INSTITUTE OF TECHNOLOGY OF CAMBODIA

Category: News

  • អ្នកស្រាវជ្រាវរុសី្សពីររូបបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

    អ្នកស្រាវជ្រាវរុសី្សពីររូបបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

    (ភ្នំពេញ) ៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានទទួលជួបសម្តែងការគួរសមជាមួយអ្នកស្រាវជ្រាវរុសី្សពីររូប៖ លោកស្រីសាស្រ្តាចារ្យ NUGMANOVA T. A. ប្រធានក្រុមហ៊ុន Bioin-Novo Ltd ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ូស្គូ និងសាខានៅប្រទេសអាល្លឺម៉ង់ និងលោក IANUSKEVICH IVAN ប្រធានក្រុមហ៊ុន Research & Production WTP Co., Ltd។

    អ្នកស្រាវជ្រាវទាំពីររូបបានអញ្ជើញមក ជាមួយនឹងវត្តមានរបស់ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងគោលបំណងសុំកិច្ចសហការនិងគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា ទៅលើសកម្មភាពស្រាវជ្រាវក្រោមប្រធានបទ៖ “Zero Waste Agrotechnology” កែច្នៃប្រើប្រាស់ឡើងវិញនូវកាកសំណល់ពីផលិតកម្មកសិកម្មផ្សេងៗ។

    គួរកត់សម្គាល់ថា ពួកគាត់បាននាំមកនូវសារធាតុ Chlorella ១០០០លីត្រ មកប្រទេសកម្ពុជា និងបានសម្អាតទឹកកាកសំណល់ (កខ្វក់) បានចំនួន២៥ពាន់ម៉ែត្រគូប កាលពីឆ្នាំមុន។

    ម៉្យាងវិញទៀតចាប់ពីប៉ុន្មានឆ្នាំកន្លងទៅនេះ ផលជះនៃសិប្បកម្មផលិតដំណាប់ស្វាយ នៅក្នុងប្រទេសកម្ពុជា គឺកាកសំណល់ដូចជាសំបកស្វាយ ទឹកកខ្វក់ហូរចាក់ទៅក្នុងបឹងនិងទន្លេ បានប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវិតសត្វ-រុក្ខជាតិ គួរអោយកត់សម្គាល់។

    នេះជាមូលហេតុមួយក្នុងចំណោមបញ្ហប្រឈមមួយចំនួនទៀត ដែលក្រសួងបរិស្ថាន ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងផ្តោតការយកចិត្តទុកដាក់។

    គម្រោងនេះបានចាប់ផ្តើមនៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មរួចហើយ តែនៅក្នុងមុំនៃ R & D វិសាលភាពនៃគម្រោងទាមទារចំនួននិសិ្សតច្រើនចូលរួម ដូច្នេះហើយបានជាអ្នកស្រាវជ្រាវទាំងពីររូបចង់សុំកិច្ចគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី នៃក្រសួងអប់រំ និងកីឡា និងកិច្ចចូលរូមសហការពីឯកឧត្តមនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    ជារួម ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានទទួលយកការស្នើសុំនេះ និងបានអរគុណ ចំពោះការចូលរួមស្រាវជ្រាវ ដែលអាចផ្តល់ផលវិជ្ជមានដល់ការការពារបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ។ ឯកឧត្តមបានសន្យាថានឹងគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី ដើមី្បសុំការគាំទ្រ ក៏ដូចជាសុំការសហការពីឯកឧត្តមនាយកនៃសាលាតិចណូ។

  • គណៈប្រតិភូជាន់ខ្ពស់ជប៉ុនបានអញ្ជើញធ្វើទស្សនកិច្ចនៅសាលាតិចណូ

    គណៈប្រតិភូជាន់ខ្ពស់ជប៉ុនបានអញ្ជើញធ្វើទស្សនកិច្ចនៅសាលាតិចណូ

    (វបក-ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីសភាជប៉ុន ដឹកនាំដោយលោក DOKO Shigeru។ ក៏មានតំណាងស្ថានទូតជប៉ុន ប្រធានអង្គការJICA ប្រចាំនៅកម្ពុជា លោកនាយករង លោកសាស្រ្តាចារ្យ នៃសាលាតិចណូ បានអញ្ជើញចូលរួមផងដែរ។

    ជាកិច្ចចាប់ផ្តើមប្រធានគណៈប្រតិភូបានជម្រាបថាគោលបំណងសំខាន់នៃវត្តមានរបស់ប្រតិភូជប៉ុនថ្ងៃនេះគឺចង់ដឹងពីវឌ្ឍនភាពនៃសាលាតិចណូនិងចង់ដឹងថាជំនួយរបស់ជប៉ុនអាចជាកំលាំងចលករជួយរុញការអភិវឌ្ឍនៃគ្រឺះស្ថានឧត្តមសិក្សាមួយនេះដែរឬទេ។

    ជាការឆ្លើយតប ឯកឧត្តមបណ្ដិត បានជម្រាបដោយសង្ខេបនូវគម្រោងធំៗមួយចំនួនរបស់ជប៉ុនដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់សាលាតិចណូ ដូចជា៖ AUN-Seed-Net, ការបើកឡើងវិញ មហាវិទ្យាល័យរ៉ែនិងភូគព្ភសាស្រ្ត (Kyushu University-Prof. Watanabe), ការកសាងមជ្ឍមណ្ឌលស្រាវជ្រាវនិងនាវនុវត្ត (ក្រោមជំនួយ Japan’s Grant-Aid), គម្រោង Satreps 1 & 2, និងគម្រោង LBE។

    តំណាងគណៈប្រតិភូបានអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចនិងបានកោតសរសើរចំពោះធនធានមនុស្សខ្មែរដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេសជប៉ុន និងក្នុងតំបន់តាមរយៈ AUN-Seed-Net បានត្រលប់មកបម្រើការងារនៅក្នុងសាលាតិចណូដើមី្បពង្រឹងគុណភាពនៃការបង្រៀននិងអភិវឌ្ឍន៍ការស្រាវជ្រាវ។

  • មន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (ហៅកាត់ថា KHEOBS) បានចាប់កំណើតនៅសាលាតិចណូ

    មន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (ហៅកាត់ថា KHEOBS) បានចាប់កំណើតនៅសាលាតិចណូ

    (ITC-Phnom Penh): នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំង (Institut de Recherche pour le Développement-IRD) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (Khmer Earth Observation (KHEOBS) Laboratory)។

    ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា Jacques PELLET, លោកស្រី Valérie VERDIER ប្រធានវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំង, លោកស្រី នៅ សុខម៉ាឌី តំណាងលោក ហេង គ្រេង ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តនៃអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំយុវជននិងកីឡា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    ក៏មានការចូលរួមងដែរពី អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ និងលោកសាស្រ្តាចារ្យ សំខាន់ៗមួយចំនួន។

    មន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (ហៅកាត់ថា KHOEBS) គឺជាមជ្ឈមណ្ឌលចាប់សញ្ញាពីចម្ងាយដំបូងគេនៅ ITC ។ KHEOBS ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំង (IRD) ក្នុងគោលបំណងបង្កើតការសហការគ្នារវាងភាគីពាក់ព័ន្ធផ្សេងៗគ្នាក្នុងការចាប់សញ្ញាពីចម្ងាយ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ានទាំងមូល។
    គួរដឹងថាយើងពឹងផ្អែកលើទឹក ដីមានជីជាតិ និងព្រៃឈើ ក្នុងចំណោមធនធានផ្សេងទៀត ដើម្បីផ្គត់ផ្គង់តម្រូវការរបស់យើង ហើយយើងកាន់តែដឹងអំពីថាតើធនធានធម្មជាតិទាំងនេះងាយរងគ្រោះប៉ុណ្ណា។ ដូច្នេះតាមរយៈទិន្នន័យពីចម្ងាយនេះ យើងអាចប្រើប្រាស់ដើម្បីគ្រប់គ្រងធនធានធម្មជាតិទាំងនេះប្រកបដោយប្រសិទ្ធភាព។ សព្វថ្ងៃនេះ យើងប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប កុំព្យូទ័រ និងបច្ចេកវិទ្យាទំនាក់ទំនងកម្រិតខ្ពស់ ដើមី្បទាញយក។ លទ្ធផលដែលបានមកពីការបច្ចេកវិទ្យានេះចូលរួមយ៉ាងខ្លាំងក្នុងការការពារបរិស្ថាន នឹងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

    រីឯលោកស្រីប្រធានវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំងក៏បានអរគុណដល់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានស្វាគមន៍នឹងគាំទ្រដល់សកម្មភាពរបស់ IRD។ លោកស្រីសង្ឈឹមថាស្ថាប័នទាំងពីរនឹងធ្វើការជាមួយគ្នាដើមី្បពង្រឹងវិស័យស្រាវជ្រាវ។ សម្រាប់ពេលនេះគំរោងថ្មីអាចនឹងស្រូបយកនិសិ្សតកំរិតបណ្ឌិតម្នាក់ជាមួយនឹងកម្មវិធីCotutelleជាមួយសាកលវិទ្យាល័យ Montpellier និងនិសិ្សតMasterពីរនាក់។

    ឯកឧត្តមនាយកក៏បានជម្រាបជូនប្រតិភូពីការរីកចំរើននៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលបានចេញដំណើរពីចំនុចមួយគ្មានអ្វីទាំងអស់ ទាំងសម្ភារនិងធនធានមនុស្ស រហូតមកដល់ពេលនេះមានភាពស្មើមុខស្មើមាត់ជាមួយគ្រឹះស្ថានឧត្តមសិក្សាក្នុងតំបន់និងអន្តរជាតិ។ ការបង្រៀននិងរៀន ពិតជាមានសារៈសំខាន់ តែអ្វីដែលចាំបាច់សម្រាប់សាកលវិទ្យាល័យនោះគឺការស្រាវជ្រាវ។ ដូច្នេះ មន្ទីរពិសោធន៍អង្កេតផែនដីខ្មែរ ពិតជាដើរតួនាទីសំខាន់ ជាមួយគម្រោងផ្សេងៗទៀត ក្រោមឆ័ត្រ ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី ប្រទេសបរាំង ប្រទេសជប៉ុន និងដៃគូផ្សេងៗ ដើមី្បលើកកំពស់ការស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់។

    ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងបានសម្តែងនូវការសប្បាយរីករាយចំពោះវឌ្ឍភាពរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងអរគុណដល់ IRD ដែលបាននាំយកមកនូវមន្ទីរពិសោធន៍អង្កេតផែនដីខ្មែរ មកដាក់នៅក្នុងសាលាតិចណូ ដែលត្រូវទៅនឹងបរិបទ ដែលពិភពលោកកំពុងចាប់អារម្មណ៍បង្កើតភាពជាដៃគូជាមួយ អាស៊ាន។ ឯកឧត្តមបានស្នើឱ្យសាលាតិចណូតាមរយៈទីពិសោធន៍ថ្មីនេះធ្វើការជាមួយវិទ្យស្ថានបារាំងនៅកម្ពុជា Institut Français du Cambodge (IFC) ធ្វើការជាមួយគ្នាដើមី្បរៀបចំការតាំងពិព័ណ៌រូបថតសំខាន់ៗនាពេលខាងមុខ។

    បន្ទាប់ពីពិធីសម្ពោធរួចមកប្រតិភូជាន់ខ្ពស់ក៏បានធ្វើទស្សនកិច្ចនៅទីពិសោធន៍សំខាន់ៗមួយចំនួនដូចជា៖ មន្ទីរពិសោធន៍សុខភាពស្រូវ (HealthyRice), មន្ទីរពិសោធន៍គីមីវិទ្យាទឹក គីមីសរីរាង្គ និងជីវគីមី (Water Chemistry, Organic Chemistry and Biochemistry Lab), មន្ទីរពិសោធន៍ ស្រាវជ្រាវបរិស្ថានតំបន់ឆ្នេរនិងដីសើម (Coastal and Wetland Environmental Research Laboratory), មន្ទីរពិសោធន៍ដី (Soil Laboratory)។

    នៅទីបញ្ចប់ ឯកឧត្តមនាយកសាលាតិចណូ និង លោកស្រីប្រធានIRD ក៏បានអញ្ជើញចុះហត្ថលេខាដើមី្បផ្តល់សុពលភាព៥ឆ្នាំបន្តទៀត ដល់អនុសារណៈនៃការយោគយល់គ្នា រវាង ITC និង IRD ។

  • ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយ លោក Cristian Aedo នាយកប្រតិបត្តិផ្នែកអប់រំសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភព

    ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយ លោក Cristian Aedo នាយកប្រតិបត្តិផ្នែកអប់រំសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភព

    (ITC-Phnom Penh)៖ កាលពីថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយ លោក Cristian Aedo នាយកប្រតិបត្តិផ្នែកអប់រំសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភព។

    ក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា លោក បេង ស៊ីមេត អ្នកជំនាញអប់រំជាន់ខ្ពស់នៃធនាគារពិភពលោក, លោកបណ្ឌិត សូយ ទី នាយករងនៃវ.ប.ក., លោកបណ្ឌិត អឿង ចន្ថា នាយករងនៃវ.ប.ក., លោក ងួន កុល្លិកានាយករងនៃវ.ប.ក., លោកបណ្ឌិត ណូ ហ្វាតា អ្នកជំនាញផ្នែកអប់រំនៃធនាគារពិភព, លោក លោក សៀង ផេន ប្រធានការិយាល័យសហប្រតិបត្តិការ, និងលោក អោម សុជា មន្រ្តី M&E នៃគម្រោង HEIP។

    ឯកឧត្តមបណ្ឌិតបានបង្ហាញជូននូវសមិទ្ធិផលនានាដែលបានទទួលផ្លែផ្កាក្នុងក្របខ័ណ្ឌនៃគម្រោងកែលម្អឧត្តមសិក្សារបស់ធនាគារពិភពលោកនៅវ.ប.ក. (២០១៨-២០២៤)។

    បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់ លោក Cristian Aedo បានកោតសរសើរសមិទ្ធិផលសម្រេចបានរបស់វ.ប.ក. ក្នុងបេសកកម្មដ៏លំបាកមួយដែលបានផ្តោតលើវិស័យអាទិភាពសំខាន់ៗ៖ ការស្រាវជ្រាវ ការបោះពុម្ព (លទ្ធផលស្រាវជ្រាវ) និងទំនាក់ទំនងបានល្អជាមួយវិស័យឯកជន។

    នាយកប្រតិបត្តិបានស្នើឱ្យវ.ប.ក.យកចិត្តទុកដាក់បន្ថែមទៀតទៅលើបីចំនុចសំខាន់ៗរួមមាន៖ ១) ការចូលរួមទប់ស្កាត់បម្រែបំរួលអាកាសធាតុ, ២) ការបង្កើតកម្មសិទ្ធិបញ្ញា ដើមី្បការពាររបកគំហើញថ្មីៗរបស់វ.ប.ក., និង ៣) ការបង្កើតជំនាញថ្មីៗឱ្យចំទីផ្សារត្រូវការ។

    ជាការឆ្លើយតប ថ្នាក់ដឹកនាំវ.ប.ក.បានពន្យល់ក៏ដូចជាបកស្រាយលំអិតទៅលើអ្វីៗដែលយើងបាននិងកំពុងបន្តសកម្មភាពក្នុងផ្នែកទាំងបីខាលើនេះ។

  • លិខិតអញ្ចើញចូលរួមដេញថ្លៃលទ្ធកម្មទំនិញ Request for quotation To Supply Office Equipment:

    លិខិតអញ្ចើញចូលរួមដេញថ្លៃលទ្ធកម្មទំនិញ Request for quotation To Supply Office Equipment:

    ANGEL Erasmus+ Project would like to invite you all for the quotation to supply Office Equipment for “Improve the infrastructure of Techno Incubation Center” project (hereinafter called ANGEL Erasmus+ Project).
    REF: 619421-EPP-1-2020-MY-EPPKA2-CBHE-JP

  • សិក្ខាសាលា ក្រោមប្រធានបបទ៖ “យន្តការ និងការគ្រប់គ្រងបុគ្គលិកអប់រំ តាមប្រព័ន្ធ ឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”​ គាំទ្រពី គម្រោងកែលម្អការអប់រំឧត្តមសិក្សា‌ Higher Education Improvement Project (HEIP)។

    សិក្ខាសាលា ក្រោមប្រធានបបទ៖ “យន្តការ និងការគ្រប់គ្រងបុគ្គលិកអប់រំ តាមប្រព័ន្ធ ឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”​ គាំទ្រពី គម្រោងកែលម្អការអប់រំឧត្តមសិក្សា‌ Higher Education Improvement Project (HEIP)។

    (ITC-កំពង់ចាម)៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ LBN ASIAN HOTEL នៅក្រុងកំពង់ចាម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារៀបចំសិក្ខាសាលាមួយ ក្រោមប្រធានបបទ៖ “យន្តការ និងការគ្រប់គ្រងបុគ្គលិកអប់រំ តាមប្រព័ន្ធ ឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”។

    សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    គួររំលឹកថាការរៀបចំកម្មវិធីនេះអាចប្រព្រឹត្តិទៅបានគឺដោយមានការគាំទ្រពី គម្រោងកែលម្អការអប់រំឧត្តមសិក្សា‌ Higher Education Improvement Project (HEIP)។

    ក៏មានការចូលរួផងដែរពីលោកនាយករង លោកទីប្រឹក្សា លោកព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង លោកសាស្រ្តាចារ្យ និងបុគ្គបុគ្គលិកសរុបទាំងអស់ ៦៥នាក់។

    នាឱកាសបើកសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា៖ “យោងទៅលើស្ថានភាពបច្ចុប្បន្ននៃគ្រឹះស្ថានរបស់យើង ដែលមានការកើនឡើងនៃធនធានមនុស្សមិនឈប់ឈរ ក៏ដូចជាកំណើននៃការហូរចូលឯកសាររដ្ឋបាលផ្សេងៗទាក់ទងនឹងដំណើរការនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដូច្នេះយើងត្រូវការមានប្រព័ន្ធគ្រប់គ្រងមួយដោយផ្អែកលើប្រព័ន្ធឌីជីថល ជាឆ្អឹងខ្នង”។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “ការរៀបចំប្រព័ន្ធនេះពិជាសំខាន់សម្រាប់ស្ថាប័នយើង ដែលនាពេលអនាគតនឹងក្លាយទៅជា គ្រឹះស្ថានសាធារណៈរដ្ឋបាល” (PAI)។

    ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណដល់លោកនាយករង និងក្រុមការងារដែលបានខិតខំធ្វើការរហូតដល់អាចរៀបចំកម្មវិធីនេះ ដែលជាឱកាសដ៏សំខាន់ ក្នុងការប្រមូលធាតុចូល ក្នុងគោលដៅខាងលើ។

  • លោកស្រី Sandrine BOUCHER ប្រធាន AFD ធ្វើទស្សនកិច្ចនៅសាលាតិចណូ/Visite de Mme Sandrine BOUCHER à l’ITC

    លោកស្រី Sandrine BOUCHER ប្រធាន AFD ធ្វើទស្សនកិច្ចនៅសាលាតិចណូ/Visite de Mme Sandrine BOUCHER à l’ITC

    (ITC-ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមនាយកបានជម្រាបជូនភ្ញៀវពីសាលាតិចណូ ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ក៏ដូចជាបេសកកម្មរបស់គ្រឹះស្ថានឧត្តមសិក្សាមួយនេះ។

    បន្ទាប់មកទៀតសាលាក្រោយឧត្តមនិងមជ្ឍមណ្ឌលស្រាវជ្រាវនិងនវានុវត្តក៏បានបង្ហាញនូវសកម្មភាពរបស់ខ្លួនជូនភ្ញៀវរបស់យើងដែរ ដោយកញ្ញាបណ្ឌិត EK Pichmony និងលោកស្រីបណ្ឌិត TAN Reasmey។

    បើយោងតាមរបាយការណ៍សង្ខេបរបស់មហាវិទ្យាល័យវារីសាស្រ្ត ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់២០២២ អាហារូបករណ៍ថ្នាក់ម៉ាស្ទ័រ AFD-EU ចំនួន៩៧/ស្រី៤៣ បានផ្តល់ជូននិសិ្សតនិងមន្ត្រីរាជការផ្នែកធនធានទឹក មកពីក្រសួងមន្ទីរនានាទូទាំងប្រទេស។

    ជាកាឆ្លើយតប លោកស្រីបានជម្រាបជូនអង្គប្រជុំពេលគាត់មកកាន់តំណែងគាត់ឮគេនិយាយច្រើនគ្នាពីសាលាតិចណូ។ ដូច្នេះខ្ញុំសង្ឃឹមថាការធ្វើទស្សនកិច្ចរបស់ខ្ញុំថ្ងៃនេះពិតជានឹងនាំខ្ញុំឱ្យយល់កាន់តែច្បាស់ អំពីអ្វដែលសាលាតិចណូអាចធ្វើបាន។ លោកស្រីបានអរគុណចំពោះការសហការដ៏ល្អពីសាលាតិចណូ និងត្រៀមខ្លួនបន្តសហប្រតិបត្តិការតទៀត។