(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាភិបាល២២១អា នៃវិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាង វិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា ជាមួយនឹង TRA VINH University (TVU) មកពីប្រទេសវៀតណាម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជានាយកកិត្តិយសនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកស្រី TRACH Thi Man នាយិការរង TVU។
គួររំលឹកថា TRA VINH UNIVERSITY ស្ថិតនៅទីក្រុង ត្រាវីង និងខេត្ត ត្រាវីង នៃប្រទេសវៀតណាម ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦។ បច្ចុប្បន្នសាកលវិទ្យាល័យនេះមាន៖
១- សាខាចំនួន៤
២- និសិ្សតចំនួនជាង២០០.០០០នាក់
៣- មានបុគ្គលិកនិងសាស្រ្តាចារ្យជាង១.០០០នាក់
៤- អន្តេវាសិកដ្ឋាន១ មាននិសិ្សតកំពុងស្នាក់នៅជាង៤.០០០នាក់
៥- ជំនាញខុសៗគ្នា៖
• Health Science,
• Agriculture – Aquaculture,
• Engineering – Technology,
• Foreign Languages,
• Economics and Laws,
• Southern Khmer Language,
• Culture and Arts,
• Applied Chemistry,
• Pedagogy,
• Public Management – Office Administration and Tourism,
• Political Theory និង
• Foundation Science។
ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅគណប្រតិភូនិងបានរំលឹកពីអនុស្សារីយ៍របស់ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ដែលបានបង្កើតកិច្ចសហប្រតិបត្តិការទ្វេរភាគីនេះឡើង ដើមី្បរួមគ្នាអភិវឌ្ឍន៍និងចែករំលែកគ្នាទៅវិញទៅមកនូវអ្វីដែលយើងអាចធ្វើបាន។ ឯកឧត្តមក៏ចង់ឃើញមិត្តភាពនិងការរួមគ្នាធ្វើនេះ ត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត នាពេលនេះក៏ដូចជាអនាគត ជាពិសេសលើវិស័យស្រាវជា្រវ។
ចំណែកឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ ក៏បានកោតសរសើរចំពោះសមិទ្ធិផលដែលគ្រឹះស្ថានទាំងពីរសម្រេចបាន និយាយជារួម។ ដោយឡែកសាលាតិចណូបានផ្តល់អាហារូបករណ៍ដល់និសិ្សតមកពីTVUចំនួន១១នាក់បើគិតចាប់តាំងពីឆ្នាំសិក្សា២០១១-២០១២។ បើយើងនិយាយពីកិច្ចសហការជាមួយប្រទេសវៀតណាមទាំងមូល យើងបាននិងកំពុង ធ្វើការជាមួយសាកលវិទ្យាល័យមួយចំនួនរួមមាន៖ 1. TRA VINH University, 2. CAN THO University, 3. University of Science and Technology of Hanoi (USTH), 4. Ho Chi Minh University of Technology (HCMUT), 5. Vietnam Maritime University (VMU), 6. The Graduate Academy of Social Sciences (GASS)។ ជាមួយដៃគូទាំងនេះសកម្មភាពស្រាវជ្រាវរួមគ្នា កំពុងដំណើរការយ៉ាងល្អ។
ក្នុងឱកាសនោះដែរ លោកស្រីនាយិការរងTVU ក៏ដូចជាលោកនាយករង Diep Thanh Tung បានថ្លែងអំណរគុណចំពោះការរក្សាជំហរមិត្តភាពយូរអង្វែងរវាងសាលាតិចណូនិងTVU ថែមទាំងបានសន្យាថានឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការនេះ ឱ្យលើសពីអ្វីដែលយើងកំពុងធ្វើនាពេលបច្ចុប្បន្ន។
ជាទីបញ្ចប់ លោកនាយករង សូយ ទី និងលោកស្រី TRACH Thi Man បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក ក្នុងបរិយាកាសស្និតស្នាលនិងយោគយល់គ្នាខ្ពស់។