(ITC-Phnom Penh)៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានជួបសំណេះសំណាជាមួយ លោក កឹម ចាន់ប៉ាលី និង លោក កែវ មករា ដែលជាអតីតនិសិ្សតតិចណូ និងជានិសិ្សតជំនាន់ទី១ ផ្នែកនុយក្លេអ៊ែរស៊ីវិល នៅសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University នៅសហព័ន្ធរុសី្ស។
ឯកឧត្តមបានកើតសរសើរចំពោះការខិតខំសិក្សារៀនសូត្រនៅឯនាយសមុទ្ររហូតទទួលបានជោគជ័យក្នុងកម្រិតបរិញ្ញាបត្រ។ ឯកឧត្តមក៏បានបញ្ជាក់ថា នេះជាជ័យជំនះមួយសម្រាប់ប្អូនក៏ដូចជាប្រទេសជាតិយើងដែរ តែដើមី្បឱ្យចំណេះដឹងនេះកាត់តែមុតស្រួច ការបោះជំហ៊ានទៅចាប់យកការសិក្សាថ្នាក់បញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតជារឿងសំខាន់។ ឱកាសការងារសម្រាប់ប្អូនទាំងពីរពិតជាមិនពិបាកទេ នៅក្នុងបរិបទបច្ចុប្បន្ននៅកម្ពុជា ព្រោះថាថាមពលនុយក្លេអ៊ែរដែលបម្រើឱ្យវិស័យស៊ីវិលពិតជាមិនអាចខ្វះបានឡើយសម្រាប់យើង។
ជាការឆ្លើយតប ប្អូនៗទាំងពីរក៏បានអរគុណឯកឧត្តមនាយកដែលបានយកចិត្តទុកដាក់ចំពោះធនធានបញ្ញាវ័ន្តជំនាន់ក្រោយដែលបានសម្រេចចិត្តត្រលប់មកកាន់ស្រុកកំណើតវិញ។ អ្នកទាំងពីរក៏បានយល់ឃើញដូចគ្នាដែរថាការបន្តការសិក្សាដើមី្បពង្រឹងចំណេះដឹងផ្នែក Nuclear Power Engineering and Thermal Physics ពិតជាសំខាន់សម្រាប់កសាងឱ្យបានវិស័យមួយនេះនាពេលអនាគតលើទឹកដីសុវណ្ណភូមិរបស់យើង។