
Category: News
-

DENSO និង ITC បន្តសុពលភាព MOU ចំនួន២ឆ្នាំបន្ថែមទៀត
(វបក-ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានចុះហត្ថលេខាបន្តសុពលភាពអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី» ជាមួយលោក INUZUKA Naoto Huh Eok អគ្គនាយកនៃក្រុមហ៊ុន DENSO International Asia Co., Ltd នៃប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការចុះ MOU នេះគឺធ្វើឡើងក្នុងគោលបំណងអនុវត្តសកម្មភាពនានា ដើម្បីផលប្រយោជន៍រួមមានការផ្តល់ធនធានមនុស្ស និងការទទួលនិសិ្សតឱ្យធ្វើកម្មសិក្សា និងធ្វើការនៅក្នុងក្រុមហ៊ុន និងសកម្មភាពផ្សេងៗទៀត។
អនុស្សរណៈនៃការយោគយល់នេះមានសុពលភាពរយៈពេល២ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក INUZUKA Naoto Huh Eok អគ្គនាយកនៃក្រុមហ៊ុន DENSO International Asia Co., Ltd បានគូសបញ្ជាក់ថាសាលាតិចណូពិតជាដៃគូយ៉ាងសំខាន់ដើមី្បចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការផលិតមូលធនមនុស្សប្រកបដោយគុណភាព និងផ្តល់ការងារល្អដល់ពួកគាត់។ លោកក៏បានថ្លែងថាក្រុមហ៊ុនតែងតែជួយគាំទ្រដល់ការរៀបចំទិវាវិទ្យាសាស្រ្ត រៀបចំដោយសាលាតិចណូជារៀងរាល់ឆ្នាំ។
ឯកឧត្តមនាយកបានថ្លែងអំណរគុណដល់ក្រុមហ៊ុន DENSO ដែលបន្តចាត់ទុកសាលាតិចណូជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងបានមានប្រសាសន៍ថាជោគជ័យរបស់ក្រុមហ៊ុនគឺមានចំណែកសាលាតិចណូនៅក្នុងនោះដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះDENSOដែលបន្តផ្តល់ឱកាសដល់និសិ្សតសាលាតិចណូសម្រាប់កម្មសិក្សា និងបានរំលឹកពីគម្រោងធំៗជាមួយភាគីជប៉ុនដូចជា៖ LEB Project, SATREPS Project។ល។
ភ្ញៀវរបស់យើងក៏បានអញ្ជើញទស្សនា DC Lab របស់សាលាតិចណូ ដើមី្បស្វែងយល់បន្ថែមពីការរីកចំរើនបន្ថែមលើវិស័យ ស្វ័យប្រវត្តិកម្មនិងរ៉ូបូទិក។
-

ENSAT និង ITC ពង្រឹងកិច្ចសហប្រតិបត្តិការ
(វបក-ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានអនុញ្ញាតឱ្យលោក Pascal LAFAILLE ចូលជួបសម្តែងការគួរសម ដើមី្បរឹតចំណងទាក់ទងគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត រវាង សាលាតិចណូ និង ENSAT (École Nationale Supérieure Agronomique de Toulouse )។
ENSAT និងសាលាតិចណូ បានព្រមព្រៀងគ្នាពង្រឹងលើការបណ្តុះបណ្តាលជាពិសេសកម្រិត Master និង PhD។ លើសពីការបណ្តុះបណ្តាល គ្រឹះស្ថានទាំងពីរក៏គ្រោងនឹងពង្រឹងការស្រាវជ្រាវរួមគ្នាលើវិស័យទឹកនិងវិទ្យាសាស្រ្តជីវិត (រុក្ខជាតិ មនុសុ្ស និងសត្វ)។
-
Newly OPEN International Engineering Program at ITC-សាលាតិចណូ!
The Institute of Technology of Cambodia (ITC) opened 6 new international engineering programs in cooperation with international partner universities in France, Australia, the EU, Malaysia, Thailand, and Indonesia. There are double degree program opportunities for the students to receive two diplomas certificates from ITC and international- partner universities. The 6 new International Engineering Programs are:
- Construction Management and Infrastructure Engineering,
- Software Engineering,
- Artificial Intelligence Engineering and Cybersecurity,
- Sustainable Engineering and Business,
- Electronics and Smart Automation Systems,
- Materials Science and Engineering.
Students who graduate from national and international high schools are welcome to register. By choosing to study at ITC with these new International Programs, students benefit from degrees informed by local and international experts and get:
- double degrees/overseas study exchange with international partner universities
- experience project-based learning
- adoptive learning environment, smart classroom, student club
- leadership and entrepreneurial mindset
The registration is open until 18th December 2023 through https://etudiant.itc.edu.kh/register/international
We offer a range of scholarships to support the students. For more information please go: https://itc.edu.kh/international-engineering-program/
***Please scan the attached QR code or press the link: https://t.me/ITC_International_Programs to join our Telegram group where our supporting team will be happy to answer your questions on the programs.You can also contact us directly at:
Room B117, Building B,
Institute of Technology of Cambodia
Tel.: 088 566 0575 -

វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាគ្រឹះដ៏សំខាន់សម្រាប់ឧត្តមសិក្សា
(ITC-Phnom Penh)៖ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកនាយកស្តីទី សូយ ទី បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី៖ «វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាគ្រឹះដ៏សំខាន់សម្រាប់ឧត្តមសិក្សា»៖ ដានប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការរបស់ជប៉ុនជាមួយកម្ពុជា។
ក៏មានការអញ្ជើញចូលរួមផងដែរពីលោក Yanagawa Shinji, Senior Representative of JICA Cambodia Office។
វាគ្មិននៅក្នុងសន្និសីទនេះ គឺលោកសាស្រ្តាចារ្យ បណ្ឌិត Naoki Umemiya។ បទបង្ហាញរបស់គាត់ចង្អុលបង្ហាញពីការខិតខំមិនខ្លាចនឿយហត់របស់ប្រជាជនជប៉ុន ដើមី្បឱ្យប្រទេសមួយនេះមានអ្វីសព្វថ្ងៃ។ យោងបទបង្ហាញ ក្រោយសង្រ្គាមលោកលើកទី២ យើងឃើញថាជប៉ុនចាត់ទុកការបង្កើតមូលធនមនុស្សជាអាទិភាពនៃអាទីភាព ដោយកំណត់ថា៖ ខេត្តមួយសាកលវិទ្យាល័យមួយ (One prefecture, One university)។ ក្នុងន័យនេះ នៅឆ្នាំ១៩៤៨ មានតែ១២ សាកលវិទ្យាល័យទេ តែលុះមួយឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៤៩ មានរហូតដល់១៨០សាកលវិទ្យាល័យ (ក្នុងនោះមានសាកលវិទ្យាល័យជាតិចំនួន៧០ សាកលវិទ្យាល័យសាធារណៈចំនួន១៨ និងសាកលវិទ្យាល័យឯកជនចំនួន៩២)។
ដោយឡែកពាក់ព័ន្ធនឹងការជួយគាំទ្ររបស់ជប៉ុនចំពោះកម្ពុជានិងសាលាតិចណូជាពិសេស ក្រៅពីការផ្តល់អគារដែលជាមជ្ឈមណ្ឌលសា្រវជ្រាវនិងនវានុវត្ត (RIC)នៅក្នុងសាលាតិចណូ, គម្រោង SATREPS 1 & 2, ជប៉ុនបានផ្តល់អាហារូបករណ៍ដល់និសិ្សត-សាស្រ្តាចារ្យសាលាតិចណូជាង៣០០នាក់។ បរិមាណនៃមូលធនមនុស្សដែលបានទទួលការបណ្តុះនៅជប៉ុននិងសាកលវិទ្យាល័យដៃគូក្រោមបណ្តាញ AUN-SEED/NET បានរុញភាគរយនៃសាស្រា្តចារ្យដែលមានសញ្ញាបត្របណ្ឌិតរបស់សាលាតិចណូ រហូតដល់២៧% ដែលជាភាគរយខ្ពស់នៅកម្ពុជា។
គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះគឺរំលឹកដល់ខួបលោកទី៧០ឆ្នាំនៃទំណាក់ទំនងរវាងប្រជាជនជប៉ុននិងកម្ពុជា និងខួបលើកទី៣០ឆ្នាំនៃវត្តមានរបស់JICA លើទឹកដីកម្ពុជា។
នាពេលនោះក៏មានលោកសាស្រ្តាចារ្យ និងប្អូនៗនិសិ្សតចូលរួមផងដែរ សរុបទាំងអស់ជាង២០០នាក់។
-

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤ សម្រាប់និស្សិតឆ្នាំទី៣, ៤ និងទី៥
នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ សម្រាប់និស្សិតឆ្នាំទី៣, ៤ និងទី៥ ដែលមាននិស្សិតចូលរួមសរុបចំនួនប្រមាណ ២០០០នាក់ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅសាលសហសិក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
-

កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល
(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានអញ្ជើញចូលរួម ក្នុងពិធីដាក់ដំណើរការជាផ្លូវការនៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថល រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងគ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ អង្គភាពចំណុះ ក.ប.ទ. តំណាងគ្រឹះស្ថានឧត្ដមសិក្សាដៃគូទាំង៦ខាងលើ តំណាងវិស័យឯកជន និងអង្គភាពសារព័ត៌មាន ដែលមានចំនួនសរុបប្រមាណ ៣០០នាក់ ។
កម្មវិធីនេះត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក.ប.ទ. បានជម្រាបជូនអំពីសាវតារនៃការបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” (ក.អ.ជ.ឌ.) និងមានឈ្មោះជាភាសាអង់គ្លេសថា “Digital Skill Development Program” (DSDP) ក្នុងកម្មវត្ថុចម្បងចំនួន៣ ដែលរួមមាន៖ (១) ការចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035 (២) ការលើកកម្ពស់ស្តង់ដាគុណវុឌ្ឍិនៃការអប់រំលើមុខជំនាញដែលទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល និង (៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍជំនាញឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើដល់ការអប់រំ។ បន្ថែមលើនេះ ឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា ក្នុងនាមជាតំណាងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦របស់ ក.ប.ទ. ដែលឆ្លុះបញ្ជាំងពីការប្តេជ្ញារបស់គ្រឹះស្ថានឧត្តមសិក្សាដៃគូ ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួង លើការបន្តជំរុញការអប់រំពាក់ព័ន្ធនឹងជំនាញឌីជីថលនៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការបង្កើនការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន និងមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបោះជំហានឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋបាលឌីជីថលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក.ប.ទ. បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលកម្មវិធីនេះ នឹងអនុញ្ញាតឱ្យសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។ និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការនិងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាម៉េរិកឡើងទៅ ដើម្បីទ្រទ្រង់និរន្តរភាពនៃកម្មវិធីសម្រាប់និស្សិតជំនាន់ក្រោយ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. និងគ្រឹះស្ថានឧត្ដមសិក្សាដៃគូលើថវិកាសិក្សា គឺជាវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យាឌីជីថល និងផែនការអភិវឌ្ឍមូលធនមនុស្ស ដែលចូលរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការលើកកម្ពស់ការអប់រំលើជំនាញបច្ចេកវិទ្យាឌីជីថលប្រកបដោយគុណភាព ជាយុទ្ធសាស្រ្តដ៏សំខាន់មួយនៃបេសកកម្មរបស់ ក.ប.ទ. ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនឹងទទួលបានជោគជ័យ ហើយផ្តល់ផ្លែផ្កាត្រលប់មកវិញនូវមូលធនមនុស្សឌីជីថល ដែលជាកម្លាំងសកម្មក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក.ប.ទ. សូមលើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់ ដែលមានតម្រូវការស្នើសុំហិរញ្ញប្បទានសិក្សាពីកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៨ ៩៤៣ ៧៧៧ ឬគេហទំព័រ www.dsdp.gov.kh ឬតាមដានហ្វេសប៊ុកផ្លូវការឈ្មោះ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ឬ ស្កេន QR Code ខាងក្រោម។
-

សន្និសីទថ្នាក់តំបន់លើកទី១៤, និងសន្និសីទថ្នាក់អន្តរជាតិលើកទី២, ក្រោមប្រធានបទរួម “Geo-resources and Geological Engineering for Sustainable Earth”
(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងសន្និសីទថ្នាក់តំបន់លើកទី១៤ និងសន្និសីទថ្នាក់អន្តរជាតិលើកទី២ ក្រោមប្រធានបទរួម៖វិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្ត្រ សម្រាប់ផែនដីប្រកបដោយនិរន្តរភាព ។
ជាកិច្ចចាប់ផ្តើមឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា អង្គការ JICA ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិ ទាំងអស់ដែលតែងតែគាំទ្រនិងចូលរួមយ៉ាងសកម្មក្នងការអភិវឌ្ឃនិងស្រាវជ្រាវផ្នែកវិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្ត្រ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ៖ «ជាមួយនឹងការផ្តួចផ្តើមគំនិតពី JICA, ITC, ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភូគព្ភឧទ្យាន (geopark) ដំបូងគេក្នុងប្រទេសកម្ពុជានាពេលអនាគត អាចនឹងត្រូវរៀបចំបង្កើតឡើងនៅក្នុងខេត្តសៀមរាប។
ចំណែកប្រសាសន៍របស់ឯឧត្តមរដ្ឋលេខាធិការវិញក៏មានអត្ថន័យតែមួយ៖ «ដោយទទួលស្គាល់ពីតម្លៃនៃសកម្មភាពស្រាវជ្រាវផ្នែកធនធានរ៉ែ និងភូគព្ភសាស្ត្រ ជាមួយនឹងភាពជឿនលឿនផ្នែកបច្ចេកវិទ្យានិងវិស្វកម្ម ក្រសួងអប់រំ យុវជន និងកីឡា វាយតម្តែខ្ពស់ និងផ្តល់ការគាំទ្រដល់កិច្ចការទាំងនេះ និងសង្ឃឹមថាលទ្ធផលនៃសកម្មភាពស្រាវជ្រាវទាំងនេះពិតជានឹងបម្រើជាយោជន៍ដ៏មានតម្លៃសម្រាប់ការប្រើប្រាស់នាពេលអនាគត របស់រាជរដ្ឋាភិបាល និង វិស័យឯកជន»។
គួរដឹងថាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដោយមានការសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា (JICA) បានរៀបចំសន្និសីទថ្នាក់តំបន់លើកទី១៤, The 14th AUN/SEED-Net Regional Conference on Geological and Geo-resources Engineering (RCGeoE) និងសន្និសីទថ្នាក់អន្តរជាតិលើកទី២, The 2nd International Conference on Earth Resources and Geo-Environment Technology 2023 (EraGET2023) ក្រោមប្រធានបទរួម “Geo-resources and Geological Engineering for Sustainable Earth”នៅថ្ងៃទី ២១ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២៣។
មហាវិទ្យាល័យរ៉ែ និងភូគព្ភសាស្រ្តនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាគឺជាអ្នករៀបចំសន្និសីទនេះក្នុងគោលបំណង៖ បង្កើតជាកន្លែងសម្រាប់ផ្តល់ឳកាសឲ្យអ្នកស្រាវជ្រាវ និងនិស្សិតវិស្វកម្មកម្ពុជា ជាពិសេសវិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្រ្ត បានចូលរួម និងចែករំលែកលទ្ធផលស្រាវជ្រាវថ្មីៗ ជាមួយសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និស្សិតជាតិ និងអន្តរជាតិ និងជាមួយស្ថាប័នសិក្សា ក្រសួង និងក្រុមហ៊ុននានា។ ជាមួយគ្នានេះដែរ អ្នកចូរួមទាំងអស់ក៏មានឱកាសរៀន ទទួលបទពិសោធន៍ពីគ្នាទៅវិញទៅមក និងឱកាសបង្កើតនិងបង្កើនការទំនាក់ទំនង។ ក្នុងឆ្នាំនេះវិទ្យាស្ថានបានរៀបចំសន្និសីទនេះ ដោយទទួលបានជោគជ័យគួរជាទៅមោទនៈ ដែលមានការចូរួមធ្វើបទបង្ហាញចំនួន ១១៥ប្រធានបទ ពីសំណាក់សាស្រ្តាចារ្យ អ្នកស្រាវ និស្សិតជាតិ និងអន្តរជាតិ អ្នកជំនាញពីក្រសួង និងក្រុមហ៊ុនដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រសួងរ៉ែ និងថាមពល ក្លឹបស្តែមកម្ពុជា Kyushu University, The University of Tokyo, Waseda University នៃប្រទេសជប៉ុន University of the Philippines Diliman, Caraga State University Chulalongkorn University, Chiangmai University, Thammasat University, Songkla University នៃប្រទេសថៃ, Universiti Sains Malaysia (USM) នៃប្រទេសម៉ាឡេស៊ី, Universitas Indonesia Depok,នៃប្រទេសឥណ្ឌូនេស៊ី Yangon University, University of Magway នៃប្រទេសមីយ៉ាន់ម៉ា និងក្រុមហ៊ុន NIPPON KOEI CO., LTD, Renaissance Minerals (Cambodia) Limited, MERNAD Cambodia, Geo Pro Co., Ltd។
គួររំលឹកផងដែរថានេះជាលើកទី២ហើយ ដែលមហាវិទ្យាល័យរ៉ែ និងភូគព្ភសាស្រ្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំសន្និសីទថ្នាក់តំបន់ RCGeoE ជាលើកទី២ និងលើកទី១បានធ្វើឡើងក្នុងឆ្នាំ២០១៧។ ហើយក៏ជាលើកទីពីរដែរ ដែលមហាវិទ្យាល័យរ៉ែ និងភូគព្ភសាស្រ្តបានបង្កើតសិន្និសីទអន្តរជាតិផ្ទាល់ខ្លួនដែលហៅកាត់ថា EraGET និងបានរៀបចំលើកទី១ ដោយជោគជ័យក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពី ១៤ សាកលវិទ្យាល័យ និងស្ថាប័នជាតិ និងអន្តរជាតិ។
សន្និសីទនាឆ្នាំនេះក៏ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន៖ MGS Soil Improvement Co., Ltd, Renaissance Minerals (Cambodia) Limited, Dynamic Scientific, Laber Scientific, N.V.C Corporation Co., Ltd (Vital Premium Water) ។






































































