នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោកនាយករង សូយ ទី បានទទួលជួបពិភាក្សាការងារជាមួយ លោក ZHAO YU គ្រូបង្រៀនឯកទេសប្រចាំការនៅកម្ពុជា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិនភាសាបរទេស នៃក្រសួងអប់រំប្រទេសចិន។
ភាគីចិនបានវាយតម្លៃខ្ពស់ចំពោះការរីកចំរោះននៃវិស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងមានបំណងចង់សហការជាមួយគ្នា ដើមី្បបម្រើឱ្យផលប្រយោជន៍គ្នាទៅវិញទៅមក។
គោលបំណងសំខាន់នៃជំនួបនេះគឺសមភាគីមានបំណងជម្រាបជូនថ្នាក់ដឹកនាំសាលាតិចណូពីវិសាលភាពនៃភាសាចិនដែលកំពង់ដើរតួនាទីសំខាន់ នៅក្នុងប្រទេសកម្ពុជា និងចង់ពង្រឹងភាសាចិននៅកម្រិតឧត្តមសិក្សា។ គួរបញ្ជាក់ថា បើតាមទិន្នន័យក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បច្ចុប្បន្ននេះ មានគ្រឹះស្ថានអប់រំចំនួនលើសពី១០០ ដែលមានបើកវគ្គបណ្តុះបណ្តាលភាសាចិននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានចំនួនសិស្ស-និស្សិតលើសពី ១០ ម៉ឺននាក់ដែលកំពុងសិក្សាភាសាចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិនភាសាបរទេស បានផ្តល់ជំនួយដល់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការបង្កើតវគ្គបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិនថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិននៅកម្ពុជា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ភាគីកម្ពុជា និងភាគីចិន បានចុះ “អនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំប្រទេសចិន ស្តីពីការអភិវឌ្ឍកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា” ដែលជាសញ្ញាមួយបង្ហាញឱ្យឃើញថាកម្ពុជាបានចាប់ផ្តើមដាក់បញ្ជូលការអប់រំភាសាចិនទៅក្នុងប្រព័ន្ធអប់រំជាតិកម្ពុជាជាផ្លូវការ។
ពាក់ព័ន្ធនឹងរឿងនេះ លោកនាយករង បានអរគុណដល់ភាគីមិត្ត និងបានបញ្ជាក់ថាសាលាតិចណូមានដៃគូជាមួយសាកលវិទ្យាល័យចិនមួយចំនួន និងមាននិសិ្សតសាលាតិចណូខ្លះ បានទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសចិន។ ដូច្នេះពួកគាត់ពិតជាត្រូវការចេះភាសាចិន។ ក្នុងន័យនេះ ដើមី្បជួយដល់និសិ្សត និងរឹតចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជំហ៊ានដំបូងសាលាតិចណូអាចអនុញ្ញាតឱ្យបើកថ្នាក់សិក្សាជាលក្ខណៈការសិក្សាក្រៅម៉ោងពេលល្ងាចសម្រាប់និសិ្សតដែលមានការចាប់អារម្មណ៍និងចង់រៀន។
ដោយឡែកពាក់ព័ន្ធនឹងការបើកជាលក្ខណៈមជ្ឍមណ្ឌលសម្រាប់ភាសាចិន (Center for Chinese Language) លោកនាយករងសុំយកសំណើរនេះឆ្លងយោបល់គណៈគ្រប់គ្រងសាលាតិចណូសិន។