺបណ្តុះបណ្តាល៖ បរិញ្ញាបត្ររងវិស្វកម្ម វិស្វករ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងការស្រាវជ្រាវ។ លើសពីនេះយើងក៏មានតួនាទីចែករំលែកដល់ក្រុមហ៊ុននូវបច្ចេកវិទ្យាថ្មីមួយចំនួនដើមី្បពង្រឹងគុណភាពនិងបង្កើតផលិតភាព។

    ជាការឆ្លើយតបលោក Chen Yinghui បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយក ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបានក្លាយជាដៃគូសហការ ដើមី្បស្រូបយកនិសិ្សតឱ្យធ្វើកម្មសិក្សានិងធ្វើការ។ លោកក៏ចង់ឃើញស្ថាប័នទាំងពីរអាចធ្វើអ្វីលើសពីបានរៀបរាប់ខាងលើ គឺដូចជាការស្រាវជ្រាវរួមគ្នា ការចែករំលែកនូវជំនាញខ្លះពីក្រុមហ៊ុន ដល់សាស្រ្តាចារ្យ ជាដើម។

    ជារួមក្រុមហ៊ុន ព្រីន ហ័ន យូ ដែលបានចាប់កំណើតនៅឆ្នាំ២០១៥ ក្នុងប្រទេសកម្ពុជា មានការវិនិយោគលើផ្ទៃជិត៣០០ហត (បុរីភូមិសំរោង) ត្រូវការធនធានមនុស្សលើវិស័យ៖ សំណង់ អគ្គិសនី ប្រព័ន្ធទឹក ដេក័រ លេនស្កែបដែលគ្របដណ្តប់លើ សេវាកម្មគ្រប់គ្រងអចលនទ្រព្យ មជ្ឈមណ្ឌលកម្សាន្ត អចលនទ្រព្យពាណិជ្ជកម្ម និងផ្សារទំនើប ។ល។

    ឯកឧត្តមសាស្រ្តាចារ្យនាយកក៏បានអរគុណសាជាថ្មីដល់ក្រុមហ៊ុន និងបានស្នើសុំឱ្យក្រុមហ៊ុនសហការជាមួយដេប៉ាតឺម៉ង់ពាក់ព័ន្ធដើមី្បផ្សព្វផ្សាយព័ត៌មានពីក្រុមហ៊ុនឱ្យបានទូលំទូលាយដល់និសិ្សរបស់យើងជាពិសេសឆ្នាំទី៥ និងឆ្នាំទី២សម្រាប់បរិញ្ញាបត្ររងវិស្វកម្ម។

  • ពិធីប្រកាសផ្សព្វផ្សាយអនុក្រឹត្យស្តីពីការតែងតាំងនិងប្រគល់តួនាទីឲ្យបំពេញមុខងារជូនលោកនាយករងប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងព្រឹទ្ធបុរសមហាវិទ្យាល័យនៃវ.ប.ក.

    ពិធីប្រកាសផ្សព្វផ្សាយអនុក្រឹត្យស្តីពីការតែងតាំងនិងប្រគល់តួនាទីឲ្យបំពេញមុខងារជូនលោកនាយករងប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងព្រឹទ្ធបុរសមហាវិទ្យាល័យនៃវ.ប.ក.

    (ITC-PHNOM PENH): កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មានការរៀបចំពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចដល់មន្ត្រីរាជការនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចំនួន ៧រូប ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ១១០-អា សាលាតិចណូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ លោក លោកស្រី ព្រឺទ្ធបុរស ព្រឹទ្ធបុរសរង និងមន្ត្រីរាជការជាច្រើនរូបទៀត។

    យោងតាមអនុក្រឹត្យ វិទ្យាស្ថានបានសម្រេចតែងតាំងមន្ត្រីចំនួន៧រូបរួមមាន៖ នាយករងចំនួន១រូប ព្រឺទ្ធបុរសចំនួន៥រូប ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍១រូប។

    នៅក្នុងឱកាសនោះ ឯកឧត្តមនាយកវិទ្យាស្ថាន បានផ្តល់អនុសាសន៍ ផ្តាំផ្ញើដល់មន្ត្រីរាជការដែលទើបតែងតាំងថ្មីនិងមន្ត្រីរាជការក្រោមឱវាទពាក់ព័ន្ធនឹងកិច្ចការបង្រៀន ស្រាវជ្រាវ មានជាអាទិ៍៖ – ត្រូវខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្លើយតបឱ្យបានស័ក្តសមនឹងទំនុកចិត្តរបស់ប្រទេសជាតិនិងប្រជាជនយើង – ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងរវាងមន្ត្រីរាជការទាំងអស់ក្នុងការបង្កើននូវប្រសិទ្ធភាពការងារ ដើម្បីរួមចំណែកជម្រុញអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិង ECAM LaSalle នៃទីក្រុង Lyon ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃកម្មវិធីអន្តរជាតិ ECAM LaSalle-ITC ជំនាន់ទី១ចំនួន១១នាក់

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិង ECAM LaSalle នៃទីក្រុង Lyon ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃកម្មវិធីអន្តរជាតិ ECAM LaSalle-ITC ជំនាន់ទី១ចំនួន១១នាក់

    (ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និង ECAM LaSalle នៃទីក្រុង Lyon ប្រទេសបារាំង បានប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីទាំង១១នាក់ នៃកម្មវិធីអន្តរជាតិ ECAM LaSalle-ITC ជំនាន់ទី១ នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

    ពិធីនេះបានប្រព្រឹត្តទៅនៅសាលាតិចណូរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង លោកសាស្រ្តាចារ្យ DESPLANCE Didier អគ្គនាយកសាលាវិស្វកម្ម ECAM LaSalle ក្នុងទីក្រុង Lyon ។

    ក្នុងឱកាសនេះ អ្នកចូលរួមប្រមាណ ១០០នាក់ ដែលរួមមានក្រុមគ្រួសាររបស់និស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗ សាស្រ្តាចារ្យ តំណាងក្រុមហ៊ុន និងស្ថាប័ននានា និងដៃគូរបស់សាលា បានអញ្ជើញមានវត្តមានដើម្បីអបអរសាទរដល់និស្សិតវិស្វកម្មជំនាន់ទី១ ផ្នែក រ៉ូបូទិច និងស្វ័យប្រវត្តកម្ម និងវិស្វកម្មឧស្សាហកម្ម និង គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។

    វិស័យទាំងពីរនេះមានតម្រូវការខ្ពស់ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រោះវាជាផ្នែកមួយដ៏សំខាន់នៃកម្មន្តសាល ដែលរួមចំណែកមិនអាចខ្វះបានដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។

    ECAM បានបង្កើតឡើងក្នុងឆ្នាំ១៩០០។ ECAM LaSalle ត្រូវបានទទួលស្គាល់ថាជាសាលាវិស្វកម្មឯកជនដ៏ល្អបំផុតមួយនៅក្នុងប្រទេសបារាំង។ វាតំណាងឱ្យការបណ្តុះបណ្តាលដ៏ល្បីលើពិភពលោក និងល្អឥតខ្ចោះរបស់សាលាល្បីៗនៅប្រទេសបារាំង ដែលត្រូវបានទទួលស្គាល់ដោយ CTI (Commission des titres d’ingénieur) ដើម្បីផ្តល់សញ្ញាបត្រវិស្វកម្មជាមួយនឹងតំណភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងឧស្សាហកម្ម និងបណ្តាញអតីតនិស្សិតដ៏ធំមួយ ក៏ដូចជាការបណ្តុះបណ្តាលនៅក្រៅប្រទេស។ វាគឺជាកម្មវិធីប្រកបដោយភាពច្នៃប្រឌិតដែលរួមបញ្ចូលគ្នានូវជំនាញរបស់សាលាតិចណូ និងសាលាវិស្វកម្មបារាំង៖ ECAM LaSalle ។

    អន្តរជាតិតុបនីយកម្ម និស្សិតមានឱកាស ទៅកាន់សាលា ECAM LaSalle នៃទីក្រុង Lyon ដើម្បីចំណាយពេលមួយឆមាសនៅទីនោះ។ សិក្ខាសាលាប្រកបដោយគុណភាពជាច្រើននៅក្នុងប្រទេសថៃត្រូវបានរៀបចំឡើងក្នុងកំឡុងពេលសិក្សារបស់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេអភិវឌ្ឍចំណេះដឹង ជំនាញគ្រប់គ្រង ការងារជាក្រុម ការអនុវត្តគំនិតទ្រឹស្តី និងបង្កើតបណ្តាញវិជ្ជាជីវៈ។ នៅពេលបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រវិស្វកម្ម និស្សិតអាចបន្តការសិក្សាថ្នាក់ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់វិស្វកម្មពី ECAM LaSalle ពីសាកលវិទ្យាល័យឈៀងម៉ៃ ឬសាកលវិទ្យាល័យ Kasetsart ឬ ពីសាលាតិចណូ។

    កម្មវិធីអន្តរជាតិ ECAM ដែលមាននៅសាលាតិចណូ គឺជាកម្មវិធីមួយ ដែលប្រកបដោយភាពច្នៃប្រឌិត និងពហុជំនាញនិងអនុវត្តជាក់ស្តែងជាមួយនឹងគម្រោងច្នៃប្រឌិត និងកម្មសិក្សា។ នេះជាឱកាសសិក្សាជាលក្ខណៈអន្តរជាតិ ជាមួយនឹងបរិយាកាសពហុវប្បធម៌ និងឱកាសសម្រាប់ការផ្លាស់ប្តូរការសិក្សានៅប្រទេសបារាំង៕

  • អបអរសាទរនិស្សិតនារីកម្ពុជា ៣រូប ដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតប្រជែងកម្មវិធី Huawei ICT Competition 2023-2024 Regional Round

    អបអរសាទរនិស្សិតនារីកម្ពុជា ៣រូប ដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតប្រជែងកម្មវិធី Huawei ICT Competition 2023-2024 Regional Round

    អបអរសាទរនិស្សិតនារីកម្ពុជា ៣រូប ដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដេប៉ាតឺម៉ង់ទេពកោសល្យ ទូរគមនាគមន៍ និងបណ្តាញ (GTR) ដែល ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតប្រជែងកម្មវិធី Huawei ICT Competition 2023-2024 Regional Round ផ្នែក Network Track នៅប្រទេសឥណ្ឌូនេសុី ដែលមានការចូលរួមប្រកួតប្រជែងពីបណ្តាប្រទេសនានានៅក្នុងអាសុីប៉ាសុីហ្វិក រួមមាន ឥណ្ឌូនេសុី , ម៉ាឡេសុី , មីយ៉ាន់ម៉ា , ថៃ , សាំងហ្កាពួរ , ប្រ៊ុយនេ , ភីលីពីន , ឡាវ…។ ពួកយើងពិតជាមានមោទនភាពដែលទទួលបានជោគជ័យលើឆាកអន្តរជាតិមួយនេះ ។

  • សាលាតិចណូនិងSNKRPបានក្លាយជាដៃគូសហការ

    សាលាតិចណូនិងSNKRPបានក្លាយជាដៃគូសហការ

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងក្រុមហ៊ុន SNKRP បានឈានដល់ការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា។

    ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អញ្ជើញសមភាគីទស្សនាពិព័ណ៌ស្នាដៃនិងសមិទ្ធិផលរបស់សាលាតិចណូនៅបន្ទប់១១៣-អា ព្រមទាំងបានអញ្ចើញភ្ញៀវទស្សនាទីពិសោធន៍សំខាន់មួយចំនួន។

    មុនពេលចុះហត្ថលេខា ឯកឧត្តមនាយកបានរំលេចសារៈសំខាន់នៃវិស័យឯកជនក្នុងការចូលរួមផ្តល់នូវចំនុចមួយចំនួនដែលនិសិ្សតយើងគួរបំពេញបន្ថែម។ ក្នុងន័យនេះយើងបានបង្កើតការិយាល័យទំនាក់ទំនងសហគ្រាសដែលមានរបបប្រជុំមួយដងក្នុងមួយឆ្នាំ ដើមី្បពិភាក្សាគ្នានិងបំពេញឱ្យគ្នាទៅវិញទៅមក។

    ឯកឧត្តមនាយកបានមានប្រសាសន៍ថាជារួមសាលាតិចណូមានបេសកកម្មបីធំៗ៖ ផលិតធនធានមនស្ស

    ការស្រាវជ្រាវ និង ជួយសង្គម។

    ចំណែកឯលោក ថេង សំរិទ្ធ អគ្គនាយកក្រុមហ៊ុន SNKRP បានថ្លែងអំណរគុណដល់សាលាតិចណូដែលទទួលយកភាពជាដៃគូ និងសហការផ្តល់ធនធានមនុស្ស និងចែករំលែកនូវការបណ្តុះបណ្តាលដែលក្រុមហ៊ុនត្រូវការ។ លោកអគ្គនាយកបានបញ្ជាក់ថា SNKRP គឺជាក្រុមហ៊ុនសំណង់ តម្លើងផ្ទាំងសូឡា និងវារីអគ្គិសនី។

    ក្រុមហ៊ុនត្រូវការកម្លាំងពលកម្មជំនាញ១០០នាក់ពីសាលាតិចណូ នឹងផ្តល់ទីកន្លែងស្នាក់នៅដល់និសិ្សតដែលចុះកម្មសិក្សា និងអាហារបីពេល។

    ក្រុមការងារនៃស្ថាប័នទាំងពីរនឹងពិភាក្សាគ្នាដើមី្បពិនិត្យលទ្ធភាព ជួយគ្នាទៅវិញទៅមក សម្រាប់ប្រយោជន៍រួម។

  • EMCAST នៃប្រទេសកូរ៉េចង់សហការជាមួយសាលាតិចណូ

    EMCAST នៃប្រទេសកូរ៉េចង់សហការជាមួយសាលាតិចណូ

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានអនុញ្ញាតឱ្យក្រុមការងារ EMCAST ចូលជួបពិភាក្សាការងារ នៅបន្ទប់ប្រជុំ២២១-អា នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    គោលបំណងនៃជំនួបនេះគឺ EMCAST ចង់សុំការសហការពីសលាតិចណូ ក្នុងការពង្រីកវិសាលភាពនៃសក្តានុពលរបស់ខ្លួន ដែលអាចផ្តល់ជាប្រយោជន៍ដល់និសិ្សតផ្នែក IT នៃសាលាតិចណូ។

    គួរយល់ថា EMCAST គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអប់រំសកលមួយដែលមានឯកទេសក្នុងការអភិវឌ្ឍន៍ខ្លឹមសារ e-learning ដែលជាវេទិការ (platform) សម្រាប់ ការរៀបចំការសិក្សា ការរៀនវិភាគ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។
    មកដល់បច្ចុប្បន្ន មនុស្សប្រមាណជាង២០០០០០ (ពីររយពាន់) នាក់ បានទទួលការបណ្តុះបណ្តាលពី EMCAST លើវិស័យជាច្រើនដូចជា៖ គ្រឿងសំអាង អាហារ ទូរគមនាគមន៍ និងអេឡិចត្រូនិច។ គោលដៅចំបងរបស់ EMCAST គឺដើម្បីជំរុញយុវជនក្នុងការអប់រំ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា)។ ជំនាញទាំងនេះ អនុញ្ញាតឱ្យកុមារ និងយុវជនអភិវឌ្ឍការគិតប្រកបដោយការរិះគន់ ការដោះស្រាយបញ្ហា ការវែកញែក និងជំនាញទំនាក់ទំនង ដើម្បីទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគត និងជីវិតរបស់ពួកគេក្នុងសតវត្សទី២១ ។

    ឯកឧត្តមនាយកវិទ្យាស្ថានបានស្វាគមន៍វត្តមាន EMCAST និងស្នើឱ្យដេប៉ាតឺម៉ង់ GIC ពិនិត្យលទ្ធភាពនិងយន្តការនៃអ្វីដែលយើងអាចធ្វើជាមួយគ្នាបាននាពេលខាងមុខ សម្រាប់ជាប្រយោជន៍នៃស្ថាប័នទាំងពីរ។

  • អបអរសាទរខួបទី ១១៣ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៤ ស្តីពីប្រធានបទ « ស្រ្តី និងក្មេង ស្រី ក្នុង បរិវត្តកម្ម ឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកជំទាវ

    អបអរសាទរខួបទី ១១៣ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៤ ស្តីពីប្រធានបទ « ស្រ្តី និងក្មេង ស្រី ក្នុង បរិវត្តកម្ម ឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកជំទាវ

    នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានប្រារព្វពិធីអបអរសាទរ​ខួប​លើកទី១១៣ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៤ ស្តីពីប្រធានបទ «ស្រ្តី និងក្មេង​ស្រីក្នុង​បរិវត្តកម្ម ឌីជីថល» ក្រោម​​​​អធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកជំទាវ ដែល​អញ្ជើញចូលរួមពី សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិកសិក្សា និងដៃគូអភិវឌ្ឍន៍ជានារី  នៃវិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​សរុបចំនួន ២៥០នាក់ ។

    ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតនាយក បានមានប្រសាសន៍ ជំរុញបង្កើនការជ្រើសរើសនិស្សិតនារីឱ្យមក​សិក្សា​ផ្នែកបច្ចេកទេស​ដែជាគ្រឹះសម្រាប់កសាងធនធានមនុស្សដើម្បីចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតក៏បាន​មាន​ប្រសាសន៍គាំទ្រការបង្កើតទារកដ្ឋាននៅក្នុងវិទ្យាស្ថាន​ដើម្បីសម្រួលដល់មន្រ្តីរាជការសាស្រ្តាចារ្យជានារីក្នុងបំពេញ​កា​រ​ងារ។ក្រោយពីអនុសាសន៍សំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យក៏បានជូននូវវត្ថុអនុស្សាវរីយ៍ ដល់​នារី​គ្រប់​រូប​ដែល​បម្រើការនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទាំង១៧៥នាក់។

    សម្រាប់ចូលមើលរូបភាពទាំងអស់