(វបក-ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានចុះហត្ថលេខាបន្តសុពលភាពអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី» ជាមួយលោក INUZUKA Naoto Huh Eok អគ្គនាយកនៃក្រុមហ៊ុន DENSO International Asia Co., Ltd នៃប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការចុះ MOU នេះគឺធ្វើឡើងក្នុងគោលបំណងអនុវត្តសកម្មភាពនានា ដើម្បីផលប្រយោជន៍រួមមានការផ្តល់ធនធានមនុស្ស និងការទទួលនិសិ្សតឱ្យធ្វើកម្មសិក្សា និងធ្វើការនៅក្នុងក្រុមហ៊ុន និងសកម្មភាពផ្សេងៗទៀត។
អនុស្សរណៈនៃការយោគយល់នេះមានសុពលភាពរយៈពេល២ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក INUZUKA Naoto Huh Eok អគ្គនាយកនៃក្រុមហ៊ុន DENSO International Asia Co., Ltd បានគូសបញ្ជាក់ថាសាលាតិចណូពិតជាដៃគូយ៉ាងសំខាន់ដើមី្បចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការផលិតមូលធនមនុស្សប្រកបដោយគុណភាព និងផ្តល់ការងារល្អដល់ពួកគាត់។ លោកក៏បានថ្លែងថាក្រុមហ៊ុនតែងតែជួយគាំទ្រដល់ការរៀបចំទិវាវិទ្យាសាស្រ្ត រៀបចំដោយសាលាតិចណូជារៀងរាល់ឆ្នាំ។
ឯកឧត្តមនាយកបានថ្លែងអំណរគុណដល់ក្រុមហ៊ុន DENSO ដែលបន្តចាត់ទុកសាលាតិចណូជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងបានមានប្រសាសន៍ថាជោគជ័យរបស់ក្រុមហ៊ុនគឺមានចំណែកសាលាតិចណូនៅក្នុងនោះដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះDENSOដែលបន្តផ្តល់ឱកាសដល់និសិ្សតសាលាតិចណូសម្រាប់កម្មសិក្សា និងបានរំលឹកពីគម្រោងធំៗជាមួយភាគីជប៉ុនដូចជា៖ LEB Project, SATREPS Project។ល។
ភ្ញៀវរបស់យើងក៏បានអញ្ជើញទស្សនា DC Lab របស់សាលាតិចណូ ដើមី្បស្វែងយល់បន្ថែមពីការរីកចំរើនបន្ថែមលើវិស័យ ស្វ័យប្រវត្តិកម្មនិងរ៉ូបូទិក។