នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)បានអនុញ្ញាត្តឱ្យលោកស្រី Carmen Gervet នាយិការនៃក្រុមស្រាវជ្រាវ ESPACE DEV នៃវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍន៍ (Institut de Recherche pour le Développement – IRD) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
លោកស្រី MARTIAL Adèle តំណាងIRDប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តមដែលបានផ្តល់កិត្តិយសដោយទទួលជួបពិភាក្សាការងារជាមួយលកស្រី Carmen Gervet និងការសហការដ៏ល្អរបស់សាលាតិចណូ។
ចំណែកឯលោកស្រីនាយិការនៃក្រុមស្រាវជ្រាវ ESPACE DEV បានបញ្ជាក់ថា IRD គឺជាវិទ្យាស្ថានពហុជំនាញដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលធ្វើការជាចម្បងក្នុងភាពជាដៃគូជាមួយបណ្តាប្រទេសនៅភាគខាងត្បូង និងក្នុងដែនដីបារាំងក្រៅប្រទេស។ ទាំងអស់គ្នា រួមមានអ្នកវិទ្យាសាស្ត្រ និងដៃគូរបស់វិទ្យាស្ថាន ផ្តល់ជូននូវដំណោះស្រាយជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលដែលសង្គម និងភពផែនដីកំពុងប្រឈមមុខ។
ESPACE-DEV (Espace pour le Développement) គឺជាផ្នែកមួយនៃIRD ដែលបានបង្កើតឡើងនៅឆ្នាំ២០១១ សម្រាប់ធ្វើការស្រាវជ្រាវលើផ្នែក បច្ចេកវិទ្យា និងការអនុវត្ត ដែលរួមមានការប្រមូលទិន្នន័យ និងវិធីសាស្រ្ត ដើមី្បធ្វើការសម្រេចចិត្តសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ឯកឧត្តមនាយកបានកោតសរសើរនិងអរគុណដល់IRDដែលបានសម្រេចចិត្តគៀកស្មាគ្នាជាមួយសាលាតិចណូ ក្នុងស្មារតីជួយគ្នាត្រង់ទៅត្រង់មក ដើមី្បបម្រើឱ្យផលប្រយោជន៍គ្នាទៅវិញទៅមក។ ឯកឧត្តមបានបន្ថែមថាសហប្រតិបត្តការជាមួយIRDពិតជាផ្តល់សាលាតិចណូនូវសមិទ្ធិផលជាច្រើនក្នុងការស្រាវជ្រាវ និងជាពិសេសធនធានមនុស្ស។ ឯកឧត្តមសាស្រ្តាចារ្យបានជម្រាបដៃគូថា៖ «នាពេលឥឡូវនេះសាលាតិចណូបានអ្នកស្រាវជ្រាវចំនួន៥ក្រុម តែនាពេលខាងមុខដោយសារតម្រូវការថ្មីៗជាច្រើន និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាឥតឈប់ឈរ យើងត្រូវការបង្កើនក្រុមសា្រវជ្រាវនិងជំនាញថ្មី។ ក្នងន័យនេះ ផ្នែក télédétections, Intelligence artificielle (AI), traitement des images ដែលគ្រប់គ្រងនិងចែកចាយដោយទីពិសោធន៍ KHEOBS នៅសាលាតិចណូពិតជាមានសារៈសំខាន់»។