INSTITUTE OF TECHNOLOGY OF CAMBODIA

Author: SIENG Chamroeun

  • EMCAST នៃប្រទេសកូរ៉េចង់សហការជាមួយសាលាតិចណូ

    EMCAST នៃប្រទេសកូរ៉េចង់សហការជាមួយសាលាតិចណូ

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានអនុញ្ញាតឱ្យក្រុមការងារ EMCAST ចូលជួបពិភាក្សាការងារ នៅបន្ទប់ប្រជុំ២២១-អា នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    គោលបំណងនៃជំនួបនេះគឺ EMCAST ចង់សុំការសហការពីសលាតិចណូ ក្នុងការពង្រីកវិសាលភាពនៃសក្តានុពលរបស់ខ្លួន ដែលអាចផ្តល់ជាប្រយោជន៍ដល់និសិ្សតផ្នែក IT នៃសាលាតិចណូ។

    គួរយល់ថា EMCAST គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអប់រំសកលមួយដែលមានឯកទេសក្នុងការអភិវឌ្ឍន៍ខ្លឹមសារ e-learning ដែលជាវេទិការ (platform) សម្រាប់ ការរៀបចំការសិក្សា ការរៀនវិភាគ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។
    មកដល់បច្ចុប្បន្ន មនុស្សប្រមាណជាង២០០០០០ (ពីររយពាន់) នាក់ បានទទួលការបណ្តុះបណ្តាលពី EMCAST លើវិស័យជាច្រើនដូចជា៖ គ្រឿងសំអាង អាហារ ទូរគមនាគមន៍ និងអេឡិចត្រូនិច។ គោលដៅចំបងរបស់ EMCAST គឺដើម្បីជំរុញយុវជនក្នុងការអប់រំ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា)។ ជំនាញទាំងនេះ អនុញ្ញាតឱ្យកុមារ និងយុវជនអភិវឌ្ឍការគិតប្រកបដោយការរិះគន់ ការដោះស្រាយបញ្ហា ការវែកញែក និងជំនាញទំនាក់ទំនង ដើម្បីទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគត និងជីវិតរបស់ពួកគេក្នុងសតវត្សទី២១ ។

    ឯកឧត្តមនាយកវិទ្យាស្ថានបានស្វាគមន៍វត្តមាន EMCAST និងស្នើឱ្យដេប៉ាតឺម៉ង់ GIC ពិនិត្យលទ្ធភាពនិងយន្តការនៃអ្វីដែលយើងអាចធ្វើជាមួយគ្នាបាននាពេលខាងមុខ សម្រាប់ជាប្រយោជន៍នៃស្ថាប័នទាំងពីរ។

  • អបអរសាទរខួបទី ១១៣ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៤ ស្តីពីប្រធានបទ « ស្រ្តី និងក្មេង ស្រី ក្នុង បរិវត្តកម្ម ឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកជំទាវ

    អបអរសាទរខួបទី ១១៣ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៤ ស្តីពីប្រធានបទ « ស្រ្តី និងក្មេង ស្រី ក្នុង បរិវត្តកម្ម ឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកជំទាវ

    នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានប្រារព្វពិធីអបអរសាទរ​ខួប​លើកទី១១៣ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៤ ស្តីពីប្រធានបទ «ស្រ្តី និងក្មេង​ស្រីក្នុង​បរិវត្តកម្ម ឌីជីថល» ក្រោម​​​​អធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកជំទាវ ដែល​អញ្ជើញចូលរួមពី សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិកសិក្សា និងដៃគូអភិវឌ្ឍន៍ជានារី  នៃវិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​សរុបចំនួន ២៥០នាក់ ។

    ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតនាយក បានមានប្រសាសន៍ ជំរុញបង្កើនការជ្រើសរើសនិស្សិតនារីឱ្យមក​សិក្សា​ផ្នែកបច្ចេកទេស​ដែជាគ្រឹះសម្រាប់កសាងធនធានមនុស្សដើម្បីចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតក៏បាន​មាន​ប្រសាសន៍គាំទ្រការបង្កើតទារកដ្ឋាននៅក្នុងវិទ្យាស្ថាន​ដើម្បីសម្រួលដល់មន្រ្តីរាជការសាស្រ្តាចារ្យជានារីក្នុងបំពេញ​កា​រ​ងារ។ក្រោយពីអនុសាសន៍សំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យក៏បានជូននូវវត្ថុអនុស្សាវរីយ៍ ដល់​នារី​គ្រប់​រូប​ដែល​បម្រើការនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទាំង១៧៥នាក់។

    សម្រាប់ចូលមើលរូបភាពទាំងអស់

  • គណៈប្រតិភូ Liechtenstein ធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដើមី្បស្វែងយល់ពីកិច្ចសហប្រតិបត្តិការ STEM

    គណៈប្រតិភូ Liechtenstein ធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដើមី្បស្វែងយល់ពីកិច្ចសហប្រតិបត្តិការ STEM

    (ITC-Phnom Penh)៖ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) បានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់មកពី ប្រទេស Liechtenstein ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលក្នុងការជំរុញការអប់រំ STEM ។ គណៈប្រតិភូដឹកនាំដោយលោកជំទាវ Dominique Hasler រដ្ឋមន្ត្រីក្រសួងការបរទេស អប់រំ និងកីឡា និងអមដំណើរដោយលោក Panagiotis Potolidis-Beck ប្រធានផ្នែកសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិមនុស្សធម៌ និងលោក Pius Frick អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជា សេវាកម្មអភិវឌ្ឍន៍របស់ Liechtenstein។

    នៅពេលមកដល់ គណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅដោយឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសហការី។ យើងបានបង្ហាញជូនភ្ញៀវសមិទ្ធិផលរបស់សាលាតិចណូ តាមរយៈផ្ទាំងរូបភាព និងគំរូដែលដាក់តាំងនៅក្នុងសាលពិព័រណ៍។

    របៀបវារៈនៃថ្ងៃនោះរួមមាន ដំណើរទស្សនៈកិច្ចនៅបរិវេណសាលាតិចណូ ដោយអញ្ជើញទស្សនា៖ ១) Smart Grid Laboratory; ២) Automation Laboratory និងកិច្ចប្រជុំដើម្បីពិភាក្សាអំពីការចូលរួមរបស់ LED ជាមួយ ITC។

    លោកបណ្ឌិត ប៊ុន គឹមងុន បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃសកម្មភាពសិក្សា ការស្រាវជ្រាវ និងកិច្ចសហការនៅវិទ្យាស្ថាន។ គណៈប្រតិភូមានឱកាសទទួលបានការយល់ដឹងអំពីការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានចំពោះឧត្តមភាពក្នុងវិស័យអប់រំ និងការស្រាវជ្រាវដ៏ទំនើប។

    រីឯលោកស្រីបណ្ឌិត គីណាឡេត វង្សចាន់ ប្រធានកម្មវិធីសម្រាប់កម្មវិធីគ្រប់គ្រងថាមពលកម្ពុជា និងបណ្តុះបណ្តាលសវនករ (CEMAT) ក៏បានធ្វើបទបង្ហាញលម្អិតអំពីកម្មវិធីនេះ ដោយគ្របដណ្តប់ស្ថានភាពបច្ចុប្បន្ន និងកន្លែងបណ្តុះបណ្តាល។ លោកស្រីបណ្ឌិតក៏បានលើកឡើងយ៉ាងជាក់លាក់នូវគំនិតផ្តួចផ្តើមនាពេលខាងមុខ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវកន្លែងបណ្តុះបណ្តាល CEMAT និងការលើកកម្ពស់ធនធានមនុស្ស តាមរយៈការគាំទ្រពី LED ។

    គោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងការយល់ដឹងអំពីសាលាតិចណូនិងតួនាទីរបស់គ្រឹះស្ថាននេះក្នុងវិស័យអប់រំ។ ការផ្តោតសំខាន់លើការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស។ លើសពីនេះ ការពិភាក្សាក៏ផ្តោតផងដែរលើផែនការដើម្បីបណ្តុះចំណាប់អារម្មណ៍លើ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ក្នុងចំណោមសិស្សវ័យក្មេង។

    គណៈប្រតិភូបានលើកឡើងពីសារៈសំខាន់នៃការអប់រំ STEM ដោយសរសើរសាលាតិចណូ សម្រាប់វិធីសាស្រ្តតម្រង់ទិសល្អក្នុងវិស័យ STEM ទាំងកម្រិតឧត្តម និងមធ្យមសិក្សា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង Liechtenstein និងប្រទេសកម្ពុជា គឺជាជំហានឆ្ពោះទៅរកការលើកកម្ពស់ក្របខ័ណ្ឌអប់រំ STEM ដែលមានតុល្យភាព និងរឹងមាំ។

  • ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា អញ្ជើញពិនិត្យសមិទ្ធិផលមួយចំនួននៃសាលាតិចណូ

    ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា អញ្ជើញពិនិត្យសមិទ្ធិផលមួយចំនួននៃសាលាតិចណូ

    (ITC-Phnom Penh)៖នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

    ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា រួមនឹងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា រួមនឹងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មួយចំនួនទៀត ក៏បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីផងដែរ។

    លោកនាយករង លោកទីប្រឹក្សា ព្រមទាំងលោកគ្រូអ្នកគ្រូនៃសាលាតិចណូបានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែងដោយបានទទួលវត្តមានដ៍មានសារៈសំខាន់របស់បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី។

    ឯកឧត្ដមសាស្រ្តាចារ្យនាយកសាលាតិចណូបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីវឌ្ឈភាពនៃសាលាតិចណូ ជាពិសេសការបណ្តុះបណ្តាលទាំងបួនកំរិត៖ បរិញ្ញាបត្ររង បរិញ្ញាបត្រ បញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងការស្រាវជ្រាវ។

    បន្ទាប់ពីបានទស្សនាស្តង់ពិពណ៌រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យបានអញ្ជើញទស្សនាទីពិសោធន៍មួយចំនួនដើមី្បយល់ឱ្យកាន់តែច្បាស់អ្វីៗដែលគ្រឹះស្ថានឧត្តមសិក្សាមួយនេះបាននឹងកំពុងធ្វើ។ ទីពិសោធន៍ទាំងនោះរួមមាន៖ ទីពិសោធន៍ E-learning Center, មន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (KHOEBS), មន្ទីរពិសោធន៍នៃមហាវិទ្យាល័យអគ្គិសនី, មន្ទីរពិសោធន៍ DC Lab, មន្ទីរពិសោធន៍ជលសាស្រ្ត និងជលគតិ ។ល។

    នៅទីបញ្ចប់ឯកឧត្តឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ សាលាតិចណូប្រកបដោយក្តីស្និទ្ធស្នាលជាទីបំផុត។

  • កម្មវិធីអន្តរជាតិជាមួយ ECAM LaSalle ត្រូវបានពង្រឹងនិងគម្រោងពង្រីកបន្ថែមដើមី្បឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន

    កម្មវិធីអន្តរជាតិជាមួយ ECAM LaSalle ត្រូវបានពង្រឹងនិងគម្រោងពង្រីកបន្ថែមដើមី្បឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន

    (វ.ប.ក.-ភ្នំពេញ)៖ រសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្ត្រាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Didier DESPLANCHE អគ្គនាយសាលាវិស្វកម្ម ECAM LaSalle de Lyon និង លោក Nattapon Chantarapanich ព្រឹទ្ធបុរសរងទទួលបន្ទុកស្រាវជ្រាវនិងនវានុវត្តន៍ នៃមហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យ Kasetsart University ។

    គោលបំណងសំខាន់នៃជំនួបនេះ បើយោងតាមឯកឧត្តមសាស្រ្តាចារ្យនាយកសាលាតិចណូ គឺយើងត្រូវពង្រឹងជំនាញទាំងពីរដែលយើងកំពុងបង្រៀន និងយើងត្រូវពង្រីកបន្ថែមជំនាញថ្មីដែលស្របនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដោយផ្អែកលើការអភិវឌ្ឍវិស័យឯកជននិងការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។

    ក្នុងន័យនេះ វិស័យវិស្វកម្មកម្មន្តសាលឌីជីថល (Digital Manufacturing Engineering) គឺជារឿងដែលត្រូវយកចិត្តទុកដាក់។ តួយ៉ាងដូចជា International Program ជាមួយ Curtin University នៃប្រទេសអូស្រ្តាលី យើងមាន Software Engineering និង Cyber Security។

    លោក Nattapon Chantarapanich ដែលជាដៃគូយូរឆ្នាំរបស់ ECAM LaSalle de Lyon ក៏បានសន្យាថានឹងបង្កើតសហប្រតិបត្តិការជាមួយសាលាតិចណូដើមី្ប៖ ១) ផ្តល់អាហារូបករណ៍ដល់និសិ្សតតិចណូ; ២) ផ្លាស់ប្តូរសាស្រ្តាចារ្យ; ៣) ការស្រាវជ្រាវរួមគ្នា; ៤) ការបោះពុម្ពរួមគ្នា ។ល។

  • វគ្គបណ្តុះបណ្តាលស្តីពី « វិធីសាស្រ្តចូលរួម៖ ការរៀបចំ ការសម្របសម្រួល និង ការវាយតម្លៃដំណើរការសិក្ខាសាលាពិគ្រោះយោបល់» គាំទ្រដោយគម្រោង REASOL និង ECOTERM

    វគ្គបណ្តុះបណ្តាលស្តីពី « វិធីសាស្រ្តចូលរួម៖ ការរៀបចំ ការសម្របសម្រួល និង ការវាយតម្លៃដំណើរការសិក្ខាសាលាពិគ្រោះយោបល់» គាំទ្រដោយគម្រោង REASOL និង ECOTERM

    (ITC-Phnom Penh) ៖នាថ្ងៃទី១៣ ដល់ ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានសហការជាមួយ ដៃគូបារាំងមកពី វិទ្យាស្ថានស្រាវជ្រាវបារាំងដើមី្បការអភិវឌ្ឍ (IRD) និង និង ក្រុមហ៊ុនបារាំង Lien Social et Décision (LISODE), បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី « វិធីសាស្រ្តចូលរួម៖ ការរៀបចំ ការសម្របសម្រួល និង ការវាយតម្លៃដំណើរការសិក្ខាសាលាពិគ្រោះយោបល់» ដល់លោក លោកស្រីបុគ្គលិក នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) អគ្គនាយកដ្ឋានកសិកម្ម (GDA) វិទ្យាស្ថានស្រាវជ្រាវបារាំងដើមី្បការអភិវឌ្ឍ (IRD) NGO Agrisud International សរុបចំនួន១២នាក់ ដែលគាំទ្រថវិកាដោយគម្រោង REASOL និង ECOTERM។

  • វគ្គបណ្តុះបណ្តាលអភិវឌ្ឍអាជីពគ្រូបង្រៀនលើប្រធានបទ « ការពង្រឹងការបង្រៀនដោយប្រើឧបករណ៍ក្នុងប្រព័ន្ធ Moodle» គាំទ្រដោយគម្រោង ARES

    វគ្គបណ្តុះបណ្តាលអភិវឌ្ឍអាជីពគ្រូបង្រៀនលើប្រធានបទ « ការពង្រឹងការបង្រៀនដោយប្រើឧបករណ៍ក្នុងប្រព័ន្ធ Moodle» គាំទ្រដោយគម្រោង ARES

    (ITC-Phnom Penh) ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សូយ ទី នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលអភិវឌ្ឍអាជីពគ្រូបង្រៀនលើប្រធានបទ « ការពង្រឹងការបង្រៀនដោយប្រើឧបករណ៍ក្នុងប្រព័ន្ធ Moodle» សម្រាប់គ្រូបង្រៀន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគ្រូបង្រៀន មកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ សរុបចំនួន ២២នាក់ ដែលគាំទ្រថវិកាដោយគម្រោងARES នៃប្រទេសបែលហ្សិក។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ថ្ងៃ ដែលផ្តោតលើការគ្រប់គ្រងការបង្រៀននិងរៀនដោយប្រើឧបករណ៍ក្នុងប្រព័ន្ធ Moodle ដែលមានជាអាទិ៍ ការគ្រប់គ្រងវត្តមាននិស្សិត, ការប្រមូលពិន្ទុកិច្ចការនិងប្រឡងនានា, ការប្រើ Interactive Content ដែលជំរុញដល់ Formative Assessment, ការប្រមូលមតិវាយតម្លៃពីនិស្សិត លើការបង្រៀន, ការប្រើ Batch សំគាល់និស្សិតដែលអាចមានសិទ្ធប្រើប្រាស់ឧបករណ៍ពិសោធន៍ -ល-។ ឧបករណ៍ទាំងនេះនឹងរួមចំនែក ក្នុងការបង្រៀននិងរៀនតាមបែប Blended Learning និង Flipped Classroom ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

  • ពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អគារស្រាវជ្រាវនិងបណ្តុះបណ្តាលនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)

    ពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អគារស្រាវជ្រាវនិងបណ្តុះបណ្តាលនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)

    ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំ ពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អាគារអគារស្រាវជ្រាវនិងបណ្តុះបណ្តាលមួយខ្នង ដែលមានកម្ពស់៦ជាន់ មាន ៦៥បន្ទប់ ដែលត្រូវចំណាយពេលសាងសង់ជាង១៨ខែ និងរំពឹងថាអាចនឹងបញ្ចប់សព្វគ្រប់នៅខែឧសភាឆ្នាំ២០២៥។ អគារថ្មីនេះ ត្រូវបានរចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd  ជាមួយនឹងថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៃធនាគារពិភពលោក (WB)។ នេះគឺជា ទីតាំងទី២របស់សាលាតិចណូ ដែលមានអគារអន្តេវាសិកដ្ឋាន អគារសិក្សា និងស្រាវជ្រាវ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀតដូចជារបង សួន កន្លែងលែងកីឡា ចំណតឡានម៉ូតូ ផ្លូវ ស្រះទឹក អគ្គីសនី។ល។

    ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង គណៈគ្រប់គ្រង មន្រ្តី សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ សរុបរួមប្រមាណ២០០នាក់។

    យើងសង្ឍឹមថាអគារថ្មីនេះពិតជាហេដ្ឋារចនាសម្ព័ន្ធថ្មីដែលអាចនឹងជួយពង្រឹងនិងសម្រួលដល់ការបង្រៀន និងរៀន និងជាពិសេសការងារស្រាវជ្រាវរបស់វិទ្យាស្ថាន។ វាក៏ជួយដល់ការពង្រឹងគុណភាពនិងពង្រីកការស្រាវជ្រាវរបស់មូលធនមនុស្សនៅក្នុងសម័យឌីជីថល ដែលអាចចូលរួមជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការសម្រេចគោលដៅធំៗចំនួនពីរ៖ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

  • គម្រោងថ្មីមួយទៀតនឹងត្រូវបានបង្កើតឡើងដើមី្បបន្តពីគម្រោងLBE

    គម្រោងថ្មីមួយទៀតនឹងត្រូវបានបង្កើតឡើងដើមី្បបន្តពីគម្រោងLBE

    (វបក-ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានអនុញ្ញាតឱ្យ១) Prof. Jun-ichi Takada, Chief Advisor of LBE Project, ២) Mr. Akihiro Iwasaki, Director, Technical and Higher Education Team, Human Development Department, JIA HQ, ៣) Ms. Ikue Eda, Program Officer, Technical and Higher Education Team, Human Development Department, JICA HQ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅបន្ទប់ប្រជុំក្រុមប្រឹក្សាភិបាលសាលាតិចណូ។

    គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺស្តាប់ការបូកសរុបរបាយការណ៍នៃគម្រោងLBE ដែលបានបញ្ចប់ប្រកបដោយផ្លែផ្កាគួរជាទីមោទន និងពិភាក្សាលើគម្រោងថ្មីមួយទៀតដែលត្រូវបន្តពីគម្រោងLBEនេះ។

    គម្រោងថ្មីនេះអាចមានឈ្មោះ៖ “the Project for Enhancing Industry-Academic-Community Networks for Strengthening Research and Development”។ គម្រោងថ្មីនេះនឹងចាប់ផ្តើមនៅខែតុលាឆ្នាំ២០២៤ និងបញ្ចប់នៅខែកញ្ញាឆ្នាំ២០២៩។

    កិច្ចពិភាក្សាផ្តោតជាចំបងលើ៖ សាកលវិទ្យាល័យគោលដៅដែលគម្រោងអាចគ្របដណ្តប់ អាហារូបករណ៍ដែលគួរផ្តល់ឱ្យ និងអត្ថប្រយោជន៍នៃគម្រោង។

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបើកបវេសនកាលសម្រាប់កម្មវិធីអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបើកបវេសនកាលសម្រាប់កម្មវិធីអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤

    (ITC-PHNOM PENH)៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) បានបើកបវេសនកាលសម្រាប់កម្មវិធីអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤។ គួររំលឹកថានេះគឺជាកម្មវិធីមួយដែលបានកើតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ CURTIN UNIVERSITY នៃប្រទេសអូស្រ្តាលី។ សម្រាប់ជំនាន់ទី១នេះ មាននិសិ្សតសរុបចំនួន៣៨នាក់ ដែលនឹងចាប់យកជំនាញថ្មីចំនួនបី៖ AI, Software engineering និង Cyber security។

    ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានស្វាគមន៍ប្អូនៗ ដោយមានប្រសាសន៍ថា៖ «ខ្ញុំសូមកោតសរសើរចំពោះប្អូនៗ ព្រោះថាជាប់បាក់ឌុប ជោគជ័យមួយហើយ ឥឡូវមិនត្រឹមតែប្រលងជាប់ជានិសិ្សតតិចណូប៉ុណ្ណោះទេ ថែមទាំងបានចូលសិក្សាក្នុងកម្មវិធីអន្តរជាតិជំនាន់ទី១ ថែមទៀត»។

    ឯកឧត្តមបានបញ្ជាក់ថា សាលាតិចណូ បានកសាងឡើងនៅឆ្នាំ១៩៦៤។ គឺជាគ្រឹះស្ថានវិស្វកម្មតែមួយគត់ដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា។ អ្នកបច្ចេកទេស និងវិស្វករប្រមាណ១៥០០០នាក់បានទទួលការបណ្តុះបណ្តាលពីគ្រឹះស្ថានមួយនេះ និងកំពុងបម្រើការនៅក្នុងប្រទេសនិងក្រៅប្រទេស។ សាលាតិចណូបច្ចុប្បន្នមានបេសកកម្មធំៗបី៖ ១) ការបណ្តុះបណ្តាលប្រកបដោយគុណភាព, ២) ការស្រាវជ្រាវ និង ទី៣) ការផ្តល់សេវាកម្មទៅរោងចក្រសហគ្រាស (វិស័យឯកជន) និងសង្គមទូទៅ។

    ឯកឧត្តមបានបន្ថែមទៀតថា៖ «ជំនាញថ្មីៗដែលប្អូននឹងទទួលនេះ ពិតជាដើរស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលផ្តោតលើសេដ្ឋកិច្ចសង្គមឌីជីថល ដើមី្បសម្រេចគោលដៅធំៗពីរ ឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅ ឆ្នាំ២០៥០»។

    ឯកឧត្តមបានស្នើសុំអោយប្អូនៗខិតខំរៀនសូត្រនិងរៀបចំខ្លួនដើមី្បក្លាយទៅជាមូលធនមនុស្សដែលសង្គមជាតិត្រូវការ។ រីឯសាលាតិចណូវិញ យើងពិតជាបន្តធ្វើដំណើរទៅមុខទៀតជាមួយ ក្រសួងអប់រំ យុវជន និងកីឡា, ធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារអភិវឌ្ឍន៏បារាំង (AFD), ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងសាកលវិទ្យាល័យដៃគូជាតិនិងអន្តរជាតិជាច្រើនទៀត។

    ចំណែកឯលោកបណ្ឌិត ប៊ុន គឹមងន់ នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានសម្តែងនូវក្តីសប្បាយរីករាយនឹងជោគជ័យរបស់ប្អូនៗ។ លោកបានណែនាំថាប្អូនៗត្រូវមានផែនការច្បាស់លាស់ដើមី្បទទួលបានជោគជ័យក្នុងការសិក្សា ក្នុងពេលដែលកំពុងមានវត្តមាននៅសាកលវិទ្យាល័យដើមី្បចាប់យកនិងសម្រួចជំនាញឯកទេសដែលខ្លួនពេញចិត្ត និងប្រទេសជាតិកំពុងត្រូវការ។

    ថ្នាក់ដឹកនាំបានជូនពរដល់ប្អូនៗនិសិ្សតទាំងអស់ សូមមានសុខភាពល្អ និងជោគជ័យក្នុងការសិក្សា។